សម្តេច ហ៊ុន សែន៖ កំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពតនឹងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ
SoKeng
02 មីនា 2022 08:00 AM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ-កំពត ប្រវែងជិត១៣៥គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ សម្រាប់សម្តេច ផ្លូវជាតិលេខ៣នេះ គឺជាផ្លូវដ៏សំខាន់សម្រាប់បម្រើផលប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផ្សេងៗទៀត។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ផ្លូវជាតិលេខ៣ដែលប្រើប្រាស់ថវិកាសាងសង់អស់ចំនួន២៥២លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននេះ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់សម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត​ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។ ទន្ទឹមនោះ ផ្លូវមួយនេះក៏ក្លាយជា ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពត គឺជាផ្លូវរបៀងមាត់សមុទ្រ ដែលតភ្ជាប់ពីសមុទ្រកម្ពុជា ទៅសមុទ្រប្រទេសវៀតណាម។

សម្តេចតេជោបានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលើការកំណត់ល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ ជាពិសេសរៀបចំឲ្យមានការដាក់កាមេរ៉ាចាប់ល្បឿន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសចរាចរណ៍ផ្សេងៗ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងអំឡុងសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះមានពលរដ្ឋមួយចំនួនរងប៉ះពាល់ តែយ៉ាងណារាជរដ្ឋាភិបាលបានដោះស្រាយលើផលប៉ះពាល់នេះជូនដល់ពលរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ផ្លូវជាតិលេខ៣នេះ គឺជាផ្លូវមួយដែលពិបាកក្នុងការសាងសង់ ដោយសារផ្លូវមួយនេះគឺត្រូវជីក និងចាក់គ្រឹះដល់់១៨ម៉ែត្រចុះទៅក្រោមដី ទើបផ្លូវមួយនេះមានគុណភាពរឹងមាំ។ សម្តេចសង្ឃឹមថា ផ្លូវមួយនេះនឹងមិនក្លាយជាផ្លូវសម្រាប់ឲ្យពលរដ្ឋបន្ទោរបង់ឡើយ។  

កំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ ទៅកំពតនេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងដោយប្រើរយៈពេល៣៤ខែ​ ចាប់តាំងពី ខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២១។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មេត្តាកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់ ត្រូវគោរពច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរដោយមានជាតិស្រវឹង បើកបរដោយមានការទទួលខុសត្រូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត