ខាវ៉ាន់ ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ និងមានសុខភាពល្អ រឹងមាំ រីករាយក្នុងជម្រកថ្មីនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
SBM News
11 ធ្នូ 2021 08:00 AM

«រយៈពេលមួយឆ្នាំដែលដំរី ខាវ៉ាន់ រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ។ ខាវ៉ាន់មានភាពប្លែកខុសពីមកដំបូង។ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុន និងរូបរាងមានការប្រែប្រួល។ ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំង គឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា»។ នេះជាការថ្លែងរៀបរាប់​របស់​ឯកឧត្តម នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន។

អ្នក​នាំ​ពាក្យរូបនេះ សម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ។ 

សត្វ​ដំរីខាវ៉ាន់​បាន​ដឹក​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ ក្រោយ​ដំរី​នេះ​រស់​នៅ​ក្នុង​សួន​សត្វ​នៃ​ប្រទេស​ប៉ាគីស្ថាន​រាប់​ឆ្នាំ។ ដំរី​ខាវ៉ាន់​កំពុង​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ដំរី ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត ឧត្តរមានជ័យ ដែល​ក្រសួង​បរិស្ថាន​បាន​អនុញ្ញាត​ដល់​អង្គការ​ដែន​ជម្រក​សត្វ​ព្រៃ​កម្ពុជា​ចូលរួម​ការពារ​និង​អភិរក្ស​ព្រៃឈើ​និង​សត្វ​ព្រៃ​តំបន់​នោះ។ បច្ចុប្បន្ននេះ ដំរី​ខាវ៉ាន់​មាន​អាយុ ៣៦ ឆ្នាំ​ហើយ។ វាត្រូវ​បាន​បន្ត​បន្ស៊ាំ​នឹង​ការ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ក្នុង​ទំហំ ១២ ហិកតា ហើយ​នៅ​ក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញី​ចំនួន ៣ ក្បាល ដែលដំរី​ខាវ៉ាន់​ បាន​ធ្វើ​ការ​ទាក់ទងក្នុងពេលនេះ។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ខាវ៉ាន់​ដំរី​ដ៏​ឯកោ​លែង​ឯកោ​ទៀត​ហើយ។ អង្គការ​ដែន​ជម្រក​សត្វ​ព្រៃ​កម្ពុជា​បាន​យក​ចិត្ត ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​សត្វ​ដំរី​ខាវ៉ាន់ និង​សត្វ​ដំរី​ផ្សេង​ទៀត រួម​នឹង​សត្វព្រៃ​នានា​ក្នុង​តំបន់​អភិរក្ស​នោះ៕

ពី Neth Pheaktra សម្រួលផ្សាយដោយ៖ Sao San

ខាងក្រោមជារូបភាពពេលដែល ដំរី​ខាវ៉ាន់​ បានមកដល់កម្ពុជាដំបូង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត