ទេសរដ្ឋមន្ត្រី៖ កម្ពុជាកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
SBM News
23 កុម្ភៈ 2022 02:00 PM

រាជធានីភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC)និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០% នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្ដង់ដារអន្តរជាតិ និងព្រលាន យន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ការដឹកជញ្ជូន មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុកំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ តាមរយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើង វិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដីនៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបាន ពង្រីក និងធ្វើឱ្យប្រសើរឡើងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរត្រឡប់មកវិញផងដែរ។

បន្ថែមពីនេះ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ការចូលរួមរបស់កម្ពុជាជាមួយកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងព្រំដែន(CBTA) ធានាឱ្យមានលំហូរដោយរលូននៃទំនិញ សេវាកម្ម និងអ្នកដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត