ប្រកាសបើកដំណើរការផ្សារកណ្តាលឡើងវិញ ប៉ុន្តែវិធានការសុខាភិបាល និងរដ្ឋបាល ត្រូវបានបន្តរឹតបន្តឹង
SBM News
26 កក្កដា 2021 11:48 AM

(រាជធានីភ្នំពេញ)៖ ផ្សារកណ្តាល ដែលមានទីតាំង ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ត្រូវបាន​អនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ ចាប់គិតពីម៉ោងសូន្យ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាម​សេចក្តីសម្រេចរបស់​រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២១នេះ។

មានអនុញ្ញាតឱ្យបើកដំណើរការផ្សារឡើងវិញ ប៉ុន្តែវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវបានអាជ្ញាធរបន្តរឹតបន្តឹង..

យោងតាម​ប្រការ២ នៃ​សេចក្តីសម្រេចនេះ «អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ដ្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្ដអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន»។

ក្នុង​អំឡុងនៃ​ការ​បើកដំណើរការផ្សារឡើងវិញនេះ ករណីមាន​បុគ្គលមិនពាក់ម៉ាស និង​រក្សាគម្លាត​បាន​ត្រឹមត្រូវ គណកម្មការផ្សារ​ ត្រូវសហការជាមួយមន្ត្រីជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បីអនុវត្តការផាក​ពិន័យជាបន្ទាន់ចំពោះ​បុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី២០០.០០០ ដល់១.០០០.០០០រៀល។

លើសពី​នេះ អាជ្ញាធរ ហាមការ​ជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី​មាន​ការជួបជុំខុសពីការណែនាំនេះ គណកម្មការផ្សារ​ ត្រូវសហការជាមួយមន្ត្រីជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បីអនុវត្តការផាក​ពិន័យជាបន្ទាន់ចំពោះ​បុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍២០០០.០០០រៀល។ សូមជម្រាបថា ផ្សារបឹងកេងកង​ត្រូវបាន​បិទជាបណ្តោះអាសន្ន​ចំនួន​២លើករួចហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត