
ករណីការស្លាប់របស់តារាស្រីល្បីឈ្មោះ តេងម៉ូ (Tang Mo) បានអូសបន្លាយដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្របពេលរឿងនេះមិនទាន់បិទក្ដី១០០ភាគរយនៅឡើយទេ ដោយខាងមន្រ្តីប៉ូលិសកំពុងរកភស្តុតាង នឹងដំណើររឿងក្ដីជាបន្តទៀត។យ៉ាងណាមិញ រឿងរ៉ាវផ្ទុះកក្រើកនេះ បានជំរុញឱ្យអ្នកតាមដានទាំងក្នុងប្រទេស និងក្រៅប្រទេស ពិតជាចង់ដឹងខ្លាំងណាស់ ថាតើការស្លាប់តារាវ័យ៣៨ឆ្នាំខាងលើ ជាករណីឃាតកម្ម ឬជាករណីឧប្បត្តិហេតុ ក្រោយរកឃើញភស្តុតាង និងសង្ស័យជាច្រើនករណី។

ទន្ទឹមនឹងដំណើរការរឿងក្ដី ការរៀបចំពីធិបុណ្យសពរបស់នាង ក៏បានរៀបចំឡើងយ៉ាងស្រស់ស្អាត តាមអ្វីដែលតារាស្រីរូបនេះធ្លាប់បង្ហើបប្រាប់ថា ចង់ឱ្យគ្រប់គ្នាចងចាំតែភាពស្រស់ស្អាតរបស់នាង ប៉ុន្តែផ្ទុយទៅវិញ មហាជនបានត្រឹមស្រណោះមិនគួរនាងឃ្លាតទៅទាំងសភាពបែបនេះសោះ។ សូមបញ្ជាក់ថា បុណ្យសពតារាស្រី តេងម៉ូ ប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនានេះ ប៉ុន្តែពិធីធ្វើឡើងដោយគ្មានសព តេងម៉ូ ឡើយ ដោយសពរក្សានៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៤ ខែមីនា ទើបបញ្ចុះសព។
គួរបញ្ជាក់ផងដែរថា សាកសពតារាស្រី តេងម៉ូ បានរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ក្រោយធ្លាក់ទឹក បាត់ខ្លួននៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ដោយចំណាយពេលរុករកយ៉ាងស្វិតស្វាញជាង៣៨ម៉ោង៕

សូមទស្សនារូបភាពខាងក្រោម៖













