
ប៉ូលីសថៃ បើកការស៊ើបអង្កេតលើករណីបវរកញ្ញាចក្រវាលថៃប្រចាំឆ្នាំ២០២១ នាង អានស៊ីឡេ ស្កុត គេមម៉ីស (Anchilee Scott-Kemmis) បន្ទាប់ពីអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃ (Miss Universe Thailand)បានបង្ហោះរូបភាពម្ចាស់ជ័យលាភីរូបនេះជាន់លើទង់ជាតិខ្លួនឯង។
ពាក្យបណ្តឹងនេះ ត្រូវបានប្តឹងទៅលោកឧត្តមសេនីយ៍ទោ សាមរាន នុនម៉ា (Samran Nuanma) ស្នងការនៃអគ្គស្នងការនគរបាលថៃ ពីការិយាល័យរបស់លោក សុនធីយ៉ា សាវ៉ាដេ (Sonthiya Sawasdee) អតីតទីប្រឹក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្សកាលពីថ្ងៃអង្គារ ខែវិច្ឆិកា នេះ។

តាមកាសែតបាងកកប៉ុស្តិ៍ លោក សុនធីយ៉ា បានដាក់ពាក្យប្តឹងបវរកញ្ញា អានស៊ីឡេ ពីបទប្រមាថទង់ជាតិ និងសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីដែលហាមឃាត់ការប្រើប្រាស់ទង់ជាតិសម្រាប់គោលបំណងពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា រូបភាពដែលបង្កព្យុះភ្លៀងនេះ ខាងអ្នករៀបចំកម្មវិធីមានគោលបំណង ផ្សព្វផ្សាយតាមអ៊ីនធឺណិតក្នុងយុទ្ធនាការផ្សព្វផ្សាយមួយមុនពេលនាង អានស៊ីឡេ ចូលរួម បវរកញ្ញាចក្រវាលថៃ លើកទី៧០ នៅប្រទេសអ៊ីស្រាអែលនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។
ប្រភពព័ត៌មានក្នុងស្រុកដដែល ខាងដើមបណ្តឹង បានលើកឡើងថា លោកចង់ឱ្យការិយាល័យប៉ូលីសក្រុងបាងកកស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភបំពានលើទង់ជាតិ ដើម្បីកុំឱ្យធ្វើជាគំរូអាក្រក់ដល់យុវជន ព្រោះថាបវរកញ្ញា អានស៊ីឡេ មានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម។
លោក សុនធីយ៉ា បានឱ្យដឹងទៀតថា បវរកញ្ញាចក្រវាលថៃប្រហែលជាមិនដឹងថា ការឈរលើទង់ជាតិ ត្រូវបានគេចាត់ទុកថាជាទង្វើមិនសមរម្យ ហើយលោកពិតជាចង់ដឹងថាតើកម្មវិធីប្រកួតបានធានាការអនុញ្ញាតជាមុនពីការិយាល័យនាយករដ្ឋមន្ត្រីក្នុងការប្រើប្រាស់រូបភាពទង់ជាតិ ក្នុងការផ្សព្វផ្សាយដែរឬទេ។

យ៉ាងណាមិញ លោក សុនធីយ៉ា បានលើកឡើងថា ពាក្យបណ្តឹងនេះមិនមានចេតនាឱ្យដាក់ពន្ធនាគារទេ ប៉ុន្តែគ្រាន់តែចាត់វិធានការការពារកិត្យានុភាពនៃទង់ជាតិប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោក ដែកឈា គីធីវ៉ីតថាយ៉ាណាន (Decha Kittiwitthayanan) ប្រធានបណ្តាញមេធាវីថៃមួយ បានអះអាងថា បទល្មើសប្រឆាំងនឹងទង់ជាតិ អាចជាប់ពន្ធនាគារអតិបរមា២ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ៤ម៉ឺនបាត ឬពិន័យទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនគិតថា អានស៊ីឡេ នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ព្រោះថានាងមិនមានចេតនាអាក្រក់ណាមួយឡើយ៕



ប្រភព៖ Bangkokpost


