
ខេត្តសៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប អនុញ្ញាតឱ្យរថយន្តដឹកទំនិញធំៗចរាចរឡើងវិញលើកំណាត់ផ្លូវជាតិលេខ៦៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោយផ្អាកអស់ពីរថ្ងៃដោយសារជំនន់ទឹកភ្លៀង។ នេះបើ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបនៅថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៣។

លិខិតដដែលគូសបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ ៦៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានស្រកចុះទៅរកភាពប្រក្រតីឡើងវិញ ដែលជាសញ្ញាវិជ្ជមាន អនុញ្ញាតឱ្យចរាចរឆ្លងកាត់ឡើងវិញបាន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបសង្កត់ធ្ងន់ថា៖«ដោយសារកត្តាអាយុកាល និងទើបរងគ្រោះដោយសារជំនន់ទឹកភ្លៀងថ្មីៗនេះ ដែលធ្វើឱ្យស្រទាប់គ្រឹះផ្លូវមានសភាពទន់ជ្រាយ មន្ទីរសូមសំណូមពរយ៉ាងទទូចដល់ម្ចាស់រថយន្ត ដឹកជញ្ជូនធុនធ្ងន់ទាំងអស់ មេត្ដាកុំដឹកជញ្ជូនលើសទម្ងន់កំណត់នៃច្បាប់ ដែលជាបច្ច័យអាក្រក់បង្កឱ្យផ្លូវថ្នល់ កាន់តែខូចខាតធ្ងន់ធ្ងរ»។

ទន្ទឹមនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញទាំងអស់ក្នុងបុព្វហេតុដើម្បីរួមគ្នារក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែងតរៀងទៅ។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសផ្អាកជាបណ្តោះអាសន្នការធ្វើដំណើររបស់រថយន្តដឹកទំនិញធំៗ គ្រប់ប្រភេទលើកំណាត់ផ្លូវចំនួន៩ក្នុងខេត្តដោយសារស្ថានភាពទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំនេះ មានការកើនឡើងក្នុងកម្រិតពីមធ្យមទៅច្រើនបង្កឱ្យមានជំនន់ទឹកភ្លៀង។ ក្នុងនោះរួមមានផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)៕




