មហាជនរិះគន់ថៃគ្រោងសាងសង់អង្គរវត្តថ្មី ដូចលាជផ្ទុះ ខណៈអាជ្ញាធរពាក់ព័ន្ធស្ងប់ស្ងាត់ដូចមិនមានរឿងអ្វីសោះ..?
អាន ប៊ុនរ័ត្ននៈ
05 កក្កដា 2021 10:34 AM

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះមានធ្លាយព័ត៌មានអំពីគម្រោងសាងសង់ប្រាសាទអង្គរវត្ត លើបណ្តាញសង្គមហ្វេស ប៊ុក តាមរយៈការបង្ហោះរបស់ម្ចាស់គណនីមួយឈ្មោះ «បុរាណាចារ្យ» នូវរូបភាពជាច្រើនសន្លឹកស្តីអំពីការសាងសង់ប្រាសាទបុរាណមួយថ្មី យកលំនាំតាមប្រាសាទអង្គរវត្ត ដោយដាក់ឈ្មោះថ្មីថា «សីហនគរ» ធ្វើឲ្យមហាជនផ្ទុះកំហឹងដូចលាជផ្ទុះ ប៉ុន្តែងាកមកមើលអាជ្ញាធរពាក់ព័ន្ធស្ងប់ស្ងាត់ ហាក់ដូចជាអត់ដឹងរឿង..។

ប្រភពម្ចាស់គណនី «បុរាណាចារ្យ» បានបង្ហោះរូបភាពជាមួយ និងសំណេរខ្លីរបស់ខ្លួនថា « នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ ដែលបានសាងសង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ  មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០  ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតឲ្យមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំឲ្យដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម»។

ទោះយ៉ាងណា គេនៅមិនទាន់ឃើញមាន មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិណាមួយ ចេញមុខប្រតិកម្មតប ទៅនឹងដំណឹងបែកធ្លាយខាងលើនេះដែរ។ មិនដឹងថា អាជ្ញាធរកម្ពុជា បានទទួលដំណឹងដ៏រសើបខាងលើនេះហើយឬនៅទេ..? ឬមួយមន្រ្តីពាក់ព័ន្ធទាំងនោះកំពុងជាប់រវល់ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល រហូតមិនបានឭការរិះគន់របស់មហាជនទេ..? 

ការលួចចម្លងស្នាដៃបុព្វបុរសខ្មែរ គឺប្រៀបបីដូច ជាការលួចយកព្រលឹងជាតិរបស់យើងផងដែរ ! ព្រោះបច្ចុប្បន្នជនបរទេសនៅលើសកលលោកភាគច្រើន ស្គាល់ប្រទេសកម្ពុជា ក៏ដោយសារសំណង់ដ៏មហិមាគ្មាន២នៅលើលោកនេះដែរ។ ចុះបើបណ្តោយឲ្យថៃលួចចម្លងបានដោយជោគជ័យ តើទៅថ្ងៃអនាគត គេអាចនឹងយកអ្វីពីយើងទៅសាងសង់លើដីរបស់គេបន្ថែមទៀត..បើសព្វថ្ងៃព្រលឹងជាតិយើងកំពុងមានជំងឺពុកផុយក្នុងសិរីរាង្គយុវជនខ្មែរមួយចំនួនផងនោះ វានឹងទៅជាយ៉ាងណា..?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត