ទឹកត្រីកោះកុង ផ្តើមបង្ហាញវត្តមាននៅលើទីផ្សារ ក្នុងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណៈប្រជាមានិតចិន
Y
Yuth
20 តុលា 2021 10:57 AM

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង អះអាងថា ផលិតផលទឹកត្រីកោះកុង នឹងធ្វើការបង្ហាញវត្តមាននៅលើទីផ្សារ ក្នុងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណៈប្រេជាមានិតចិន នាពេលដ៏ខ្លីខាងមុខនេះ នៅក្នុងសន្និសីទ អនឡាញ មួយ ទាក់ទងនិងសប្តាហ៍ទំនាក់ទំនង បេតិកភណ្ឌអរូបីអន្តរជាតិលើកទី០១ (វៃណាន-សានស៊ី) រវាងខេត្តកោះកុងនិងក្រុងវៃណាន ។

បើតាមលោក ស្រី សុក្រកក្កដា អនុប្រធាន ការិយាល័យទំនាក់ទំនង សាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ អះអាងថា ផលិតផលទឹកត្រីកោះកុង អាចនឹងមានវត្តមាននៅលើទីផ្សារ ក្នុងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណៈប្រេជាមានិតចិន ក្រោយចប់ ការធ្វើសន្និសីទនេះ នាថ្ងៃទី២៩ តុលា ២០២១ ខាងមុខនេះ។

ការអះអាងរបស់មន្ត្រីជំនាញនៃរដ្ឋបាលខេត្តកោះកុង នាពេលនេះ ស្តែងឡើងក្រោយកិច្ចប្រជុំពិភាក្សា ដើម្បីចងក្រងឯកសារទាក់ទងនិងសម្បត្តិបេតិកភណ្ឌអរូបី ត្រៀមចូលធ្វើសន្និសីទអនឡាន ជាមួយ ភាគីក្រុងវៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង កាលើពីម្សិលមិញនេះ ហើយក្នុងកិច្ចប្រជុំ ពិភាក្សានោះ នាយករដ្ឋបាលសាលាខេត្តកោះកុង បានសម្រេចជ្រើសរើសយក មុខម្ហូបទឹកត្រីបុកកោះកុង ដោយសារតែមុខម្ហូបនេះស្ថិតនៅក្នុងសម្បត្តិបេតិកភណ្ឌអរូបី ដែលបានកើតមានតាំងពីយូរយារណាស់មកហើយ និងជាទំនៀបទម្លាប់របស់ប្រជាជនខេត្តកោះកុង តាំងពីដូនតាមក។

នៅព្រឹកថ្ងៃទី២០ តុលា ២០២១ នេះ លោក ស្រី សុក្រកក្កដា អនុប្រធាន ការិយាល័យទំនាក់ទំនង សាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងយុទ្ធនាការ ចុះពិនិត្យសកម្មភាពផលិតទឹកត្រីបុកកោះកុង របស់សមាគមនារី តំបន់រមណីយដ្ឋានធម្មជាតិ ពាមក្រសោប លោកបានបញ្ជាក់ថា ផលិតផលទឹកត្រីបុកកោះកុង អាចនឹងមានឱកាស់ នៅលើទីផ្សារពាណីជ្ជកម្ម នៅក្នុងក្រុងវៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ជាក់ជាពុំខានឡើយ ខណៈទឹកត្រីបុកកោះកុងកំពុងមានឈ្មោះបោះសំឡេង និងមានទីផ្សារល្អនៅគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ឡឹម អៀរ ប្រធានសមាគមកែច្នៃផលិតផលទឹកត្រីបុកកោះកុង តំបន់រមណីយដ្ឋានធម្មជាតិ ពាមក្រសោប បានរៀបរាប់ថា រូបគាត់ទទួលបានចំណេះដឹងនេះ ដោយការចេះតៗគ្នាពីមួយជំនាន់ មកដល់មួយជំនាន់រហូតមកដល់បច្ចុប្បន្ន ហើយភ្ញៀវទេសចរ តែងតែសួររកទិញទឹកត្រីបុកកោះកុង ជារៀងរាល់ថ្ងៃ ព្រោះតែវាមានរសជាតិឆ្ងាញ់ជាងត្រីបុក ណដែលភ្ញៀវទេសចរបានទិញមកពីខាងក្រៅខេត្តកោះកុង ។

ប្រធានសមាគមកែច្នៃផលិតផលទឹកត្រីបុកកោះកុង តំបន់រមណីយដ្ឋានធម្មជាតិ ពាមក្រសោប អះអាងថា ដើមឡើយប្រជាសហគមន៍ អាចលក់ទឹកត្រីបុកកោះកុង ឱ្យភ្ញៀវទេសចរបានជិត៥០ដប ក្នុងមួយថ្ងៃ ដោយក្នុងមួយដបតម្លៃ៥,០០០រៀល ខណៈបច្ចុប្បន្នមានការបញ្ជាទិញ កើនឡើងជាបន្តបន្ទាប់ ពីភ្ញៀវតាមបណ្តាខេត្តផ្សេងៗមានតម្រូវការច្រើន ហើយពួកគាត់កាន់តែសប្បាយចិត្តនិងធ្វើកិច្ចការបន្តទៀតដែរ។

ថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង លោកស្រី សម្បូរ សោភា បានបង្ហាញក្ដីរីករាយខ្លាំងណាស់ គ្រាបានឃើញប្រជាពលរដ្ឋបានរក្សានិងបង្កើតនូវស្នាដៃនេះឡើងបានយ៉ាងល្អប្រសើរបែបនេះ ដែលខេត្តផ្សេងៗក្រៅពីតំបន់ជាប់សមុទ្រ ពុំធ្លាប់មានសោះតាំងពីដើមឡើយមក ។ចំពោះសមាគមនារី កែច្នៃផលិតផលទឹកត្រីបុកកោះកុង លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងខេត្ត បន្តថែរក្សាប្រពៃណីទំនៀមទម្លាប់នៃការផលិតទឹកត្រីបុកកោះកុង ឱ្យបានជាប់លាប់ កុំឱ្យបាត់បង់ ព្រោះទឹកត្រីបុកកោះកុងនេះ អាចបង្កើនសក្កដានុពល ទាក់ទាញភ្ញៀវទេចរចូលមកខេត្តកោះកុងបានច្រើន បង្កើតការងារនិងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋរបស់យើងបន្ថែមលើមុខរបេនេសាទ រហូតដល់ទៅអនាគត ។

ឆ្លើយតបនិងផលិតផលដែលជាស្នាដៃ របស់ពលរដ្ឋខ្មែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងនាំយកស្នាដៃផលិតផល ទឹកត្រីបុកកោះកុង នេះទៅធ្វើបទបង្ហាញនៅក្នុងសន្និសីទ អនឡាញ ដែលទាក់ទងនិងសប្តាហ៍ទំនាក់ទំនង បេតិកភណ្ឌអរូបីអន្តរជាតិលើកទី០១ (វៃណាន-សានស៊ី) រវាងខេត្តកោះកុងនិងក្រុងវៃណាន នៅថ្ងៃទី២៩ តុលា២០២១ ខាងមុខនេះ ដើម្បីឆ្ពោះទៅកាន់ទីផ្សារនៅសាធារណៈរដ្ឋប្រជាមានិតចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត