
ខេត្តសៀមរាប៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេមេគង្គ ទៅស្វាយជ្រុំ អាចនឹងត្រូវបានបើកការដ្ឋានសាងសង់ស្ពាន ក្នុងឆ្នាំ២០២៣។ ការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់បន្ថែមថា៖ «ស្ពានឆ្លងទន្លេមេគង្គ ទៅស្វាយជ្រុំ ឥឡូវសិក្សាជិតចប់សព្វគ្រប់ហើយ មានជម្រើសស្ពាន ៣ប្រភេទ មានស្ពានធម្មតា ស្ពានខ្សែកាបដូចស្ពានអ្នកលឿង ។ល។ យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ចេញថ្លៃសាងសង់ស្ពាន»។

ចំពោះទីតាំងតភ្ជាប់របស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីភ្នំពេញ ទៅស្វាយជ្រុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ថាមាន ២ជម្រើស កំពុងស្ថិតក្នុងការសិក្សាដើម្បីសម្រេច។ ឯកឧត្តម ថ្លែងដូច្នេះថា៖ «តាមការសិក្សាយើងមាន២កន្លែង ទី១ ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ទៅកាន់ស្វាយជ្រុំតែម្ដង ជម្រើសទី ២ គឺឆ្លងទន្លេសាបទៅតំបន់អូតែលសុខា តទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ជម្រើសទាំង ២នេះ យើងត្រូវសិក្សាមើលថាតើចំណាយថវិកាតិច ប៉ះពាល់តិចជាង ហើយមិនបង្កការកកស្ទះនៅរាជធានីភ្នំពេញ»។
សូមរំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ ថ្លែងបញ្ជាក់ថាកម្ពុជានឹងមានសមិទ្ធផលស្ពានថ្មីមួយទៀតតភ្ជាប់ភ្នំពេញនិងស្វាយជ្រុំ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងផងដែរថា នៅពេលមានស្ពានថ្មីនេះដែលឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ នឹងជួយឱ្យតំបន់អរិយក្សត្សនោះប្រែក្លាយទៅជាទីក្រុងរណប៕




