ពូទីន៖ បុរសខ្លាំងរុស្ស៊ី ដែលធ្លាប់ធ្វើជាចារបុរសរបស់ទីភ្នាក់ងារ KGB
S
SeangShelby
4 ឆ្នាំមុន

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៩៩ ប្រវត្តិសាស្ត្ររុស្ស៊ី បានប្រែមុខមាត់ថ្មីជារៀងរហូត ក្រោយពីអតីតប្រធានាធិបតីរុស្ស៊ី លោក បូរីស យែលស៊ីន (Boris Yeltsin) បានសម្រេចតែងតាំងលោក វ្ល៉ាឌីមៀ ពូទីន ជានាយករដ្ឋមន្ត្រីស្តីទី។ កាលនោះ លោក ពូទីន ពុំមានគុណសម្បត្តិអ្វីច្រើនដែលគេគិតទុកថា បុរសរូបនេះ អាចក្លាយជាមេដឹកនាំពិភពលោកដ៏មានឥទ្ធិពលនិងគួរឲ្យកោតខ្លាចមួយរូបនោះឡើយ។

លោក ពូទីន កើតក្នុងត្រកូលគ្រួសារវណ្ណៈការងារ (working-class) ក្នុងទីក្រុង Leningrad ដែលសព្វថ្ងៃហៅថា Saint Petersburg ក្នុងឆ្នាំ១៩៥២។ ឪពុកលោក គឺជាអតីតយុទ្ធជន ចំណែកម្ដាយជាកម្មកររោងចក្រ។

យុវជន ពូទីន ស្រលាញ់ការអានសៀវភៅប្រលោមលោក និងមើលរឿងភាគទូរទស្សន៍បែបចារកម្ម។ ជាមួយចំណង់ចំណូលចិត្តនេះហើយទើប ពូទីន សម្រេចចូលទៅបម្រើការរនៅក្នុងទីភ្នាក់ងារចារកម្មរុស្ស៊ី KGB (អតីតសហភាពសូវៀត) ។ និយាយដល់កម្រិតអប់រំ លោក ពូទីន បានទៅរៀនច្បាប់នៅសាកលវិទ្យាល័យរដ្ឋ Leningrad ហើយចំណាយពេល១៦ឆ្នាំ កាន់តំណែងជាមន្ត្រីចារកម្មបរទេសរបស់ទីភ្នាក់ងារ KGB ។

មែនទែនទៅ មុនមានមុខតំណែងធំក្នុងរដ្ឋបាលលោក យែលស៊ីន លោក ពូទីន ពុំសូវចេញមុខច្រើនឡើយលើឆាកនយោបាយរុស្ស៊ី។ ក្រោយលាលែងតំណែងជាមន្ត្រីចារកម្មបរទេសរបស់ទីភ្នាក់ងារ KGB ក្នុងឋានៈជាវរសេនីយ៍ទោ, លោកបានចាប់ផ្ដើមការងារនយោបាយក្នុងទីក្រុង St. Petersburg ក្នុងតួនាទីត្រឹមទីប្រឹក្សាឲ្យអភិបាលក្រុង លោក Anatoly Sobchak ក្នុងឆ្នាំ១៩៩១ ។ ក្នុងតំណែងនេះ គេកត់សម្គាល់ថា ពូទីន ធ្វើការភាគច្រើននៅតែក្រោយឆាក ហើយមិនសូវចេញមុខចេញមាត់ច្រើនឡើយ។

បន្ទាប់ពីលោក Sobchak ចាញ់ឆ្នោត ហើយពូទីនបដិសេធធ្វើការឲ្យមេថ្មី លោក ពូទីន និងគ្រួសារបានផ្លាស់ទៅរស់នៅក្នុងរដ្ឋធានី មូស្គូ ក្នុងឆ្នាំ ១៩៩៦ ហើយធ្វើការជាមន្ត្រីក្នុងនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិប្រធានាធិបតី ដែលមិនទំនងសោះឡើយសម្រាប់ការហក់ទៅតោងការិយាល័យកំពូលជាតិបែបនេះ។

២ឆ្នាំក្រោយមក ពោលគឺឆ្នាំ១៩៩៨ លោក ពូទីន បានក្លាយជាប្រធានទីភ្នាក់ងារចារកម្ម Federal Security Service (FSB) ដែលស្នងបន្តពី KGB។ តំណែងនេះ ត្រូវបានតែងតាំងដោយផ្ទាល់ដោយលោក យែលស៊ីន ដែលជាប្រធានាធិបតីនៅពេលនោះ។ សម្រាប់តំណែងជាប្រមុខទីភ្នាក់ងារចារកម្ម FSB ត្រូវបានចាត់ទុកជា ការងារមួយដែលប្រធានាធិបតីរុស្ស៊ី ផ្ដល់ឲ្យសម្រាប់តែមនុស្សដែលលោកទុកចិត្តខ្លាំងបំផុតប៉ុណ្ណោះ។

ក្នុងខែសីហា ឆ្នាំ ១៩៩៩ លោក យែលស៊ីន បានតែងតាំងលោកពូទីន ជានាយករដ្ឋមន្ត្រីស្តីទីរុស្ស៊ី។ ក្នុងប្រទេសរុស្ស៊ី នាយករដ្ឋមន្ត្រី គឺជាមន្ត្រីឋានៈខ្ពស់លំដាប់ទី២ ហើយមានកាតព្វកិច្ចរាយការណ៍ដោយផ្ទាល់ទៅប្រធានាធិបតី។

ប៉ុន្តែមិនទាន់ដល់៦ខែស្រួលបួលផងក្រោយក្លាយជានាយករដ្ឋមន្ត្រី, លោក ពូទីន បានឡើងតំណែងមួយកម្រិតទៀត ទៅជាប្រធានាធិបតីស្តីទី កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៩ ។ នេះគឺបន្ទាប់ពីលោក Yeltsin លាលែងពីតំណែងដោយពុំមានអ្នកណាស្មានដល់។

ការប្រគល់អំណាចដោយឥតព្រាងទុកនេះហើយ បានជំរុញឲ្យលោកពូទីនក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតប្រចាំប្រទេសរុស្ស៊ី។ ក្រោយមក ក្នុងខែមីនា ឆ្នាំ២០០០ លោក ពូទីន បានឈ្នះការបោះឆ្នោតអាណត្តិដំបូងរបស់លោក។

គួរបញ្ជាក់ផងដែរថា អ្នកឃ្លាំមើលនយោបាយរុស្ស៊ីជាច្រើន យល់ឃើញថា លោក យែលស៊ីន សម្រេចលើកបន្តុប ពូទីន ទៅកាន់តំណែងប្រធានធិបតីបែបនេះ គឺដើម្បី ការពារខ្លួនលោកផ្ទាល់។ ហេតុអ្វី៖ សង្គ្រាមក្នុងតំបន់ Chechnya ដែលកងកម្លាំងរុស្ស៊ីបានវាយប្រយុទ្ធជាមួយក្រុមឧទ្ទាមឥស្លាមផ្ដាច់ខ្លួន បានរីកដុះដាលកាន់តែខ្លាំង ហើយខាងរដ្ឋាភិបាលរុស្ស៊ីពុំអាចទប់ទល់ស្ថានការណ៍បាន រហូតដល់ប្រកាសបទឈប់បាញ់ និងទីបំផុតចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ១៩៩៧។

អសមត្ថភាពរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងសមរភូមិនេះហើយ បានអូសទម្លាក់ប្រជាប្រិយភាពលោក យែលស៊ីនជាខ្លាំង។ ម្ល៉ោះហើយ ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី លោក ពូទីន បានលើកលែងទោសដល់លោក យែលស៊ីន ដោយផ្ដល់អភ័យឯកសិទ្ធិឲ្យលោកពីការស៊ើបអង្កេតរដ្ឋបាល ឬព្រហ្មទណ្ឌ ជាដើម។

អំឡុងអាណត្តិទីមួយ ប្រធានធិបតី ពូទីន បានផ្ដោតសំខាន់ខ្លាំងលើកិច្ចការក្នុងស្រុក។ តួយ៉ាង លោក មានកិច្ចការស្នូល២ក្នុងរបៀបវារៈរបស់លោក រួមមាន សង្គ្រាមជាមួយក្រុមឧទ្ទាមឥស្លាម Checen ក្នុងតំបន់ Chechnya (តំបន់ស្វយ័តរុស្ស៊ី) និងគ្រប់គ្រងពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចក្នុងសម័យលោក យែលស៊ីន។

មែនទែនទៅ លោក ពូទីន ចូលដឹកនាំរុស្ស៊ី អំឡុងពេលស្មុគស្មាញខ្លាំង ដោយប្រទេសនេះហ៊ុមព័ន្ធដោយជម្លោះក្នុងតំបន់ Chechnya ។ បន្ថែមពីលើបញ្ហានេះ ពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចក្នុងសម័យលោក យែលស៊ីន កាន់តែខ្លាំងឡើងៗ ចាប់អារម្មណ៍ពង្រីកឥទ្ធិពលនយោបាយពួកគេ។ ដោយមើលឃើញបែបនេះ លោក ពូទីន បានបង្កើតកិច្ចព្រមព្រៀងជាមួយពួកគេ។

យោងតាមអត្ថបទស្រាវជ្រាវរបស់ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (the Council on Foreign Relations) ក្នុងខែកក្កដា ឆ្នាំ២០០០ លោក ពូទីន បានប្រាប់ពួកអ្នកមានលុយនិងឥទ្ធិពលមួយក្ដាប់តូចនេះថា លោកនឹងមិនជ្រៀតជ្រៀកកិច្ចការជំនួញរបស់ពួកគេ ឬបង្វែរឧស្សាហកម្មឯកជនពួកគេទៅចូលសម្បត្តិរដ្ឋវិញឡើយ លុះត្រាតែពួកគេដកខ្លួនឆ្ងាយពីឆាកនយោបាយ។ និយាយដោយខ្លី ដរាបណាពួកគេ មិនព្យាយាមក្លាយជាគូប្រជែងលោក ឬរិះគន់ការដឹកនាំលោក ពួកគេនឹងបានសុខកាយសប្បាយចិត្ត៕

អត្ថបទស្រាវជ្រាវដោយ៖ អ៊ឹម ម៉េងស៊ាង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត