
កំពត៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសុំឲ្យពលរដ្ឋយោគយល់អំពីការខូចខាតផ្លូវជាតិលេខ៣ប្រវែង២០គីឡូម៉ែត្រពីខេត្តកំពតទៅវាលរេញ ខណៈក្រសួងកំពុងតែខិតខំស្វះស្វែងរកជំនួយថវិកាដើម្បីស្តារផ្លូវមួយនេះឲ្យបានជាប់បានយូរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងអំឡុងពេលចុះត្រួតពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប៥៤គីឡូម៉ែត្រកាលពីព្រឹកថ្ងៃទី២៩ ខែមីនាថា ផ្លូវមួយខ្សែនេះគឺពិតជាផ្តល់ផលលំបាកក្នុងការស្តារឲ្យជាប់ឡើងវិញ ដោយសារតែផ្លូវនេះមានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រនៅផ្នែកខាងក្រោម ដែលតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ១៨ម៉ែត្រ និងត្រូវចាក់បេតុង២៧សង់ទីម៉ែត្រទើបធ្វើឲ្យផ្លូវមួយនេះរឹងមាំបានយូរ។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ ផ្លូវប្រវែង២០គីឡូម៉ែត្រនេះ កន្លងមកក្រសួងក៏ធ្លាប់បានសហការជាមួយក្រុមហ៊ុនដៃគូស្តារ និងជួសជុលផ្លូវមួយនេះដែរ ប៉ុន្តែធ្វើទៅតាមថវិកាដែលកម្ពុជាមាន និងដៃគូផ្តល់ឲ្យ។ ដើម្បីស្តារផ្លូវនេះឲ្យជាប់រឹងមាំបានយូរអង្វែង ក្រសួងសាធារណការបានសហការជាមួយក្រុមហ៊ុនCRB និងបានធ្វើលិខិតស្នើសុំជំនួយពីចិនបន្ថែមទៀតដើម្បីស្តារតាមបែបស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ។

ឯកឧត្តម ស៊ុន ចាន់ថុលបានបញ្ជាក់ថា ដើម្បីស្តារកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រឲ្យជាប់បានយូរ គឺក្រសួងត្រូវការថវិកាប្រមាណពី៦០ទៅ៧០លានដុល្លារអាម៉េរិកបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការបានថ្លែងដូច្នេះថា៖«ក្រសួងកំពុងតែខិតខំប្រឹងប្រែងស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះ អាសន្ន រហូតទាល់តែក្រសួងទទួលបានថវិកាសម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង»។
ដើម្បីឲ្យផ្លូវមួយនេះអាចប្រើប្រាស់បានយូរ ឯកឧត្តម ស៊ុន ចាន់ថុលបានអំពាវនាវដល់អ្នកដឹកជញ្ជូន និងអ្នកបើកបរទាំងឡាយ កុំដឹកទំនិញលើសទម្ងន់៕










