
(ខេត្តកំពង់ចាម)៖ អ្នកភូមិស្វាយពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ បានរាយការណ៍ថា ក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ មានអ្នកចូលរួមលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលយ៉ាងពេញបន្ទុក។
ប្រភពពីប្រជាពលរដ្ឋបន្តថា មានការបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ក្នុងមូលដ្ឋានពួកគាត់ យ៉ាងរលូន ដោយមិនទាន់ឃើញ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់នៅឡើយទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋចោទថា ករណីប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ប្រព្រឹត្តទៅយ៉ាងរលូន គឺដោយសារតែមានការបើកដៃពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយពោធិ៍ និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ។ ពលរដ្ឋខាងលើបន្តថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះ ល្បែងស៊ីសងខុសច្បាប់ក្នុងឃុំស្វាយពោធិ៍ និងបណ្តាឃុំដទៃទៀត ក៏មិនអាចកើតឡើងទេ។
អង្គភាពសារព័ត៌មាន SBM News មិនទាន់ទាក់ទងសុំការបំភ្លឺពី លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បាននៅឡើយទេ ដោយទូរសព្ទខលមិនចូល។
ទាក់ទិនករណីប្រមូលផ្តុំប្រព្រឹត្តល្បែងសុីសងនេះ លោក ជា ធារិទ្ធ ស្នងការរងដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ប្រាប់មកកាន់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទថា លោកពុំទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកថា នឹងជំនាញ(មន្ត្រីជំនាញ)ធ្វើការស្រាវជ្រាវ ហើយបើសិនជារកឃើញករណីបែបនេះមែន លោកថានឹងចាត់ការតាមផ្លូវច្បាប់៕


