ស្គាល់ម្ចាស់ទីតាំងបើកល្បែងភ្នាល់អនឡាញដ៏កក្រើកនៅច្បារអំពៅហើយ តែអាជ្ញាធរទំនងជារកផ្លូវទៅបង្ក្រាបមិនឃើញទេ ត្បិតម្ចាស់ទីតាំងមានខ្នងមន្ត្រីគ្រាក់ៗ
អាន ប៊ុនរ័ត្ននៈ
10 មីនា 2022 10:00 AM

(រាជធានីភ្នំពេញ)៖ ទីតាំងល្បែងភ្នាល់បាល់ដ៏ធំនៅខណ្ឌច្បារអំពៅ ពេលនេះត្រូវបានពលរដ្ឋទម្លាយឈ្មោះឱ្យដឹងហើយ និងបានអះអាងថា ម្ចាស់ទីតាំងPH Netដែលមានមន្ត្រីជាន់ខ្ពស់នៅពីក្រោយ បានពង្រីកសាខាជាច្រើនទីតាំងក្នុងសង្កាត់ច្បារអំពៅទី១ ខណៈមានសេចក្តីរាយការណ៍ថា លោកវរសេនីយ៍ទោ ហ៊ុន សុផល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១ ទទួលបានសំណែនយ៉ាងក្រាស់ក្រែលពីម្ចាស់ទីតាំង ទើបស្រវ៉ាំងភ្នែក ត្រចៀកហ៊ឹងមើលមិនឃើញទីតាំង និងស្តាប់មិនឮពលរដ្ឋរាយការណ៍នោះឡើយ…។

ប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅទី១ បានថ្លែងប្រាប់ភ្នាក់ងារ SBM Newsថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងភ្នាល់បាល់តាមអនឡាញ និងក្រុមក្មេងទំនើងចេញចូលទីតាំងដែលមានស្លាកសញ្ញា PH Net ស្ទើរតែរាល់ថ្ងៃយ៉ាងរលូន ដោយគ្មានការព្រួយបារម្ភខ្លាចអាជ្ញាធរចុះបង្ក្រាបនោះឡើយ។ ពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានដាក់ការសង្ស័យជាកន្លែងចែកចាយគ្រឿងញៀនផងដែរ ព្រោះទីតាំងនោះប្រមូលផ្ដុំទៅដោយក្មេងទំនើង ដែលអាចនឹងមានការប្រើប្រាស់គ្រឿងញៀន ក្រៅពីការបើកល្បែងភ្នាល់បាល់អនឡាញ។

លោកវរសេនីយ៍ទោ ហ៊ុន សុផល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១
លោកវរសេនីយ៍ទោ ហ៊ុន សុផល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី១

ប្រភពពលរដ្ឋដែលសុំលាក់អត្តសញ្ញាណ បានបន្ថែមថា បើអាជ្ញាធរនៅបណ្តោយបែបនេះ មិនល្អទេ ព្រោះពួកក្មេងៗទាំងនោះ ខ្លះអាចនឹងមានការប្រព្រឹត្តបទល្មើស ដូចជាអំពើចោរកម្ម ចោរឆក់ ជាដើម ព្រោះតែពួកគេ ត្រូវការលុយយកទៅទិញសារធាតុញៀនប្រើប្រាស់ ឬយកទៅលេងល្បែងភ្នាល់បាល់ជាដើម។ ដូច្នេះ វានឹងកើតមាននៅអសន្តិសុខក្នុងភូមិសង្កាត់ ដែលជារឿងគួរឱ្យបារម្ភបំផុតសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្បារអំពៅទី១ទាំងមូល។ នេះបើយោងតាមការបញ្ជាក់ពីស្ត្រីវ័យចំណាស់ម្នាក់លក់ដូរក្បែរទីតាំងខាងលើទម្លាយចេញ។ 

ដោយឡែក ពលរដ្ឋម្នាក់ដែលធ្លាប់បានចូលទៅលេងភ្នាល់បាល់នៅទីតាំងខាងលើ បានបង្ហើបឱ្យដឹងថា ម្ចាស់ទីតាំងនេះមានខ្នងបង្អែកជាមន្ត្រីគ្រាក់ៗនៅពីក្រោយ ទើបអាជ្ញាធរមូលដ្ឋានមិនហ៊ានក្អកគ្រហែម ព្រោះខ្លាចអស់កៅអីអង្គុយ ទើបានជានាំគ្នាសម្ងំទទួលលាភសក្ការពីម្ចាស់ទីតាំង និងបានពង្រីកសាខារបស់ខ្លួនស្ទើរគ្រប់ខណ្ឌទៅហើយ គ្រាន់តែសង្កាត់ច្បារអំពៅទី១នេះ មានដល់ទៅ៣ទីតាំងឯណោះ ទីតាំងទី១.ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរកន្លែងលក់ធ្យូង ក្នុងសង្កាត់ច្បារអំពៅ ទីតាំងទី២.ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរពេទ្យដើមឆ័ត្រ ក្នុងសង្កាត់ច្បារអំពៅទី១ និងទីតាំងទី៣. ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចក្បែរ លីហួរវេរលុយ សង្កាត់ច្បារអំពៅទី១ ក្នុងខណ្ឌច្បារអំពៅទាំង៣ទីតាំងតែម្ដង។

ទោះយ៉ាងណា ពលរដ្ឋនៅតែមានជំនឿចិត្តថា លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការទៅលើបញ្ហានេះបានមិនខាន ទោះបីម្ចាស់ទីតាំងមានខ្នងធំយ៉ាងណា ក៏គួរគិតដល់សុខសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួនដែរ។ ម្យ៉ាងវិញទៀត បើបណ្តែតបណ្តោយឱ្យអ្នកមានខ្នងធំអាចបើកអាជីវកម្មលើ្មសច្បាប់បាន តែសម្រាប់ពលរដ្ឋធម្មតាបើកមិនបាន គឺមានន័យថាអាជ្ញាធរប្រើប្រព័ន្ធស្ដង់ដារពីរក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ…៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត