
(រាជធានីភ្នំពេញ)៖ អាណាព្យាបាលរបស់សិស្សានុសិស្សថ្នាក់ទី១២ បានមកលើកទឹកចិត្តដល់កូនៗ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃប្រឡងបាក់ឌុបទី២៧ ខែធ្នូនេះ មានឪពុកម្តាយដែលមកពីបណ្តាខេត្តខ្លះ និងជាអ្នកនៅភ្នំពេញខ្លះ បានជូនកូនមកប្រឡងបាក់ឌុប រួមទាំងអង្គុយរង់ចាំកូនចេញពីប្រឡងទាំងអន្ទះសារផងដែរ។ ការចំណាយពេលមកអង្គុយរង់ចាំកូនប្រឡងបាក់ឌុបនេះ គឺពួកគាត់បានលះបង់ពេលវេលាដើម្បីមកលើកទឹកចិត្តកូន ដោយពួកគាត់បានសម្រេចចិត្តផ្អាកធ្វើការ និងផ្អាកអាជីវកម្មផ្សេងៗក្នុងរយៈពេល២ថ្ងៃដើម្បីមកផ្តល់កម្លាំងចិត្តដល់កូន។
ឪពុកម្តាយខ្លះបានត្រៀមម្ហូបអាហារដែលពួកគាត់បានចំអិនរួចជាស្រេចដើម្បីទុកឲ្យកូនបរិភោគ ឬបរិភោគជាមួយកូនតែម្តង ហើយមានឪពុកម្តាយខ្លះអង្គុយរង់ចាំកូនដើម្បីនាំកូនទៅបរិភោគអាហារថ្ងៃត្រង់នៅតាមអាហារដ្ឋានផ្សេងៗផងដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានSBM និងអាណាព្យាបាលសិស្សដែលបានអង្គុយរង់ចាំដើម្បីលើកទឹកចិត្តកូនខាងក្រោមដូចតទៅ៖










