
ទួលគោកគឺជាខណ្ឌដ៏ធំមួយស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅ បន្ទាប់ពីខណ្ឌបឹងកេងកង និងចម្ការមន។ ខណ្ឌទួលគោកត្រូវបានបែងចែកជា ១០ សង្កាត់ និង ១៤៣ ភូមិ ដែលមានផ្ទៃដី ៧,៩៩ គីឡីម៉ែត្រការ៉េ និងមានប្រជាជនជាង ១៤៥.០០០ នាក់។ទួលគោកមានសង្កាត់សំខាន់ៗចំនួនពីរគឺសង្កាត់បឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុតសម្រាប់លំនៅឋានជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសមានផ្លូវធំទូលាយចំនួន ៣ គឺផ្លូវ ២៨៩ ៣១៥ និង ៣៣៧។ នៅលើផ្លូវទាំង៣នេះ រួមមានអគារពាណិជ្ជកម្មខ្ពស់ៗ អាផាតមិន ផ្សារទំនើប ធនាគារ និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។
លោក សៀក នារីតី ដែលជាប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា៖ “ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលមានផ្លូវល្អប្រសើរ ដោយតភ្ជាប់ជាមួយផ្លូវធំៗជាច្រើនដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង ផ្លូវលេខ២៧១ ផ្លូវលេខ១៨២ និងផ្លូវពាណិជ្ជកម្មជាច្រើនផ្សេងទៀត” ។

ដោយសារតែវាជាតំបន់មានការអភិវឌ្ឍរីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ DeCastle ខុនដូ Nobeless ខុនដូ Royal Platinum ខុនដូធីខេស្តារ ផ្សារទំនើបធីខេ SAMAI square និងHCN Mall and Residence ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ និងបឹងកក់ ២។

ទន្ទឹមនឹងនេះ លោក Roshan Lal ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Rentex Property Service បានលើកឡើងថា៖ “ខណ្ឌទួលគោកសម្បូរអភិជនជាច្រើនរស់នៅក្នុងខណ្ឌនេះ បើប្រៀបធៀបទៅនឹងខណ្ឌចម្ការមន និងខណ្ឌផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។ ខណ្ឌនេះមានផ្លូវធំទូលាយ និងស្អាតៗជាច្រើន ដែលជាការទាក់ទាញដល់គម្រោងជាច្រើនដូចជាគម្រោងលំនៅដ្ឋាន និងផ្សារទំនើបជាដើម”។

លោក Roshan បានបន្ថែមផងដែរថា ខណ្ឌទួលគោកគឺជាជម្រើសទីមួយសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានជាលក្ខណឯកជន។ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ខណ្ឌទួលគោកមានសក្តានុពលច្រើនចំពោះអចលនទ្រព្យសម្រាប់ជួល។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គាត់ជឿជាក់ថាខណ្ឌនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅកណ្តាលក្រុងភ្នំពេញ បន្ទាប់ពីខណ្ឌចម្ការមន និងខណ្ឌបឹងកេងកង។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633


