
(រាជធានីភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៥នាក់ ក្នុងចំណោម៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចាប់ខ្លួនបាននៅខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ធាក់ប្លន់)យកម៉ូតូចំនួន២លើក។ ប្រតិបត្តិការចុះបង្រ្កាបនេះ ធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ...។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំសង្កាត់ព្រែកប្រា មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកវីរៈប៊ុនថាំ ស្នាក់នៅភូមិព្រែកតាង៉ូវ សង្កាត់ព្រែកប្រា។ ទី៣-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា។ ទី៤-ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុការ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា។ និងទី៥-ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាច្បារអំពៅ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ៧៧០ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា។

លោកវរសេនីយ៍ឯក អេង សោភា បញ្ជាក់ថា ក្រោយធ្វើការសាកសួរ ក្រុមជនសង្ស័យ បានសារភាព ថាពួកខ្លួនមានបក្ខពួកចំនួន៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាពលួចធាក់ប្លន់ប្លន់យកម៉ូតូចំនួន០២លើក ក្នុងនោះ លើកទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១ៈ៣០នាទីយប់ ធាក់ប្លន់យកម៉ូតូបាន០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9244 និងគ្រឿងអល័ង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន[២កង]តម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរសព្ទដៃ០២គ្រឿង) និងលើកទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២ៈ១៣នាទីយប់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ ធាក់ប្លន់យកម៉ូតូស្កូបពីបាន០១គ្រឿងទៀត ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខព្រៃវែង 1S-1641។ ចំពោះគ្រឿងអលង្ការពួកខ្លួនបានបោះចោលនៅស្ថានីយប្រេងកាល់តិចមុខម៉ុងឌីយ៉ាល់ ដោយគិតថាជារបស់ក្លែងក្លាយ។

ចំណែកប្រតិបត្តិការបង្ក្រាបនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ 1HI-8418 និងម៉ូតូម៉ាកស្សុយស៊ូគី ពណ៌ស ផលិតឆ្នាំ២០១៩ ស្លាកលេខ 1DD-4561 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងកាំបិតកែច្នៃចំនួន០១។ បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រមូលយកធ្វើជាភស្តុតាង បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
រាយការណ៍ព័ត៌មានដោយ៖ ផៃ ផានិត



