ប្រវត្តិត្រួសៗរបស់អង្គការ ហ្វាពន្លឺសិល្បៈ​ ក្រោយសហស្ថាបនិកលោក ស្រី បណ្ដូល មរណ.ភាពថ្មីៗដោយ កូវីដ-១៩
ភូមិន្ទ
05 សីហា 2021 05:30 AM

ជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ក្រុមគ្រួសារ អង្គការ ហ្វាពន្លឺសិល្បៈ ក៏ព្រោះតែលោក ស្រី បណ្ដូលសហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ ជាអង្គការមួយជួយដល់កុមារកំព្រា និងផ្ដល់ចំណេះជំនាញដល់មនុស្សជាច្រើនពាន់នាក់នោះ បានទទួលមរណៈ.ភាព នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺ កូវីដ-១៩។ មរណភាពរបស់លោកបានធ្វើឱ្យរំជើបរំជួលដល់ដួងចិត្តមហាជនក្នុងនិងក្រៅប្រទេស រហូតដល់មានការដាក់តាំងរូបបង្ហាញពីការកាន់ទុក្ខដល់រូបលោកយ៉ាងផុរផុលពេញបណ្ដាញទំនាក់ទំនងសង្គម។ តើលោកមានប្រវត្តិកំណើតបែបណា? ហើយតើ ហ្វាពន្លឺសិល្បៈ មានចំណែកជួយដល់សង្គមបែបណាខ្លះ ទើបលោកទទួលបានការអាណិតស្រឡាញ់ពីមហាជនខ្លាំងបែបនេះ?

ប្រវត្តិសង្ខេបរបស់លោក ស្រី បណ្ដូល និងការកកើត ហ្វាពន្លឺសិល្បៈ

លោក ស្រី បណ្ដូល កើតនៅឆ្នាំ ១៩៧៣ នៅខេត្តបាត់ដំបងភាគពាយ័ព្យនៃប្រទេសកម្ពុជាក្នុងគ្រួសារមួយដែលមានសមាជិក ១០ នាក់។ លោក បណ្ដូល បានចំណាយពេលភាគច្រើនក្នុងវ័យជំទង់នៅក្នុងជំរុំជនភៀសខ្លួន​សាយ​ធូ នៅព្រំដែនកម្ពុជា-ថៃ។

នៅទីនោះលោកទទួលបានការបណ្តុះបណ្តាលសិល្បៈជាមូលដ្ឋានក្នុងទម្រង់ជាថ្នាក់គំនូរដែលដឹកនាំដោយអ្នកស្ម័គ្រចិត្តមនុស្សធម៌ជនជាតិបារាំង ឈ្មោះ Véronique Decrop ​ពី​ឆ្នាំ​១៩៨៧ ​ដល់​ឆ្នាំ​១៩៩២។

ដោយ​ចេញពី​ការស្រឡាញ់​និង​ចូលចិត្ត​សិល្បៈ និង​ការលើកទឹកចិត្ត​ពី​អ្នកគ្រូ​របស់លោក លោក​និង​មិត្តភក្តិ​របស់លោក​បានសម្រេច​ចិត្ត​ថា នឹង​បើក​កន្លែង​មួយ​ដើម្បី​ឲ្យ​កុមារ​មានឱកាស​បាន​រៀន​គូរគំនូរ​ដូច​ពួកគាត់​។ ក្រុម​របស់លោក​បង្កើត​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅក្នុង​ខេត្តបាត់ដំបង​នៅ​ចុងឆ្នាំ​១៩៩៤​។ អង្គការ​នេះ​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​១៩៩៥​។​ អង្គការ​នេះ​បាន​ជួយ​កុមារ​ដែលមាន​ការលំបាក​នៅក្នុង​ជីវិត​ឲ្យ​បាន​រៀនសូត្រ មានការ​ងារ​ធ្វើ និង​បានផ្តល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ កុមារ​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន អំពើ​កេងប្រវ័ញ្ច អំពើហិង្សា​ក្នុង​គ្រួសារ​និង​តាមផ្លូវ និង​កុមារ​ដែលមាន​ការ​ប្រឡូក​នឹង​គ្រឿងញៀន​ឲ្យ​បាន​ចូលរៀន​ផងដែរ​។

ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក អង្គការ​ហ្វារ​បាន​រៀបរៀង​កម្មវិធីសិក្សារ​បស់​ខ្លួន​នានា និង​ថែមទាំង​បាន​ពង្រីក​ខ្លួន​ទៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៣​។ ​សិស្សក្នុងសាលានេះ​អាច​ជ្រើសរើស​ជំនាញ​សិល្បៈ​ដូចជា គូរគំនូរ គំនូរជីវចល សូន​រូប តន្ត្រី របាំ សៀក និង​សិល្បៈ​ផ្នែក​កាយសម្ព័ន្ធ​ផ្សេងៗ​ទៀត​។ ហើយ​ទន្ទឹមនឹង​នេះដែរ ពួកគេ​អាច​បន្ត​ការសិក្សា​ចំណេះដឹង​ទូទៅ​របស់​ពួកគេបានទៀតផង​។​

ក្នុងស្មារតីជួយជាតិមាតុភូមិប្រកបដោយគុណធម៌មិនគិតពិការហត់នឿយនេះហើយ ទើបលោក ស្រី បណ្ដូល ទទួលបានការឱ្យតម្លៃនិងគោរពស្រឡាញ់ពីមហាជនទាំងជាតិនិងអន្តរជាតិ ហើយការបាត់បង់រូបលោកយ៉ាងឆាប់រហ័សបែបនេះ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រគួរឱ្យសោកសង្រេងជាទីបំផុត។

គួរបញ្ជាក់ថា យោងតាមការប្រកាសពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា “លោក សាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិក របស់អង្គការ #ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរ.ណៈភាពនៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺ #កូវីដ-១៩។ យើងខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោកសាស្ត្រាចារ្យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ។ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព - រូបំ អនិច្ចំ ទុក្ខំ អនត្តា”

ប្រភព៖ mutualart

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត