បណ្ឌិត២រូបហាក់មិនយល់ស្របនឹងការដែលអាជ្ញាធរដាំដើមឫស្សីនិងត្នោតនៅតំបន់ព្រៃលិចទឹក
SBM News
•
21 ធ្នូ 2021 05:00 PM

ក្រោយអាជ្ញាធរខេត្តជាប់បឹងទន្លេសាបមួយចំនួន យកកូនឫស្សី និងពូជត្នោត ទៅដាំឡើងវិញ នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបាន ជនខិលខូចឈូសឆាយទន្ទ្រានកាន់កាប់ ហើយត្រូវបានដកហូតជាកម្មសិទ្ធិរបស់រដ្ឋវិញ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម សម្តែងការមិនយល់ស្របនោះទេ។ 

លោកបណ្ឌិត សុខ ទូច បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដូច្នេះថា៖ «សូមអរគុណអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង, ដើមរាំងទឹក,ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ»។

លោកបណ្ឌិត សុខ ទូចបន្តថា៖ «ការផ្ដល់អាទិភាពដាំដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំ ដើម្បីទប់ដី កុំឱ្យបាក់ច្រាំងនៅតាមព្រែក ប្រឡាយ អូរជាដើម រីឯ ដើមត្នោត ក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន»។

មិនខុសប្លែកពីលោកបណ្ឌិត សុខ ទូច នោះទេ លោកបណ្ឌិតយ៉ង សាំងកុមារ បានរៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកដោយសរសេរបែបនេះថា៖ «ដើមត្នោតសម្រាប់ដាំនៅតំបន់ប្រព័ន្ធអេកូឡូហ្ស៊ីព្រៃលិចទឹកបឹងទន្លេសាប? សូមពិនិត្យមើលឡើងវិញផង។ មានរុក្ខជាតិច្រេីនប្រភេទដែលសមស្របសម្រាប់តំបន់ព្រៃលិចទឹក។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានជំនាញគ្រប់គ្រាន់ក្នុងការស្តារឡេីងវិញនូវព្រៃលិចទឹក។ តំបន់ព្រៃលិចទឹក បេីយេីងឈប់កាប់គាស់ដុតនិងភ្ជួរបំផ្លាញតែ២ទៅ៣ឆ្នាំក្រោយ ព្រៃលិចទឹកនិងត្រឡប់មកវិញបណ្តេីរៗហេីយ។ ស្រូវវានិងស្រូវឡេីងទឹក ក៏ត្រូវអភិរក្សឡេីងវិញដែរ ដេីម្បីបង្កេីនជម្រកដល់ត្រីនៅរដូវទឹកឡេីង។ ត្នោតនិងឫស្សីបេីចង់ដាំ គួរដាំនៅតំបន់១ ហេីយដាំនៅដេីមរដូវភ្លៀង ទេីបដុះបានល្អ»។

សូមបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានផ្តល់គ្រាប់ត្នោត(ពូជ)ចំនួន ២២,០០០ គ្រាប់បន្ថែមទៀត ដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់ដាំឡើងវិញនៅក្នុងភូមិសាស្ត្រដីតំបន់៣ នៃខេត្តបាត់ដំបង។ ដោយឡែក អាជ្ញាធរខេត្តបន្ទាយមានជ័យឯណោះវិញ ថ្មីៗនេះ បានយកកូនឈើចម្រុះសរុបចំនួន៤១៦០ដើម (ដើមឫស្សី ត្នោត និងរាំងទឹក) ទៅដាំនៅលើផ្ទៃដី ដែលត្រូវបានទន្ទ្រានកាន់កាប់ នៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត