
អាយ៉ៃ គឺជាទម្រង់សិល្បៈបុរាណខ្មែរមួយដែលអ្នកច្រៀងមានភាពប៉ិនប្រសប់ខាង ជើងកាព្យ ចុងជួន សំនួនពាក្យ និង ចង្វាក់ភ្លេង ពូកែពាក្យសម្តី ក្រឡុកអត្ថន័យឆ្លើយឆ្លងជាមួយដៃគូបង្កប់ទៅដោយអត្ថន័យអប់រំ និងប្រកបដោយភាពសប្បាយរីករាយជូនអ្នកស្តាប់ និងអ្នកទស្សនា។ បើរម្លឹកទៅដល់ខាងចម្រៀងអាយ៉ៃ ច្បាស់ណាស់មិនថាអ្នកជំនាន់មុនឬអ្នកជំនាន់ក្រោយនឹងនឹកឃើញទៅដល់សិល្បករដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺលោក ព្រហ្ម ម៉ាញ មុនគេដែលជាសិល្បករឆ្នើមប៉ិនប្រសប់ខាងជំនាញនេះ។
យ៉ាងណាមិញ SBM NEWS នឹងជម្រាបជូនពីប្រវត្តិត្រួសៗរបស់លោក ព្រហ្ម ម៉ាញ ពីដំណើរដើមចមជីវិតរបស់លោក ជាសិល្បករជើងចាស់មួយរូបឆ្លងកាត់សម័យកាលខ្មែរក្រហម និងជាធនធានកម្រខាងចម្រៀងអាយ៉ៃ។

លោក ព្រហ្ម ម៉ាញ ហៅ ស្មៀន ម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ កើតឆ្នាំ១៩៥០ ក្នុងត្រកូលគ្រួសារកសិករធម្មតាមួយ និង បានរៀនសូត្រនៅសាលាធម្មតាដូចក្មេងដទៃទៀតក្នុងភូមិ។ ក្នុងឆ្នាំ២០២២នេះ លោកមានអាយុ៧២ឆ្នាំ ព្រមទាំងប្រឡូកលើវិស័យសិល្បៈអស់ជាង៥ទសវត្សរ៍មកហើយ។ លោកបានបោះជំហានដំបូងលើវិថីសិល្បៈក្នុងឆ្នាំ១៩៧០ ដែលកាលណោះទើបតែមានអាយុ២០ ឆ្នាំប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្នុងគ្រួសាររបស់លោក ព្រហ្ម ម៉ាញ ដែលមានបងប្អូនទាំងអស់៤នាក់សុទ្ធតែប្រុស មិនមាននរណាម្នាក់មានជំនាញដូចលោកឡើយ ដោយបងប្រុសទី១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ ជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកជាកីឡាករប្រដាល់។
តែគួរឱ្យសោកស្តាយ ក្រុមគ្រួសារ បងប្អូនប្រុសលោកត្រូវបាត់បង់ជីវិតទាំងអស់នៅជំនាន់ប៉ុលពត មានតែលោកម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវីតពីសោកនាដកម្មរបបខ្មៅងងឹតឆ្នាំ១៩៧៥-១៩៧៩។

ឆ្លងកាត់សម័យកាលនោះហើយ លោក ព្រហ្ម ម៉ាញ បានបោះជំហានចូលសិល្បៈម្តងទៀត នៅអាយុ៣០ឆ្នាំរហូតមកទល់បច្ចុប្បន្ន ជាអ្នកចម្រៀងអាយ៉ៃដែលមានកេរ្តិ៍ឈ្មោះល្បី សុះសាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ព្រមទាំងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជនទាំងក្មេងចាស់ ប្រុស ស្រី ហើយដៃគូដ៏ស៊ីចង្វាក់របស់លោកគឺអ្នកស្រី នួន សារី ហៅ យាយយ៉យ។
តាមការទម្លាយផ្ទាល់ពីលោក ព្រហ្ម ម៉ាញ បានឱ្យដឹងថា ជើងកាព្យ ចុងជួន សំនួនពាក្យ ដែលមហាជនតែងសរសើរគឺលោកបានរៀនសូត្រចំណេះពីសៀវភៅច្បាប់ក្រមង៉ុយ ដែលប្រកបទៅដោយតម្លៃអប់រំ។
មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមើលឃើញពីអ្នកជំនាន់ក្រោយមិនសូវប្រឡូកក្នុងវិស័យខាងចម្រៀងអាយ៉ៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ សិល្បករឆ្នើមលោក ព្រហ្ម ម៉ាញ បានបង្កើតសាលាបង្រៀនផ្នែកសិល្បៈបុរាណ ពោលគឺបង្កើតសាលាបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដោយឥតគិតថ្លៃ ដល់កូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាក៏ដូចជាដើម្បីចួលរួមថែរក្សា និងលើកស្ទួយនូវសិល្បៈបុរាណខ្មែរ។

បច្ចុប្បន្ននេះ សិល្បករអាយ៉ៃជើងចាស់រូបនេះមានទីលំនៅ នៅរាជធានីភ្នំពេញ ដោយបន្តអាជីពជាអ្នកអាយ៉ៃដដែល និងសម្ដែងភាពយន្តម្ដងម្កាល។ តែអ្វីដែលជារឿងដ៏តក់ស្លុតនោះគឺ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ គឺតារាចម្រៀងអាយ៉ៃរូបនេះ បានដួលសន្លប់ស្ដូកស្ដឹង ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។ យ៉ាងណាមិញ លោកព្រហ្ម ម៉ាញ កំពុងសម្រាកព្យាបាល ឯស្ថានភាពជំងឺក៏បានប្រសើរឡើងជាបន្តបន្ទាប់៕







