
(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលករខ្មែរជាច្រើនរយនាក់បាននាំគ្នាសម្រុកចេញពីប្រទេសថៃតាមបណ្តាច្រកសំខាន់ៗមួយចំនួន ដូចជា ច្រកបឹងត្រកួន ម៉ាឡៃ អូរបីជាន់ ។ល។ ត្រូវបានអាជ្ញាធរដឹកជញ្ជូនតាមរថយន្តកងទ័ព ទៅស្នាក់នៅមណ្ឌលចាត្តាឡីស័កតាមព្រំដែន និងខ្លះទៀតត្រូវបានដឹកបញ្ជូនទៅមណ្ឌលចត្តាឡីស័កមង្គលបូរី ក្រោយពីក្រុមគ្រូពេទ្យយកសំណាកមិនមានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
លោកឃាម ចាន់ធា សមាជិកក្រុមប្រឹក្សាស្រុកមង្គលបុរី បានឱ្យអង្គភាពសារព័ត៌មាន SBM News ដឹងតាមតេឡេក្រាមថា នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១ មានបងប្អូនពលករត្រឡប់មកពីប្រទេសថៃជាច្រើននាក់ ត្រូវបានដឹកតាមរថយន្តកងទ័ព ចំនួន២រថយន្តចំនួន៤០នាក់ ស្រី១៤នាក់ មកស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កទី១ នៃវិទ្យាល័យមង្គលបុរី ដោយមានការទទួលស្វាគមន៍ ពីគណៈគ្រប់គ្រងមណ្ឌល ក្រុមគ្រូពេទ្យ និងក្រុមការងារ។

ទន្ទឹមនឹងនោះដែរ គណៈគ្រប់គ្រងមណ្ឌលបានរៀបចំបន្ទប់ស្នាក់នៅ អាហារសម្រាប់បរិភោគ និងទឹកពិសាបរិសុទ្ធ ព្រមទាំងសម្ភារៈ(ឃីត) ក្នុង១នាក់១ឈុត រួមមាន: កន្ទេល មុង ភួយ ខ្នើយ សារុង និងក្រមា ជូនរួចរាល់ផងដែរ។ ប្រជាពលករទាំងនោះ ត្រូវបានអាជ្ញាធរត្រួតពិនិត្យសុខភាព ម្ដងរួចមកហើយ អំឡុងពេលឆ្លងដែនចូលមកប្រទេសវិញ ដោយមានការយកសំណាក និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនអនុញ្ញាតឱ្យបន្តដំណើរមកធ្វើចត្តាឡីស័កនៅទីនេះ។
លោកក្រុមប្រឹក្សាស្រុករូបនេះ បន្ថែមថា អាជ្ញធរមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ចំពោះពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ព្រោះតែប្រទេសថៃមានការឆ្លងនូវមេរោគបំប្លែងថ្មី ដែលតា កម្រិតខ្ពស់ ហើយក្នុងនោះយើងមិនដឹងថា ប្រជាពលករយើងរូបណាដែលមានផ្ទុកមេរោគកាច សាហាវនោះចូលមកតាមឡើយ ដូចនេះ មានតែការប្រុងប្រយ័ត្ន និងអប់រំពួកគាត់ឱ្យយល់ដឹងពី ហានិភ័យនៃមេរោគនេះទេទើបអាចកាត់ផ្តាច់ការចម្លងតគ្នាបាន។ លោកថា ការអនុវត្តវិធានការ៣ការពារ និង៣កុំ វាសំខាន់ណាស់ ដែលប្រជាពលករគ្រប់រូបត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យមេរោគនេះឆ្លងចូលខ្លួនយើងបាន ហើយបង្កគ្រោះថ្នាក់ដល់ជីវិត..៕










