វៀតណាមស្នើបង្កើនការផាកពិន័យសម្រាប់ការបំពានច្បាប់ចរាចរណ៍២ដងបន្ថែមទៀត
N
Nary Vann
28 មករា 2025 04:00 AM

រដ្ឋធានីហាណូយ៖ អាជ្ញាធររដ្ឋធានីហាណូយ ចង់បង្កើនការផាកពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ចំនួន១០៧ករណី ដល់១,៥ទៅ២ដងនៃកម្រិតបច្ចុប្បន្ននៅខែកក្កដាឆ្នាំនេះ...។

គណៈកម្មាធិការប្រជាជន បានរៀបចំសេចក្តីព្រាងដំណោះស្រាយសម្រាប់បញ្ហាចរាចរណ៍ ដើម្បីធ្វើការពិគ្រោះយោបល់ជាសាធារណៈ។ ការផាកពិន័យនឹងត្រូវបង្កើនដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា ភាពញឹកញាប់នៃការរំលោភបំពានថា តើវារួមចំណែកដល់គ្រោះថ្នាក់ និងការកកស្ទះ ផលប៉ះពាល់ទៅលើសណ្តាប់ធ្នាប់សាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដែរឬទេ? បទល្មើសរួមមាន៖ ការមិនគោរពគំនូសសញ្ញាចរាចរណ៍និងស្លាកសញ្ញាចរាចរណ៍ ការបើកបរក្នុងតំបន់ហាមឃាត់ ការបើកបរក្នុងគន្លងផ្លូវខុស ការចតរថយន្តខុសច្បាប់ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹងនិងការបើកបរមិនប្រុងប្រយ័ត្ន ការបើកបរហួសល្បឿនកំណត់ ការកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងបទល្មើសមួយចំនួនទៀតពាក់ព័ន្ធនឹងការបណ្តុះបណ្តាលអ្នកបើកបរ ការត្រួតពិនិត្យយានយន្ត ការប្រើប្រាស់ផ្លូវ និងប្រតិបត្តិការអាជីវកម្មដឹកជញ្ជូន។

មន្ត្រីរដ្ឋាភិបាលវៀតណាម បានបង្កើនការផាកពិន័យយ៉ាងខ្លាំងចំពោះការល្មើសច្បាប់ចរាចរណ៍ចាប់តាំងពីថ្ងៃទី១ ខែមករា ប៉ុន្តែអាជ្ញាធររដ្ឋធានីហាណូយសន្និដ្ឋានថា ការបង្កើនការផាកពិន័យបន្ថែមទៀត នឹងកែលម្អការអនុលោម លើកកម្ពស់វប្បធម៌ចរាចរណ៍ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។ នៅក្រោមសេចក្តីព្រាងនេះ ការពិន័យដែលមានកម្រិតទាបនឹងកើនឡើងទ្វេដង ហើយការពិន័យធ្ងន់ធ្ងរនឹងត្រូវបានកើនឡើង១,៥ដង។ ជាក់ស្តែង ការផាកពិន័យដែលបានស្នើឡើងសម្រាប់យានយន្តគឺ១,២ទៅ១,៦លាន​ដុង សម្រាប់ការចតរថយន្តនៅក្នុងតំបន់ដែលគ្មានចំណត និងស្លាកសញ្ញាចតរថយន្ត និងនៅលើផ្លូវថ្មើរជើង។ ចំពោះ​យានយន្ត​ដែល​បើកបរ​ខុស​ផ្លូវ ឬ​ខុស​គន្លង ហើយ​បើកបរ​លើស​ល្បឿន​កំណត់ពី១០ទៅ២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ការផាកពិន័យ​នឹង​កើនឡើង​ពី៤-៦លាន​ដុងទៅ៨-១២លាន​ដុង​។ ការបើកបរក្រោមឥទ្ធិពលនៃជាតិអាល់កុល អ្នកបើកបរនឹងត្រូវពិន័យ៩-១២លានដុង

ចំពោះ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ហើយ​ពាក់​មិន​ត្រឹមត្រូវ ការ​ផាក​ពិន័យ​នឹង​ឡើង​ដល់៨សែនទៅ១,២លាន​ដុង។ ការផាកពិន័យដូចគ្នាត្រូវបានស្នើឡើងសម្រាប់ការដឹកជញ្ជូនទំនិញលើសទម្ងន់។ ចំពោះ​ការ​ចត​លើ​ស្ពាន និង​ធ្វើ​ដំណើរ​បី​នាក់លើ​ម៉ូតូ​មួយ​គ្រឿង ការ​ផាក​ពិន័យ​នឹង​ត្រូវ​ដំឡើង​ពី៦សែនដល់៨សែនដុង ទៅ១,២ដល់១,៦លាន​ដុង។ ចំពោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​ផាក​ពិន័យ​នឹង​កើន​ឡើង​ពី២-៣លាន​ដុង ទៅ៣-៤,៥លាន​ដុង។ ច្បាប់រដ្ឋធានីឆ្នាំ២០២៤ ផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាប្រជាជននៅទីក្រុង ក្នុងការកែប្រែការផាកពិន័យរហូតដល់ពីរដងនៃចំនួនទឹកប្រាក់ដែលកំណត់ដោយរដ្ឋាភិបាលចំពោះការបំពានច្បាប់ចរាចរណ៍មួយចំនួន។ នៅពេលទទួលបានមតិជាសាធារណៈ ដំណោះស្រាយនេះនឹងត្រូវដាក់ជូនក្រុមប្រឹក្សាប្រជាជន ដោយរំពឹងថា នឹងអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៥ ប្រសិនបើមានការយល់ព្រម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត