
(រាជធានីភ្នំពេញ)៖ ក្រោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេត លើលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោកឯម ណុយ អតីតមេឃុំភ្នំលៀប ទៅកាន់តុលាការនោះ ពេលនេះ អាជ្ញាធរបាននាំខ្លួនអតីតមេឃុំទៅពន្ធនាគារហើយ ខណៈមន្ត្រីយោធាព្រមប្រគល់ដីព្រៃលិចទឹកក្នុងតំបន់៣ ជូនរដ្ឋវិញ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម លី សុវណ្ណរឹទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ឆ្លើយតបសំណួរអ្នកសារព័ត៌មាន SBM News កាលពីរសៀលថ្ងៃអង្គារទី០៨កុម្ភៈ នាទីស្តីការគណៈរដ្ឋមន្ត្រី…។

យោងតាមលោក សេក សុខុម មន្ត្រីនាំពាក្យរដ្ឋបាលខេត្ត បញ្ជាក់កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១ថា លោកឯម ណុយ អតីតមេឃុំភ្នំលៀប ត្រូវបានអាជ្ញាធរស្នងការនគរបាលខេត្តកោះហៅធ្វើការសាកសួរ លើករណីចេញលិខិតអនុញ្ញត ទិញ-លក់ ដីព្រៃលិចទឹកនៅមូលដ្ឋានឃុំភ្នំលៀប។ ជាមួយគ្នានោះ អតីតមន្ត្រីយោធាជាន់ខ្ពស់មួយរូបទៀត គឺលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគទី៥ ក៏ត្រូវបានអាជ្ញាធរចុះពិនិត្យអង្កេតស្រាវជ្រាវឡើងវិញផងដែរ។

ករណីលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ត្រូវបានតុលាការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជាច្រើនរួមមាន៖ «ការរុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង និងស្រែវស្សា លើផ្ទៃដី ប្រមាណ៦០០ហិកតា [ដែលរួមមានទាំងជួលឱ្យគេធ្វើ និងធ្វើខ្លួនឯង] ក្នុងតំបន់ដីព្រៃលិចទឹក [តំបន់៣] ស្ថិតក្នុងភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៣មកម៉្លេះ…។» បើតាមរបាយការណ៍ក្រសួងដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដី ចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ៦៤៦គ្រួសារ បានប្រគល់ដីចំនួន៣,៨៤៤ហិកតា ជូនដល់រដ្ឋវិញ ខណៈការកឃើញរបស់អាជ្ញាធរខេត្តមួយនេះ មានដល់ទៅជិត៥ពាន់ហិកតាឯណោះ…។

ជាការឆ្លើយតប ឯកឧត្តម លី សុវណ្ណរឹទ្ធ បំភ្លឺថា ករណីខាងលើនេះ អាជ្ញាធរបានចុះអនុវត្តច្បាប់ហើយ ពាក់ព័ន្ធនឹងរឿងមន្ត្រីយោធារំលោភយកដីរដ្ឋ គឺមន្ត្រីរូបនោះ បានយល់ព្រមប្រគល់ដីជូនរដ្ឋវិញហើយ ឯអតីតលោកមេឃុំភ្នំលៀប ត្រូវបានអាជ្ញាធរឃាត់ខ្លួនទៅតុលាការ និងត្រូវបានតុលាការនាំខ្លួនបន្តទៅពន្ធនាគារររួចហើយដែរ ដូច្នេះ បញ្ហាដីព្រៃលិចទឹកត្រូវបានគណៈកម្មការអន្តរក្រសួង ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានរៀបចំលើកិច្ចការងារនេះរួចរាល់ហើយ។ ទន្ទឹមនោះ រដ្ឋបាលខេត្ត ក៏បានដឹកនាំក្រុមការងារចុះដាំកូនឈើ កូនត្នោត និងឫស្សីក្នុងដំបន់ព្រៃលិចទឹក ដើម្បីស្តារព្រៃដែលរងការកាប់ទន្ទ្រាននោះឡើងវិញ។ គិតមកដល់បច្ចុប្បន្ន ផ្ទៃដីដាំកូនឈើ គឺនៅសល់ប្រហែល១០ទៅ២០ភាគរយប៉ុណ្ណោះពេញទៅតាមផែនការហើយ..៕




