បន្ទាប់ពីបែកធ្លាយរឿង ម្ចាស់គ្លីនិក និងសម្ភពដាលីន ស្រុកស្វាយអន្ទរឲ្យលុយ៣ពាន់ដុល្លារ ទៅគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង
C
Chumsothon Son
22 មិថុនា 2021 03:15 PM

(ព្រៃវែង) ៖ បន្ទាប់ពីមានសការស្លាប់ស្ត្រីម្នាក់ និងកូនក្នុងផ្ទៃ ហើយត្រូវបានបែកធ្លាយដោយម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ផ្តល់ប្រាក់ ៣ពាន់ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីកុំឲ្យមានការប្តឹង (បញ្ចប់រឿង) ។

ជុំវិញករណីម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ផ្តល់ប្រាក់ ៣ពាន់ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះនេះ បន្ទាប់ពីមានករណីស្ត្រីម្នាក់មានផ្ទៃពោះ ៧ខែ បានស្លាប់បាត់បង់ជីវិត ក្រោយពីបានទៅសំរាកព្យាបាលជំងឺនៅមន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ទីតាំងភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ មិថុនា ថ្មីៗនេះ ។

បើយោងតាមប្តីស្ត្រីរងគ្រោះ បានអោយអង្គភាពសារព័ត៌មាន SBM NEWS ដឹងថា៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រូបលោកបាននាំប្រពន្ធទៅពិនិត្យជំងឺនៅមន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន ឬហៅថា គ្លីនិក និងសម្ភព ដាលីន ដែលមានទីតាំងនៅក្នុងភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ លោកថា ដំបូងមុនទៅពិនិត្យ និងព្យាបាលជំងឺ ប្រពន្ធរបស់លោក មានអាការៈឈឺពោះតិចៗធម្មតា មិនមានអ្វីធ្ងន់ធ្ងរទេ គឺនៅដើរបាន ហូបអាហារបាន និងធ្វើការបានជាធម្មតា ប៉ុន្តែពេលពិនិត្យជំងឺរួច ក្រុមគ្រូពេទ្យ តម្រូវឲ្យប្រពន្ធលោក សំរាកព្យាបាលនៅទីនោះតែម្តង ។

ប្តីស្ត្រីរងគ្រោះ បញ្ជាក់ថា ប្រពន្ធរបស់លោក មានអាការៈធូរស្រាល មុនពេលព្យាបាល និងកំពុងព្យាបាលប៉ុណ្ណោះ ប៉ុន្តែរហូតដល់យប់ទី២ និងយប់ទី៣ ស្រាប់តែប្រពន្ធលោក ធ្វើទុក្ខខ្លាំងឡើងៗ អាការៈចុកអួល ក្អួតចង្អោរ ស្លឺភ្នែក ដកចង្ការមាន់តែម្តង ។ ក្រោយពេលឃើញសភាពអ្នកជំងឺធ្ងន់ធ្ងរបែបនេះ នៅយប់ថ្ងៃទី២០ ខែមិថុនា ក្រុមគ្រូពេទ្យ បានបញ្ជូនស្ត្រីរងគ្រោះ ចេញពីគ្លីនិករបស់ខ្លួន ក្នុងបំណងគេចវេសពីការទទួលខុសត្រូវ ។ ជាអកុសល ពេលបញ្ជូនដល់គ្លីនិកផ្សេងមួយទៀត មិនទាន់ទាំងបានកន្លះម៉ោងផង ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។

បន្ទាប់ពីទទួលដំណឹងថា ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត ម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន បានចូលបុណ្យសព ចំនួន ២០ម៉ឺនរៀល និងសម្រួលលុយទៅប្តីស្ត្រីរងគ្រោះ ចំនួន ១២លានរៀលទៀត ដើម្បីកុំឲ្យមានការប្តឹងផ្តល់ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ទាំងម្តាយ និងកូនក្នុងផ្ទៃ មានឈ្មោះ ហ៊ន សារ៉ែន អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើយោងតាមមន្ត្រីដែលបម្រើការនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន នេះ តាមពិតទៅច្បាប់អនុញ្ញាតត្រឹមតែជា បន្ទប់ពិគ្រោះជំងឺ ប៉ុណ្ណោះ ប៉ុន្តែបែរជាក្លែងបន្លំទៅជា មន្ទីរសំរាកព្យាបាល និងសម្ភព ទៅវិញ ។

ប្រភពដដែលបញ្ជាក់ថា ចំពោះករណីអ្នកជំងឺស្លាប់បាត់បង់ជីវិតនេះ មិនមែនជាលើកទី១ ទេ ប៉ុន្តែគេមិនឃើញក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលខេត្តព្រៃវែង មានចំណាត់ការសោះ ព្រោះតែមន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន នេះ មានមន្ត្រីធំៗនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាខ្នងបង្អែក ទើបបានបិទបាំងរហូតមក ។ ក្នុងនោះក៏មាន មន្ទីរសំរាកព្យាបាល និងសម្ភព ហួរ ដា មួយទៀត ដែលជាសម្ព័ន្ធនឹងគ្នា សំរាប់ផ្ទេរផ្ទង់អ្នកជំងឺទៅវិញទៅមក និងមានសាខាជាច្រើនទៀតដែលមិនទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យព្យាបាលជំងឺនោះទេ ។

ប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ លើកឡើងថា មន្ទីរសំរាកព្យាបាល និងសម្ភព ដាលីន នេះ កន្លងទៅ ធ្លាប់មានអ្នកចូលទិញថ្នាំ ឬពិនិត្យជំងឺ ដែលក្រោយមករកឃើញវិជ្ជមានកូវីដ-១៩ គេពុំឃើញមានការបិទផ្អាកដំណើរការឡើយ ប៉ុន្តែបើមន្ទីរពេទ្យឯកជនផ្សេងៗទៀត ក្នុងស្រុកស្វាយអន្ទរ ដូចគ្នា គ្រាន់ករណីសង្ស័យ មន្ត្រី OD ស្រុក សហការជាមួយអាជ្ញាធរ ចុះបិទផ្អាកភ្លាម ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត