
ភ្នំពេញ៖ ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពត ប្រវែងសរុប១៣៤គីឡូម៉ែត្រនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលថ្លែងក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ យានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅខេត្តកំពត គឺចែកចេញជាពីរផ្នែក គឺពីភ្នំពេញទៅបែកគូស ប្រវែង៧០គីឡូម៉ែត្រ ពង្រីកពី២គន្លង ទៅ៤គន្លង ពីបែកគូស ទៅកំពតពង្រីក១២ម៉ែត្រ។ ផ្លូវលេខ៣ ពីកំពត ទៅវាលរេញប្រវែង៥៤គីឡូម៉ែត្រ ក្នុងនោះ៣៤គីឡូម៉ែត្រត្រូវបានធ្វើតាមស្តង់ដារបច្ចេកទេសល្អត្រឹមត្រូវ និង២០គីឡូម៉ែត្រទៀត គឺធ្វើមុខ ខូចក្រោយ និងធ្វើក្រោយ ខូចមុខ។
«ធ្វើមិនចេះចប់ ដោយសារយើងធ្វើខុសលក្ខណៈបច្ចេកទេស ហើយមិនមានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់ផ្លូវ២០គីឡូម៉ែត្រនៅវាលរេញនេះ គឺយើងត្រូវសាងសង់វ៉ៃគ្រឹះវា ៥គីឡូម៉ែត្រ ១៨ម៉ែត្រខាងក្រោម គឺជាដីស្អុយ និងទន់ទាំងអស់។ ដូច្នេះធ្វើយ៉ាងណាក៏មិនជាប់ដែរ លុះត្រាតែយើងវ៉ៃគ្រឹះ៥គីឡូម៉ែត្រ ដូចធ្វើស្ពានក្រោមដីអ៊ីចឹង ទើបវាជាប់។ ១៥គីឡូម៉ែត្រទៀតគឺត្រូវសារើឡើងវិញ រៀបចំ ហើយចាក់បេតុង ទើបផ្លូវ២០គីឡូម៉ែត្រនេះរឹងមាំ លែងធ្វើមុខ ខូចក្រោយ ធ្វើក្រោយ ខូចមុខទៀតហើយ»។ នេះជាការថ្លែងរបស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងស្នើសុំថវិកាពីចិន ដើម្បីស្តារផ្លូវ២០គីឡូម៉ែត្រ ពីកំពត ទៅវាលរេញ។ ឯកឧត្តមបានសុំឱ្យពលរដ្ឋ យោគយល់នៃការខូចខាតផ្លូវ២០គីឡូម៉ែត្រនេះ។ ឯកឧត្តមបានបេ្តជ្ញាថា ក្រសួងនឹងខិតខំយកថវិកាមកឱ្យបានលឿនជាទីបំផុត ដើម្បីសាងសង់ផ្លូវ២០គីឡូម៉ែត្រឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីខែឧសភា ឆ្នាំ២០១៨។ ផ្លូវជាតិលេខ៣ នេះចំណាយទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាម៉េរិកដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។នៅតាមផ្លូវជាតិលេខ៣នេះ គឺក្រសួងសាធារណការក៏បានបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃចំនួន ១០ទីតាំងផងដែរ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបចំនួន២ទីតាំង ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនីផងដែរ៕









