
កើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិគ្មានអ្វីអាចកែប្រែបាន។ ទោះបីជាដឹងមុនថាមនុស្សម្នាក់ៗ ជៀសមិនផុតពីសេចក្តីស្លាប់ក្តី ប៉ុន្តែរឿងរ៉ាវខ្លះៗធ្វើឱ្យមនុស្សជុំវិញខ្លួនមិនអស់អាល័យដោយសារមច្ចុរាជឆាប់ផ្តាច់ជីវិតពួកគេលឿនពេក។
តួយ៉ាងដូចជាតារាល្បីឈ្មោះប្រចាំសិល្បៈកម្សាន្តថៃនេះអ៊ីចឹង បានលាមនុស្សជាទីស្រលាញ់ លាអ្នកគាំទ្រទាំងវ័យក្មេងបន្សល់ត្រឹមភាពសោកស្តាយយ៉ាងក្រៃលែង។
១. Thrisadee Sahawong (ទ្រីសាឌី សាវង្ស) ហៅ Por (ប៉)
តួឯកល្បីឈ្មោះរូបនេះបានធ្វើឱ្យសង្គមថៃ រួមទាំងបណ្តាអ្នកគាំទ្រកម្ពុជាផង សោកស្តាយចំពោះលោកជាពន់ពេកដែលលោកបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្នុងវ័យ៣៥ ឆ្នាំដោយសារតែជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

២. Butsaran Thongchiew (ប៊ុតសារ៉ន ថងចៀវ) ហៅ Numtarn (ណុមតាន)
ដោយសារតែជំងឺរបេងច្រមុះ ដែលជាជំងឺកម្រមួយបានផ្តាច់ជីវិតអតីតតារាចម្រៀងរូបនេះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវ័យ២៨ឆ្នាំ ក្រោយពីក្រុមគ្រូពេទ្យព្យាបាលអស់ពីលទ្ធភាព នៅតែមិនអាចជួយសង្រ្គោះបាន។


៣. Hem Hemmawat (ហេម ហមម៉ាវ៉ាត់)
ព្រោះតែមានជំងឺបាក់ទឹកចិត្ត និងបញ្ហាហិរញ្ញវត្ថុបណ្តាលឱ្យតារាប្រុសវ័យក្មេងរូបនេះ សម្រេចបញ្ចប់ជីវិតខ្លួនឯង ចងកសម្លាប់ខ្លួនក្នុងបន្ទប់ខុនដូរនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងវ័យ៣១ឆ្នាំ។


៤. Tangmo Nida (តាំងម៉ូ នីដា)
មរណភាពតារាស្រីរូបនេះផ្អើលទូទាំងប្រទេសថៃរួមទាំងបណ្តាប្រទេសមួយចំនួនទៀត រួមទាំងនាយករដ្ឋមន្រ្តី លោកប្រាយុទ្ធ ចាន់អូចា ផងដែរ។ រូបនាងបានធ្លាក់ចូលទន្លេចៅផ្រៈយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ទើបស្វែងរកសាកសពឃើញ។ ចំពោះរឿងនេះគេនៅមិនទាន់បញ្ជាក់បាននៅឡើយទេសម្រាប់តារាស្រីវ័យ៣៧ឆ្នាំខាងលើនេះថាជាករណីឃាតកម្ម ឬជាករណីឧប្បត្តិហេតុ៕




