
ភ្នំពេញ៖ «សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFRTY»គឺជាឈ្មោះគ្រុបតេឡេក្រាមដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតឡើងសម្រាប់ឲ្យពលរដ្ឋរាយការណ៍រាល់បញ្ហាដែលទាក់ទងនឹងបទល្មើសច្បាប់ចរាចរណ៍ និងស្ថានភាពចរាចរណ៍ផ្លូវគោក។
ក្នុងសេចក្តីណែនាំដែលចេញផ្សាយដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះហត្ថលេខាដោយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ ខែមករា បានបញ្ជាក់ថា ការបង្កើតគ្រុបតេឡេក្រាមនេះឡើងគឺដើម្បីឲ្យពលរដ្ឋរាយការណ៍បានទាន់ពេលវេលា ធានាដល់ការទប់ស្កាត់ហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងបង្ការទប់ស្កាត់អំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដែលមាននៅលើផ្លូវថ្នល់។
ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋរាយការណ៍មកមន្ត្រីក្រសួង និងស្ថាប័នពាក់ព័ន្ធបានទាន់ពេលវេលា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំឲ្យពលរដ្ឋផ្តល់ព័ត៌មាន ទីតាំង និងពេលវេលាអំពីហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់។ ពលរដ្ឋត្រូវផ្តល់ជារូបភាព ឬវីដេអូនៃហេតុការណ៍ពិតៗ និងខ្លឹមសារព័ត៌មានដោយប្រកាន់ខ្ជាប់ក្រមសីលធម៌។ ជាមួយគ្នានេះ ពលរដ្ឋកុំផ្តល់ព័ត៌មានក្លែងក្លាយ ព័ត៌មានបែបញុះញង់ រូបភាពអាសអាភាស និងកុំផ្តល់ព័ត៌មានដែលខុសពីព័ត៌មានស្តីពីសុវត្ថិភាពចរាចរណ៍។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសង្កត់ធ្ងន់ថា ពលរដ្ឋដែលរាយការណ៍ព័ត៌មានក្លែងក្លាយ បែបបញុះញង់ បង្ខូចកតិ្តយសអ្នកដទៃ ឬប្រើពាក្យអសុរោះ ឬរូបភាពអាសអាភាស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គ្រុបតេឡេក្រាម«សុវត្ថិភាពចរាចរណ៍យើង» នេះត្រូវបានបង្កើតឡើងក្រោមការបញ្ជាពីសម្តេច
ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨
ពីអូរជ្រៅទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ បន្ថែមពីគ្រុបតេឡេក្រាមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបង្កើតកម្មវិធីទូរសព្ទដៃ«ថែទាំផ្លូវថ្នល់ ROAD CARE Mobile App»សម្រាប់ឲ្យពលរដ្ឋរាយការណ៍ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា មានពលរដ្ឋជាង២ពាន់នាក់ហើយដែលបានចូលរួមក្នុងគ្រុបតេឡេក្រាម«សុវត្ថិភាពចរាចរណ៍យើង» ដោយភ្ជាប់ជាមួយនឹងការរាយការណ៍ព័ត៌មានអំពីស្ថានភាពចរាចរណ៍នៅតាមផ្លូវមួយចំនួន។ ព័ត៌មានដែលពលរដ្ឋបានរាយការណ៍ក្នុងគ្រុបនោះ ក៏ត្រូវបានមន្ត្រីពាក់ព័ន្ធទទួលបាន ឆ្លើយតប និងកំពុងតែដោះស្រាយផងដែរ៕



