អភិបាលខេត្តព្រះសីហនុ អំពាវនាវប្រជានេសាទ និងអ្នកដឹកភ្ញៀវទេសចរ កុំធ្វើដំណើរតាមសមុទ្រ ខណៈមានខ្យល់កន្ត្រាក់ខ្លាំង
SoKeng
25 កុម្ភៈ 2022 07:00 AM

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនាថ្ងៃទី២៤ ខែកុម្ភៈ បានណែនាំប្រជានេសាទ និងអ្នកដឹកភ្ញៀវទេសចរតាមទូក ឬកប៉ាល់នានា កុំនេសាទ និងធ្វើដំណើរតាមសមុទ្រ ពីព្រោះនៅតំបន់ជាប់សមុទ្រនឹងមានខ្យល់កន្ត្រាក់ខ្លាំង។     

តាមរយៈសារសំឡេងរយៈពេល២នាទី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្នើឲ្យសមត្ថកិច្ច  និងអាជ្ញាធរ បង្កើនការយកចិត្តទុកដាក់តាមដានស្ថានការណ៍ និងគ្រប់គ្រងនឹងរលកខ្យល់នៅតាមសមុទ្រ។ ជាមួយគ្នានេះត្រូវត្រួតពិនិត្យលើការដឹកភ្ញៀវទេសចរកម្សាន្តលេងនៅតាមសមុទ្រ ដោយតម្រូវឲ្យមានសម្ភារ និងឧបករណ៍សម្រាប់ជួយសង្រ្គោះនៅពេលមានហានិភ័យណាមួយ ទើបអនុញ្ញាតឲ្យធ្វើដំណើរតាមសមុទ្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបាននិយាយដូច្នេះថា៖«ត្រូវតាមដានកម្រិតខ្យល់ ប្រសិនខ្ពស់បំផុត មិនអាចធ្វើដំណើរបានទេ!សូមឱ្យមានការដាក់បំរាម និងពន្យាពេលចេញដំណើរដើម្បីធានាសុវត្ថិភាព ដល់បងប្អូនអ្នកធ្វើដំណើរតាមទូកសមុទ្រ។ ម្យ៉ាងទៀតចំពោះបងប្អូននេសាទទាំងអស់ ត្រូវខិតខំ និងចូលរួមផ្សព្វផ្សាយដល់សហគមន៍នេសាទ តាមរយៈក្រុមគ្រួសារ ដើម្បីជូនដំណឹងទៅដល់បងប្អូនដែលកំពុងស្ថិតនៅឯលំហសមុទ្រ និងឆ្នេរកោះនានា ដែលរងដោយខ្យល់បក់ខ្លាំង ត្រូវប្រុងប្រយ័ត្ន ឬរំកិលទៅកន្លែងមានសុវត្ថិភាព»

ចំពោះអ្នកដែលមានគម្រោងចេញដំណើរទៅតាមសមុទ្រ  អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យផ្អាកចេញដំណើរមួយរយៈសិន ដើម្បីតាមដានស្ថានភាពអាកាសធាតុឲ្យបានជាក់ច្បាស់ ចាំបន្តធ្វើដំណើរ ឬនេសាទនៅតាមសមុទ្រ។   

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា នៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលជាប់សមុទ្រ នឹងចុះត្រជាក់ចន្លោះពី១៧ទៅ១៩ អង្សា រួមទាំងមានខ្យល់ និងភ្លៀងជាអន្លើផងដែរ។ ស្ថានភាពនេះកើតឡើងដោយសារតែកម្ពុជាទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើងប្រទេសចិនក្នុងកម្រិតខ្សោយទៅមធ្យម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត