
រាជធានីភ្នំពេញ៖ បើកទំព័រឆ្នាំ២០២៦ តារាសម្ដែងហូលីវូដ លោកស្រី អេនជេលីឡា ជូលី (Angelina Jolie) បានដាក់លក់ផ្ទះនៅទីក្រុង Los Angeles (LA) សហរដ្ឋអាម៉េរិក ដើម្បីត្រៀមខ្លួនចាប់ផ្ដើម «ជីវិតទីពីរ»។ បើតាមសារព័ត៌មានកូរ៉េ The chosun Daily ការចាប់ផ្តើមជីវិតថ្មីរបស់តារាសម្ដែងវ័យ៥១ឆ្នាំរូបនេះ នឹងធ្វើនៅកម្ពុជា...។

សារព័ត៌មានកូរ៉េដដែល រាយការណ៍ដោយប្រើចំណងជើងធំៗថា៖ «ជូលី លក់ភូមិគ្រឹះនៅទីក្រុង Los Angeles រៀបចំជីវិតថ្មីនៅកម្ពុជា»។ The chosun ចេញផ្សាយយោងប្រភពថា ផ្ទះរបស់ លោកស្រី អេនជេលីឡា ជូលី ដែលត្រូវបានកែលម្អមួយផ្នែក កំពុងត្រូវបានដាក់លក់ដោយឆ្លងកាត់ការត្រួតពិនិត្យជាមុន។ ជូលី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរស់នៅក្នុងជីវិតមួយទៀតខុសពីទីក្រុង Los Angeles។ អចលនទ្រព្យដែលលោកស្រីដាក់លក់ គឺជាវិមាន Cecil B. DeMille ក្នុងតំបន់ Los Feliz ក្រុងLA។ វិមានដ៏ប្រណីតនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩១៣ វាល្បីល្បាញដោយសារធ្លាប់ជាផ្ទះរបស់អ្នកដឹកនាំរឿងហូលីវូដ លោក Cecil B. DeMille ដែលបានរស់នៅទីនោះប្រហែល៤០ឆ្នាំ រហូតដល់គាត់ទទួលមរណភាព។ អេនជេលីឡា ជូលី បានទិញវិមាននេះ ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ២៤,៥លានដុល្លារអាម៉េរិក។

កាលពីខែសីហាឆ្នាំមុន សារព័ត៌មានកម្សាន្តអាម៉េរិក People ធ្លាប់ចុះផ្សាយថា៖«[អេនជេលីឡា ជូលី] គ្រោងនឹងផ្លាស់ទីលំនៅភ្លាមៗ នៅពេលដែលកូនភ្លោះពៅរបស់គាត់[..]មានអាយុ១៨ឆ្នាំ នៅឆ្នាំក្រោយ(២០២៦)។ គាត់កំពុងសម្លឹងមើលប្រទេសមួយចំនួននៅបរទេស ហើយ Jolie នឹងមានក្ដីសុខខ្លាំងណាស់នៅពេលដែលគាត់អាចចាកចេញពីទីក្រុង Los Angeles បាន»។ លោកស្រី គ្រោងនឹងចាកចេញពីសហរដ្ឋអាម៉េរិក ហើយទៅរស់នៅប្រទេសកម្ពុជា ឬអឺរ៉ុប ជាមួយនឹងហេតុផលនៃជីវិតឯកជនជាងមុន។ យ៉ាងណា ទាំងសារព័ត៌មាន ទាំងលោកស្រីខ្លួនឯងផ្ទាល់ ពុំបានបញ្ជាក់ច្បាស់លាស់នោះទេថា លោកស្រីចង់ចាប់ផ្តើមមករស់នៅក្នុងប្រទេសកម្ពុជា នៅពេលណាមួយ ឬមានរយៈពេលយូរប៉ុនណា?

កម្ពុជា ជាប្រទេសដែល លោកស្រី ហៅថា ជាផ្ទះទីពីរអស់រយៈពេលជាច្រើនឆ្នាំ និងជាកន្លែងដែលតារាហូលីវូដរូបនេះមានសញ្ជាតិខ្មែរផងដែរ។ លោកស្រីអេនជេលីឡា ជូលី ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានសញ្ជាតិខ្មែរក្នុងឆ្នាំ២០០៥ បន្ទាប់ពីលោកស្រី បានបំពេញការងារសប្បុរសធម៌ និងបង្កើតមូលនិធិ Maddox Jolie-Pitt (MJP) ដើម្បីជួយកិច្ចការអភិរក្សបរិស្ថាន សុខាភិបាល និងការអប់រំនៅក្នុងខេត្តបាត់ដំបង។ លើសពីនេះ លោកស្រីបានដឹកនាំថតរឿង «First They Killed My Father» (មុនដំបូងពួកគេសម្លាប់ឪពុករបស់ខ្ញុំ) ដែលជារឿងរ៉ាវពិត ឆ្លុះបញ្ចាំងពីរបបខ្មែរក្រហមនៅកម្ពុជា។ លោកស្រី ក៏ធ្លាប់បានទទួលកុមារកម្ពុជាម្នាក់ ឈ្មោះ រ័ត្ន វិបុល ធ្វើជាកូនចិញ្ចឹមកាលពីឆ្នាំ២០០២ ខណៈបច្ចុប្បន្នយុវជនមានឈាមជ័រជាខ្មែររូបនេះ មានឈ្មោះថា Maddox Jolie-Pitt គឺជាកូនចិញ្ចឹមច្បងក្នុងចំណោមកូនៗដទៃទៀតរបស់លោកស្រី៕



