ការហោះហើរចេញចូលកម្ពុជា មានការកើនឡើងច្រើនជាងមុន
S
Soriya Sou
05 មីនា 2025 03:30 AM

រាជធានីភ្នំពេញ៖ ការដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូលកម្ពុជាក្នុងឆ្នាំ២០២៥នេះ កំពុងមានការកើនឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ៣១កំពុងប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ ការហោះហើរចេញចូលកម្ពុជា មានចំនួនច្រើនជាងពេលកន្លងមក ៦០ជើងក្នុង១សប្តាហ៍

<br />

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដឹកជញ្ជូនតាមផ្លូវអាកាស ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ហើយបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ ក្នុងឆ្នាំ២០២៥ ​ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ កំពុងប្រតិបត្តិការហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ដែលគិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន១៣២៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៩៤២ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៣៦ជើង។ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤ នៅដើមឆ្នាំ២០២៥នេះ ការហោះហើរ មានការកើនឡើងជាង៦០ជើងក្នុងមួយសប្តាហ៍។ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី-ទីក្រុងចំនួន៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន៣១ក្រុមហ៊ុន។

<br />

ក្រោមកិច្ចសហការ​ និងការជំរុញបើកចំហជើងមេឃកម្ពុជា​ ក្នុងការទទួលយកភ្ញៀវអន្តរជាតិ​ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម​ ​ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានបន្តលើកកម្ពស់ជើងហោះហើរត្រង់មកកម្ពុជាបន្ថែមទៀត។ ជាក់ស្ដែង​ ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន២គ្រោងបង្កើនជើងហោះហើរមកកម្ពុជា រួមមាន ១. ជើងហោះហើរ​តួគីអ៊ែរឡាញ​ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ ២.​ ជើងហោះហើរ​អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏បានពង្រីកការហោះហើរមកកម្ពុជា​ ពីទីក្រុងឌូបៃមកខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

<br />

ឆ្នាំឆ្នាំ២០២៥នេះ កម្ពុជាក៏រំពឹងទុកផងដែរថា នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗផ្សេងទៀត។ គួរជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួនជាង៦លាននាក់ មានកំណើនប្រមាណ២២ភាគរយ, ទទួលបានជើងហោះហើរសរុបចំនួនជិត៦ម៉ឺនជើង មានកំណើន១៤ភាគរយ និងដឹកទំនិញតាមផ្លូវអាកាសមានចំនួនជាង៧,៧ម៉ឺនតោន ដែលមានកំណើន៤០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត