
ក្រុងព្រៃនគរ៖ តារាចម្រៀងជើងចាស់ខែ្មរកណ្តាល(កម្ពុជា)ជាច្រើនដួង បានទៅចូលរួមច្រៀង និងសម្ដែងនៅខេត្តព្រះត្រពាំង «ទឹកដីខ្មែរកម្ពុជាក្រោម» ក្នុងពិធីបុណ្យសម្ពោធសាលាធម្មសភា២ជាន់ រោងទាន ខ្លោងទ្វារ និងខួបអនុស្សាវរីយ៍១២០ឆ្នាំនៃការកសាងវត្ត ក៏ដូចជាការរាប់បាត្រប្រគេនទេយ្យទានព្រះសង្ឃ៥០០អង្គ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែមិថុនា ឆ្នាំ២០២៥។

បើយោងតាមគណនីហ្វេសប៊ុកលោក សុវត្ថិ ថាច់ Sovath Thach បានឱ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃដែនដីកម្ពុជាក្រោម ដែលប្រជាជនខ្មែរកម្ពុជាក្រោមបានទទួលសណ្តាប់នូវបទចម្រៀងពីរោះៗពីកំពូលតារាចម្រៀងខ្មែរកណ្តាល(កម្ពុជា) ជាច្រើនដួង ដែលបានអញ្ជើញចុះមកច្រៀងនៅវត្តស្វាយសៀមថ្មី ក្នុងស្រុកថ្កូវ នៃខេត្តព្រះត្រពាំង កម្ពុជាក្រោម (វៀតណាមដាក់ឈ្មោះថ្មី ខេត្តត្រាវិញ)។ កម្មវិធីប្រគំតន្ត្រីអបអរសាទរពិធីបុណ្យសម្ពោធសាលាធម្មសភា២ជាន់ រោងទាន ខ្លោងទ្វារ និងខួបអនុស្សាវរីយ៍អាយុកាល១២០ឆ្នាំ នៃការកសាងវត្តពោធិគិរីវង្សារាម ហៅ(វត្តស្វាយសៀមថ្មី) នេះ មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា ដូចជា៖ លោក ណយ វណ្ណណេត, លោក ហួរ ឡាវី, ម៉េង កែវពេជ្ជតា, កញ្ញា បាន មុន្នីល័ក្ខ, តារាចម្រៀង ទិត្យ សុធារី, លោក ឈឿន ឧត្តម តារាចម្រៀងវ័យក្មេងពីកម្ពុជា និងកម្ពុជាក្រោមមួយចំនួនទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរសាទរពិធីបុណ្យសម្ពោធសាលាធម្មសភា និងខួបអនុស្សាវរីយ៍អាយុកាល១២០ឆ្នាំ នៃការកសាងវត្តពោធិគិរីវង្សារាម ហៅ(វត្តស្វាយសៀមថ្មី) នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែរកម្ពុជាក្រោម ក្នុងស្មារតី(ខ្មែរស្រឡាញ់ខ្មែរ ឬខ្មែរតែមួយ) បើទោះបីពួកគាត់រស់នៅក្នុងប្រទេសវៀតណាមក៏ដោយ ក៏ពួកគាត់នៅតែរក្សាអត្តសញ្ញាណជាខ្មែរបានយ៉ាងល្អដដែល។ សកម្មភាពនេះ ស-បញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរិតចំណងសាមគ្គីភាពជាមួយរដ្ឋាភិបាលនៃប្រទេសវៀតណាម ក្នុងនាមជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ហើយបានអនុញ្ញាតឱ្យបងប្អូនខ្មែរកណ្តាល និងខ្មែរក្រោម បានជួបជុំគ្នាក្នុងនាមជាជាតិសាសន៍រួមឈាមតែមួយ៕

















