
រូបភាពពីផ្កាយរណប Maxar បានបង្ហាញថា កងទ័ពរំដោះប្រជាជនចិន បានសាងសង់នាវាដោយចម្លងតាមរូបរាងនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាម៉េរិក និងនាវាចម្បាំងអាម៉េរិកផ្សេងទៀត ដែលអាចជាគោលដៅសម្រាប់ហ្វឹកហាត់បាញ់គ្រាប់ធុនធ្ងន់។
ការចម្លងគំរូនាវាទាំងនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើនសមត្ថភាពប្រឆាំងនាវាផ្ទុកយន្តហោះ ជាពិសេសប្រឆាំងនឹងកងទ័ពជើងទឹកអាម៉េរិក ខណៈភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោននៅតែមានកម្រិតមួយខ្ពស់ជុំវិញបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា រូបភាពដែលបានពីផ្កាយរណបបានបង្ហាញថាពីរូបភាពពេញលេញនៃគំរូនាវាផ្ទុកយន្តហោះរបស់អាម៉េរិក ហើយយ៉ាងហោចណាស់មាននាវាពិឃាត Arleigh Burke-class ពីរគ្រឿងកំពុងសាងសង់ឡើងនៅតំបន់ដ៏ស្មុគស្មាញមួយនិងជាគោលដៅថ្មីនៅវាលខ្សាច់តាឡាម៉ាកាន(Taklamakan)។

វិទ្យាស្ថានទ័ពជើងទឹកអាម៉េរិក បានរាយការណ៍ថា អគាររោងជាងនេះត្រូវបានប្រើប្រាស់សម្រាប់ការសាកល្បងកាំជ្រួចផ្លោងចម្ងាយឆ្ងាយ ដោយដកស្រង់ពីក្រុមហ៊ុនស៊ើបការណ៍ភូមិសាស្ត្រ All Source Analysis ។
កម្មវិធីមីស៊ីលប្រឆាំងនាវាពិឃាតនេះ ត្រូវបានមើលការខុសត្រូវដោយផែនកម្លាំងគ្រាប់រុក្កែតនៃកងទ័ពរំដោះប្រជាជនចិន។ ក្រសួការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗទេជុំវិញបញ្ហានេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបង្អស់របស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ចិន កងនាវាចរណ៍របស់ផែនកម្លាំងគ្រាប់រុក្កែតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើប្រតិបត្តិការបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួនចូលទៅក្នុងសមុទ្រចិនខាងត្បូងក្នុងខែកក្កដាឆ្នាំ ២០២០។

ក្នុងប្រតិបត្តិការនេះ ចិនបានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា DF-21 ចំនួន ៦គ្រាប់ចូលទៅក្នុងដែនទឹកភាគខាងជើងនៃកោះ Spratly ដែលជាកន្លែងចិនកំពុងមានជម្លោះទឹកដីជាមួយតៃវ៉ាន់ និងប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងគីន(Antony Blinken) បាននិយាយកាលពីខែកក្កដាឆ្នាំ២០២១នេះថា សហរដ្ឋអាម៉េរិកនឹងការពារប្រទេសហ្វីលីពីន ប្រសិនបើប្រទេសនេះទទួលរងការវាយប្រហារណាមួយនៅសមុទ្រចិនខាងត្បូង ហើយបានព្រមានចិនឱ្យបញ្ឈប់ «អាកប្បកិរិយាបង្កហេតុ» របស់ខ្លួនជាបន្ទាន់៕




