ក្រុម«អាវក្រហម»ថៃ ត្រលប់មកធ្វើបាតុកម្ម ចំខួប១៥ឆ្នាំរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន
S
SeangShelby
20 កញ្ញា 2021 02:11 AM

បាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មតាមដងផ្លូវនៃរាជធានី បាងកក នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ដើម្បីរំឭកខួប១៥ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធា ដែលទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។

អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅបរទេស នៅតែមានប្រជាប្រិយភាពខ្លាំងក្លាក្នុងនយោបាយរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីពួកយោធា បានផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់លោកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។

ក្រុមបាតុករថៃទាំងនេះ ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យថៃ បានដាក់តាំងរូបក្រដាសដែលធ្វើចេញជារូបរាង «រថគ្រោះ» មួយគ្រឿង សំដៅតំណាងឲ្យពាក្យស្លោកនៃការធ្វើបាតុកម្មរបស់ពួកគេគឺ «រថយន្តប្រឆាំងនឹងរងគ្រោះ» ។

ក្រុមបាតុករមកពីគ្រប់ស្រទាប់វណ្ណៈ ខុសពីបាតុកម្មរាល់ដងចាប់ពីខែកក្កដាមក បានចុចស៊ីផ្លេរឡាននិងម៉ូតូ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ លោក ប្រាយុទ្ធ គឺជាអតីតមេបញ្ជាការកងទ័ពជើងគោកថៃ ដែលឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ប្អូនស្រីលោកថាក់ស៊ីន កាលពីឆ្នាំ២០១៤ ។

តាមទីភ្នាក់ងារព័ត៌មាន AFP លោក ណាតាវុធ ស៊ៃគួ (Nattawut Saikuar) អ្នកនយោបាយថៃម្នាក់ដែលជាយូរមកហើយស្មោះស្ម័គ្រនឹងលោកថាក់ស៊ីន បានស្រែកថា «១៥ឆ្នាំកន្លងផុតទៅ យើងនៅតែបន្តឈរនៅទីនេះដើម្បីប្រយុទ្ធតវ៉ា»។

នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ ដែលលើកបដានិងទង់ថា «ទម្លាក់ប្រាយុទ្ធចេញ» លោក ណាតាវុធ អះអាងទៀតថា៖ «ទោះបីជាមានរដ្ឋប្រហារប៉ុន្មានលើកក៏ដោយ វាពុំអាចបញ្ឈប់យើង ។ ទោះបីជារថគ្រោះពួកគេខ្លាំងប៉ុណ្ណាក៏ដោយ វាក៏មិនអាចរារាំងបេះដូងប្រយុទ្ធរបស់ពលរដ្ឋថៃបានដែរ»

មែនទែនទៅ ប្រទេស ថៃ បានទទួលរងការធ្វើរដ្ឋប្រហារជិត២០លើកមកហើយ គិតចាប់ការបិទបញ្ចប់ប្រព័ន្ធនយោបាយ «រាជានិយមផ្ដាច់ការ» ក្នុងឆ្នាំ១៩៣២មក ហើយការធ្វើរដ្ឋប្រហារភាគច្រើន គឺរៀបចំដោយក្រុមយោធា ដែលជារឿយៗអះអាងថាក្រោមហេតុផលការពារសែរាជវាំងដ៏មានឥទ្ធិពលក្នុងប្រទេសថៃ។

ការរះត្រដែតឡើងនៃមហាសេដ្ឋីទូរគមនាគមន៍ថៃ លោក ថាក់ស៊ីន ក្នុងឆាកនយោបាយ ត្រូវបានលើកស្ទួយដោយអ្នកគាំទ្រថៃ ហៅខ្លួនឯងថា «ក្រុមអាវក្រហម»។ ភាគច្រើននៃក្រុមនេះ គឺជាពលរដ្ឋថៃមកពីប្រជាជនថៃក្រីក្រ នៅតាមបណ្ដាខេត្ត ដែលគាំទ្រលោកថាក់ស៊ីក សម្រាប់ការចូលរួមវិភាគទានរបស់លោកតាមបែបគោលនយោបាយ «ប្រជានិយម» ដូចជា​ ការផ្ដួចផ្ដើមប្រព័ន្ធថែទាំសុខភាពសកល ជាដើម។

យ៉ាងណាមិញ លោក ថាក់ស៊ីន ត្រូវបានស្អប់ខ្ពើមពីសំណាក់ក្រុមអ្នកមានលុយ និងអំណាច ក៏ដូចជា យោធាគ្រាក់ៗ ដែលក្រុមនេះ បានប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយស៊ីរូងក្នុង «ជាលក្ខណៈប្រព័ន្ធ» ពោលគឺពីថ្នាក់លើដល់ថ្នាក់ក្រោម គ្មានសេសសល់ចន្លោះត្រង់ណាឡើយ។

ទន្ទឹមនេះ ឥទ្ធិពលរបស់លោកថាក់ស៊ីន ក្នុងឆាកនយោបាយថៃដែលអាចពិពណ៌នាបានថា «ចិញ្ចឹមគ្នាទៅវិញទៅមករវាងក្រុមយោធាគ្រាក់ៗ អ្នកមានលុយ និងអ្នកនយោបាយ» នៅបន្តជ្រាបចូលក្នុងព្រះរាជាណាចក្រមួយនេះ ទោះបីជាក្រោយការទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីលោក គឺលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ « Yingluck» កាលពីឆ្នាំ២០១៤ ដោយលោកប្រាយុទ្ធក៏ដោយក្តី។

ជាការពិតណាស់ ឧត្តមសេនីយ៍ថៃរូបនេះ បានគ្រប់គ្រងប្រទេសអស់ជាង៤ឆ្នាំក្នុងនាមជាមេរដ្ឋប្រហារ មុននឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០១៩ ។​​ សម្រាប់ជ័យជម្នះនេះដែរ មួយផ្នែកធំកើតឡើងទៅបានដោយសារតែ​រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលព្រាងឡើងដោយរបបសឹកកាលនោះ ដែលទីបំផុតប្រគល់កៅអីព្រឹទ្ធសភាទាំង២៥០ឲ្យយោធា។

 លោក ណាតាវុធ
 លោក ណាតាវុធ

យ៉ាងណាក៏ដោយចុះ ប្រាប់ទីភ្នាក់ងារព័ត៌មាន  AFP លោក ណាតាវុធ បានលើកឡើងថា លោក ប្រាយុទ្ធ មានពេលច្រើនណាស់ដើម្បីអភិវឌ្ឍប្រទេសថៃ ប៉ុន្តែពេលនេះ ប្រទេសស្ថិតក្នុងវិបត្តិ ដោយសេដ្ឋកិច្ច សង្គម និងនយោបាយ កំពុងដាំក្បាលចុះ។

សូមបញ្ជាក់ថា កាលពីដើមខែនេះ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ បានរួចខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្តពីសភា ហើយនេះជាលើកទី៣របស់លោកហើយ ចាប់តាំងពីឆ្នាំ២០១៩។ ក្រោយការបោះឆ្នោតសភានេះ អនុរដ្ឋមន្ត្រីរបស់បក្សលោកពីរនាក ក៏ត្រូវបានដកហូតតំណែងផងដែរ ដោយលោកចោទថា អ្នកនយោបាយពីរនាក់នេះ មិនស្មោះត្រង់នឹងបក្ស ពោលគឺហ៊ានប៉ះសម្តីជាមួយនាយករដ្ឋមន្ត្រីនៅពេលការជជែកដេញដោលរបស់សភា។ ម្យ៉ាងវិញទៀត បក្សប្រឆាំងថៃ ក៏កំពុងរៀបចំចាត់វិធានការផ្លូវច្បាប់ដើម្បីស៊ើបអង្កេតលើភាពមិនក្រតី ដែលថា លោកប្រាយុទ្ធយកលុយទៅទិញទឹកចិត្តសមាជិកសភា ដើម្បីឈរខាងលោកទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត