
មមាញឹកនឹងរឿងការងារ ឬរបររកស៊ីប្រចាំថ្ងៃ បញ្ហាគ្រប់ច្រកល្ហក់ដែលត្រូវដោះស្រាយ ពេលខ្លះយើងក៏ ចង់មានពេលវេលាស្ងប់សុខបែបធម្មជាតិសម្រាប់ធ្វើឱ្យយើងមានអារម្មណ៍រំសាយពីទុកកង្វល់ទាំងនោះ ផងដែរ។ Harbor Property សុំណែនាំហាងកាហ្វេនៅជាយក្រុងភ្នំពេញមួយចំនួនសម្រាប់អ្នកដែលចង់ ធ្វើដំណើរចេញពីទីក្រុងដែលមានភាពតប់ប្រមល់ ខាងក្រោមជាហាងកាហ្វេដែលស្ថិតនៅជាយក្រុងភ្នំ ពេញ ប្រកបដោយបរិយាកាសស្ងប់សុខផងដែរ។

កាហ្វេក្បែរបងស្តាប់ទៅហាក់បីដូចជាជិតដិត ត្រូវហើយហាងកាហ្វេដ៏តូចមួយនេះពិតជាធ្វើឱ្យអ្នកដែល បានទៅផឹកកាហ្វេនៅទីនោះមានអារម្មណ៍ថាយើងកំពុងស្ថិតនៅក្នុងទៀមកាហ្វេនៅក្នុងតំបន់យើងរស់ នៅកាលពីជំនាន់ទស្សវត្សន៍៩០អ៊ីចឹង។ ហាងកាហ្វេតូចមែនពិតប៉ុន្តែមានការតុបតែងបែបស្រគត់ស្រគុំ បែបប្រពៃណីខ្មែរយើង ដែលយើងចំណាំនិយាយថា ផឹកកាហ្វេបែបម៉ាកុង ដែលមានប៉ាន់តែ កាហ្វេឆុងស្រោមជើង (មិនមែនស្រោមជើងយកមកឆុងទេប៉ុន្តែអ្នកដែលធ្លាប់ផឹកកាហ្វេ ជំនាន់មុនពិតជាដឹងហើយ ហេតុអីបានគេហៅថាកាហ្វេស្រោមជើង!)។
នៅហាងកាហ្វេនេះមានបម្រើជូនកាហ្វេដ៏មានឱជារសជាមួយនំប៉ោង នំឆាខ្វៃដាក់លើចង្អេរខ្មែរប្លែកម្យ៉ាង ដែលទាំងអស់នេះជាអត្តសញ្ញាណនៃហាងកាហ្វេនេះ។
ស្ថិតនៅជិតក្រុងតាខ្មៅ ធ្វើដំណើរប្រមាណ ២៥ នាទី ពីក្រុងភ្នំពេញ ហាងកាហ្វេនេះមានទីតាំងតូចមែនតែសម្បូរប្លង់ថតរូបណាស់ ចាប់បានគ្រប់ប្លង់ គ្រប់របស់របរ វត្ថុបុរាណចាស់ៗ ថតរូបស្ហាតបានទាំងអស់។ អង្គុយផឹកកាហ្វេ បែបលក្ខណៈ Outdoor Open Space ក្រោមដើមឈើស្រូបខ្យល់បរិសុទ្ធម្ដងទៅ។

ពីដីចម្ការក្លាយជាហាងកាហ្វេដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន បើគិតមកដល់ពេលនេះ ហាងកាហ្វេផ្ទះចម្ការពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ មានទេសភាពមាត់បឹង ហាងកាហ្វេ តុបតែងជាលក្ខណៈកញ្ជក់ដែលអាចមើលឃើញទេសភាពបឹង និងចម្ការ។
ភ្ញៀវប្រចាំនៅទីនេះភាគច្រើនជាអ្នកមកពីភ្នំពេញ សម្រាប់ថ្ងៃសៅរ៍អាទិត្យភាគច្រើនក្រុមអ្នកជិះកង់ដែលចូលចិត្តជិះកង់លេងកម្សាន្តហើយឈប់សម្រាកនៅទីនេះក្រេបយកកាហ្វេដ៏ឆ្ងាញ់ពិសា ហើយនៅទីនេះក៏មានទទួលបម្រើអាហារជាច្រើនមុខផងដែរ។
ធ្វើដំណើរត្រឹមតែ២គីឡូម៉ែត្រពីភ្នំពេញហាងកាហ្វេផ្ទះចម្ការនេះស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពិតជាសក្ដិសមសម្រាប់អ្នកធ្វើការដែលស្ត្រេសពេញមួយសប្តាហ៍ ពីការងារមករំសាយអារម្មណ៍នៅហាងកាហ្វេមួយនេះ។

ចំណែកឯហាងកាហ្វេដែលស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដែរនោះគឺស្ថិតនៅព្រែកព្នៅ ស្ថិតនៅលើផ្លូវលេខ៤២ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាប្រភេទហាងកាហ្វេបែបផ្ទះខ្មែរបុរាណ ហើយសក្ដិសមបំផុតសម្រាប់អ្នកដែលមកកាន់ទីនេះជាលក្ខណៈគ្រួសារ។
ផ្តើមចេញពីអាជីវកម្មផែនការបែបគ្រួសារ និងការស្រលាញ់បរិស្ថានផងនោះ ទើបហាងកាហ្វេនេះបានលេចចេញជារូបរាងឡើង ហើយមានបម្រើម្ហូបអាហារផងដែរជាមួយនឹងកាហ្វេដ៏ឈ្ងុយ។ ចំណុចពិសេសបំផុត គឺហាងនេះសង់ជារចនាបថផ្ទះឈើបុរាណខ្មែរដែលជាបង្គុំរវាងគ្រឿងទព្វសម្ភារ (គ្រឿងសំណង់)ចាស់ប្រមែប្រមូលយកពីតាមបណ្តាខេត្តនានា និងជញ្ជាំងធ្វើពីបង្អួច ស្លាបព្រិលសុទ្ធសាធ ហៅថា«ផ្ទះបង្អួច១០០»។

លំហែកាយនៅតំបន់ជាយក្រុងជាមួយមនុស្សជាទីស្រលាញ់ យ៉ាងណាក៏អាចធ្វើឱ្យចិត្តគំនិតបាន ស្រស់ថ្លាមួយកម្រិតផងដែរ។ ងាកមកកាន់ការវិនិយោគវិញប្រាកដណាស់សក្តានុពលតំបន់ជាយ ក្រុងភ្នំពេញវាពិតជាអំណោយផលមិនថាតែឱកាសអាជីវកម្ម អចលនទ្រព្យក៏មានការអភិវឌ្ឍគួរ ឱ្យកត់សម្គាល់ផងដែរ។ មានគម្រោងលំនៅឋាន ដីឡូតិ៍ ក៏ដូចជាឱកាសវិនិយោគលើដីធ្លីក៏មាន ច្រើន ហើយមានតម្លៃថោកជាងនៅក្នុងទីក្រុងផងដែរ។
តួយ៉ាងភាគខាងត្បូងដែលសាលារាជធានីក្រុងភ្នំពេញបានរៀបចំផែនការអភិវឌ្ឍតំបន់នោះទៅជាតំបន់បៃតង។ ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសន្ទុះការអភិវឌ្ឍកាន់តែខ្លាំង ចំណែកងាកមកមើលតំបន់ភាគខាងលិច ព្រែកភ្នៅឯណ្ណោះវិញក៏មិនថយក្រោយដែរ តម្លៃដីចាប់ហក់ឡើងបន្ទាប់ពីគម្រោងប្រែក្លាយតំបន់នេះជាកោះពេជ្រទី២ ដោយមានការអភិវឌ្ឍតំបន់នេះជាតំបន់ស្នូលនៃទេសចរនិងសេដ្ឋកិច្ចផងដែរ៕

ប្រភព៖ Harbor Property


