
តារាចម្រៀងល្បីឈ្មោះមួយរូបក្នុងស្រទាប់យុវវ័យ លោក ថេណា បានធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្តព្រមទាំងមានការសោកស្តាយ យ៉ាងខ្លាំងបន្ទាប់ពីលោកចេញបទចម្រៀង “ខ្យល់ត្រជាក់” កាលពីខែកុម្ភៈ ហើយចុងបញ្ចប់នៃបទចម្រៀងលោកបានលាអ្នកគាំទ្រថានេះជាបទចុងក្រោយរបស់លោក។
ទន្ទឹមនឹងលាអ្នកគាំទ្រ តារាចម្រៀងមានដើមកំណើតនៅខេត្តកោះកុងរូបនេះ បានរៀបរាប់ថាដោយសារតែខ្លួនបានឈរលើវិស័យចម្រៀងអស់រយៈពេល៧ទៅ៨ឆ្នាំហើយ នឹងមានរឿងរ៉ាវជាច្រើនដែលលោកជួបប្រទះដូច្នេះបើលោកនៅស្ងប់ស្ងាត់នឹងជួយឱ្យលោកកាន់តែល្អប្រសើរ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកបានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយបានឱ្យដឹងថា សម្រាប់រូបលោកនៅមិនទាន់ផ្តល់ចម្លើយច្បាស់នៅឡើយទេថាលោកឈប់ធ្វើបទចម្រៀង ឬក៏ផ្អាកសកម្មភាពមួយរយៈសិន ដោយសារតែលោកមានរឿងផ្ទាល់ខ្លួនមិនអាចជម្រាបជូនមហាជនបាន។
ថ្វីដ្បិតតែលោកមិនបានចេញបទចម្រៀងក្តី ប៉ុន្តែអ្នកគាំទ្រនៅតែឃើញសកម្មភាពផ្សេងៗរបស់លោកដដែល ព្រោះថាយូរៗម្ដង តារាប្រុសរាងខ្ពស់ស្រឡះរូបនេះ តែងបង្ហាញវត្តមានចូលរួមកម្មវិធីកម្សាន្តនានា ព្រមទាំងបង្ហាញសកម្មភាពប្រចាំថ្ងៃផ្សេងៗ ក្នុងបណ្ដាញទំនាក់ទំនងមិនដែលដាច់ផងដែរ។
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់លោក ថេណា សុទ្ធតែទទួលបានគាំទ្រពីសំណាក់យុវវ័យក្នុងនោះរួមមានបទ “លួចស្នេហ៍ដួងច័ន្ទ” “Love Is Singular” “កង់សាគួរ” “ពលី” និងបទ “ខុសជំនាន់” ជាដើម រួមទាំងបទចម្រៀងជាច្រើនបទទៀត៕






