រដ្ឋមន្ត្រីសាធារណការ អំពាវនាវប្រជាពលរដ្ឋ និងក្រុមហ៊ុន កុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់
SBM News
29 មីនា 2022 03:00 AM

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដើម្បីចូលរួមធានាការថែរក្សាផ្លូវថ្នល់ ឱ្យបានគង់វង្ស ប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាលដែលរកបានដោយលំបាក។ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានអំពាវនាវបែបនេះ ក្នុងពេលដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ របស់ ខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរម្លឹកឡើងវិញនូវរូបមន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករេចរិលមុនអាយុកាល។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់ ៣០ តោន យក៣០x៣០ស្មើនឹង៩០០ យក៩០០x៣០ស្មើនឹង២៧.០០០ យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវយើង។

នៅការចុះពិនិត្យគុណភាពផ្លូវនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញចុះធ្វើតេស្តគុណភាពស្រទាប់ផ្លូវថាតើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់បច្ចេកទេសម៉ាស៊ីនចល័តប្រភេទFWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេសរបស់ក្រសួង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្រសួងបានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវដែលប្រើបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាម៉េរិកចំនួនពីរគ្រឿង ដើម្បីធានាឱ្យការសាងសង់ផ្លូវនៅកម្ពុជាមានគុណភាពរឹងមាំជាប់បានយូរអង្វែង។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% ហើយ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបជូនផងដែរថា កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត