តើកាមេរ៉ាចាប់ល្បឿននៅផ្លូវជាតិលេខ៣ ចាប់ផ្ដើមអនុវត្តការពិន័យហើយឬនៅ?
SBM News
01 មីនា 2022 03:00 PM

រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថាប្រព័ន្ធកាមេរ៉ាចាប់ល្បឿននៅផ្លូវជាតិលេខ៣ មិនទាន់អនុវត្តការពិន័យទេ គឺក្រសួងកំពុងសាកល្បង។ នៅពេលអនុវត្តការពិន័យ អគ្គស្នងការនគរបាលជាតិនឹងជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ែន បុរាណ គូសបញ្ជាក់ដូច្នេះថា៖ «ការពិន័យនឹងចាប់ផ្ដើមនៅពេលដែលក្រុមបច្ចេកទេសរបស់អគ្គស្នងការនគរបាលជាតិ ដែលកំពុងដំណើរការសាកល្បងមើលឃើញថា ប្រព័ន្ធកាមេរ៉ាទាំងអស់ដំណើរការដោយរលូន និងជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន មុននឹងធ្វើការផាកពិន័យ»

ដោយឡែក ឆ្លើយតបនឹងសំណួរថា តើក្រសួងមានគម្រោងផ្លាស់ប្ដូរល្បឿនកំណត់លើផ្លូវជាតិលេខ៣ ដែរឬទេ ឬត្រូវរក្សាត្រឹម ៨០គីឡូម៉ែត្រ ដដែល? ឯកឧត្តម ប៉ែន បុរាណ ថ្លែងថា យោងទៅលើភាពជាក់ស្ដែង តម្រូវការនៃការធ្វើចរាចរណ៍ អាចបង្កើនល្បឿនអតិបរមាដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ក្រៅទីប្រជុំជននៃផ្លូវ ៤គន្លងឡើងទៅ។

ទាក់ទងនឹងការបិត UV ការពាកម្តៅ ឯកឧត្តម ប៉ែន បុរាណ ថ្លែងថា យោងអនុក្រឹត្យលេខ.៨០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រើប្រាក់រថយន្តដែលបិតកញ្ចក់ ហាមបិតបន្ទះផ្លាស្ទិកពណ៌ដែលនាំឱ្យមើលពីខាងក្រៅមិនឃើញក្នុងរថយន្ត។ ការបិត UV ការពារកម្តៅថ្ងៃ ត្រូវធ្វើយ៉ាងណាឱ្យគេមើលពីខាងក្រៅទៅក្នុងរថយន្តឃើញ។ 

សូមជម្រាបថា កាមេរ៉ាចាប់ល្បឿននៅលើផ្លូវជាតិលេខ៣ មានចំនួន ១០កន្លែង ក្នុងនោះ ៤កន្លែងនៅក្នុងកំណាត់ផ្លូវ ៤គន្លង ពីរង្វង់មូលចោមចៅដល់បែកគុស ហើយមានតែពីរកន្លែង ក្នុងចំណោម ៤កន្លែងចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងពីរកន្លែងទៀតចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឡើងនៅក្នុងទីប្រជុំជនចំនួនពីរគឺ៖ ទីប្រជុំជនត្រាំខ្នារ និងអង្គតាសោម ចំណែក ៦កន្លែងទៀត ស្ថិតនៅលើផ្លូវ ពីរគន្លង ពីបែកគូសដល់គីឡូម៉ែត្រ ១៦១ នៃផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងក្រុងកំពត ចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទាំងអស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត