ទោះកន្លងទៅច្រើនឆ្នាំ! រឿងខ្មោចខ្មែរទាំង១០រឿងនេះ នៅតែបន្លាចអារម្មណ៍មហាជនជានិច្ច
S
SM
11 សីហា 2021 02:30 PM

បើនិយាយពីភាពយន្តបែបអភិនីហារបស់ខ្មែរដែលធ្វើឱ្យអ្នកទស្សនាភ័យរន្ធត់ ព្រឺក្បាល រហូតដល់បិទភ្នែកមើល ស្រែករង្គើរោងភាពយន្តនោះ ច្បាស់ណាស់ដែលថាមហាជននឹងមិនភ្លេចចំណងរឿងទាំង ១០រឿងខាងក្រោមនេះឡើយ ព្រោះថា ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក្ដី ប៉ុន្តែរឿងនេះនៅតែដក់ជាប់ក្នុងដួងចិត្តមហាជន និងនៅតែជាភាពយន្តដែលគួរឱ្យខ្លាចបំផុតដដែល ទោះបីជាមើលប៉ុន្មានដងហើយក៏ដោយ។ ក្នុងនោះមានដូចជារឿង៖ 

១. រឿង “ខ្មោចនាងភូមរី”

ខ្សែភាពយន្តមួយនេះសម្តែងដោយគូស្វាមីអ្នកសិល្បៈគំរូលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា។ ជាពិសេសរឿងខ្មោចមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលនិយាយអំពីខ្មោចស្រីបានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួលព្រោះរំលូតកូន។

២ . រឿង “នាងនាថ”

ថ្លែងពីរឿងខ្មោចបុរាណនេះវិញក៏ទទួលបានការគាំទ្រដូចគ្នាដែលផលិតក្នុងឆ្នាំ២០០៤ របស់ផលិតកម្ម ខេមប្រូ ភាពយន្ត និយាយពីជីវិតប្ដីប្រពន្ធត្រូវរស់នៅបែកគ្នា ប្ដីទៅរកស៊ីផ្លូវឆ្ងាយ រីឯប្រពន្ធត្រូវរស់នៅ ម្នាក់ឯងហើយសម្រាលកូនមិនរួចក៏បានស្លាប់នាវេលានោះ។ ទោះនាងក្លាយជាខ្មោចក៏នាងនៅតែរង់ចាំប្ដីត្រលប់មកវិញ។

៣. រឿង “ភូមិគ្រឹះខ្មោច”

ខ្សែភាពយន្តនេះក៏បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ដូចគ្នា ក្រោមផលិតកម្ម ខេមប្រូ ភាពយន្ត ឆ្លុះបញ្ចាំងពីបុរសម្នាក់ដែលធ្វើអត្តឃាតបញ្ចប់ជីវិតដោយបាញ់សម្លាប់ខ្លួនឯងក្លាយទៅជាខ្មោចចងគំនុំមិនឱ្យអ្នកណាយកភូមិគ្រឹះរបស់ខ្លួនបាន។

 ៤. រឿង “ខ្មោចដើមចេកជ្វា”

ខ្សែភាពយន្តខ្មែរដ៏ល្អមើលនេះជាស្នាដៃរបស់ផលិតករ លោក ហ៊ុយ យ៉ាឡេង ផលិតក្នុងឆ្នាំ២០០៥។ ហេតុតែក្ដីស្រឡាញ់ចំពោះប្ដីជ្រាលជ្រៅពេកទោះខ្លួនស្លាប់ហើយក្ដីក៏នៅចង់មកយកជីវិតប្ដីទៅនៅជាមួយ ព្រមទាំងវារតាមស្លឹកចេកចូលតាមមាត់បង្អួតទៅសម្លាប់ប្ដី។

៥. រឿង “ផ្ទះខ្មោចទិញ”

ខ្សែភាពយន្តខ្នាតធំមួយនេះបានផលិតក្នុងឆ្នាំ២០០៥ ពីផលិតករលោក  ហ៊ុយ យ៉ាឡេង ដោយផ្តោត លើរឿងពិតនៅស្រុកបរិបូណ៌ដែលមានផ្ទះមួយត្រូវខ្មោចទិញ ហើយក៏ត្រូវគេបោះបង់ចោលចាប់ពីពេលនោះមក។

៦. រឿង “ខ្មោចព្យាបាទ”

ខ្សែភាពយន្តល្បីនេះមានការចូលរួមសម្តែងដោយ តារាចម្រៀងឱក សុគន្ធកញ្ញា មាស សុខសោភា នឹងតារាល្បីៗជាច្រើនទៀត។ ដោយសារតែត្រូវគេរំលោភនាងបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងក្លាយទៅជាខ្មោចចាំសងសឹកដោយផ្ញើសារតាមទូរសព្ទកំណត់ពីពេលវេលាអស់ជីវិត។

៧. រឿង “ព្រាយកន្ទោងខៀវ”

ខ្សែភាពយន្តមួយនេះបានឆ្លុះបញ្ចាំងពីអបិយជំនឿរបស់អ្នកជនបទ តែងមានជំនឿបន់ស្រន់ និងសែនព្រេងដោយការរៀបចំសែនពរថ្វាយដល់ព្រាយកន្ទោងខៀវ។

៨. រឿង “ខ្ទមមរណៈ”

វិញ្ញាណប្ដីប្រពន្ធមួយគូបានក្លាយទៅជាព្រលឹងតាយហោងដោយសារតែគេសម្លាប់នៅក្នុងខ្ទមមួយ។ ហើយខ្មោចប្ដីប្រពន្ធនោះបានលងបន្លាយអ្នកភូមិគ្មានអ្នកណាទៅខ្ទមនោះបានទេ ថែមទាំងសាហាវផ្តាច់ជីវិតអ្នកដែលបានទៅទីនោះទាំងអស់។ 

៩. រឿង “អណ្តូងអាថ៌កំបាំង”

អណ្តូងបង្កប់ទៅដោយរឿងរ៉ាវលាក់កប់ទុកជាយូរហើយបោះបង់វាចោលដោយសារតែគេជឿថាក្នុង អណ្តូងនេះមានព្រលឹងសណ្ឋិតនៅ។ ជាការពិតនៅក្នុងអណ្តូងនោះមានខ្មោចស្រីដែលគេបានសម្លាប់ហើយយកទៅចោលក្នុងនោះ។

១០. រឿង “ល្បែងសួរខ្មោច”

ខ្សែភាពយន្តនេះផលិតនៅឆ្នាំ២០០៦ របស់ផលិតកម្ម ខេមប្រូ ភាពយន្ត និពន្ធដោយអ្នកស្រីម៉ៅ សំណាង។ រឿងនេះនិយាយពីយុវវ័យមួយក្រុមបបួលគ្នាធ្វើដំណើរកម្សាន្តហើយពួកគេក៏ជួបប្រទះគ្រោះថ្នាក់ដល់ជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត