
សារធាតុខូឡាជេនគឺជាប្រភេទប្រូតេអ៊ីនសំខាន់មួយនៅក្នុងរាងកាយ វាកើតឡើងដោយច្រវ៉ាក់អាស៊ីអាមីណេ ហើយវាជាសារធាតុសំខាន់ម្យ៉ាងរបស់ជាលិកាដូចជា៖ ស្បែក សរសៃពួរ សាចដុំ សរសៃចំណង (Ligament) និងសរសៃឈាមផ្នែកខ្លះនៃ ភ្នែក និងធ្មេញផងដែរ។
សាច់ត្រី សាច់មាន់ សាច់គោ ប្រភេទអាហារដែលផលិតចេញពីទឹកដោះគោ និងស៊ុតគឺសុទ្ធតែជាអាហារដែលមានផ្ទុកសារធាតុ ខូឡាជេន។ រាងកាយយើងផលិតខូឡាជេនបានដោយខ្លួនឯង ប៉ុន្តែការផលិតសារធាតុនេះគឺទាមទារឲ្យយើងបរិភោគអាហារឲ្យ បានត្រឹមត្រូវផងដែរ នៅក្នុងករណីដែលយើងញុំាអាហារមិនបានគ្រប់គ្រាន់និងត្រឹមត្រូវនឹងធ្វើឲ្យយើងមានអតុល្យភាពសារធាតុនេះនៅក្នុងខ្លួន ឬជួបនឹងបញ្ហាសុខភាពផងដែរ។
តើខូឡាជេនមានមុខងារដូចម្តេច?
ជាធម្មតារាងកាយរបស់យើងនឹងវិវត្តន៍ទៅរកភាពចាស់ ហើយវានឹងធ្វើឲ្យបាត់បង់សារធាតុខូឡាជេនបន្តិចម្តងៗ។ នៅពេលដែលយើងឈានដល់អាយុ៤០ឆ្នាំឡើងទៅ នោះរាងកាយនឹងបាត់បង់សារធាតុខូឡាជេនរហូតដល់១%ជារៀងរាល់ឆ្នាំ។ ដោយសារតែសារធាតុខូឡាជេនបាត់បង់នេះហើយ ជាហេតុធ្វើឲ្យយើងចាប់ផ្តើមជ្រីវជ្រួញ ហើយដែលធ្វើឲ្យប៉ះពាល់ដល់ កំលាំងឆ្អឹង និងសន្លាក់ ក៏ដូចជាសេរីរាង្គផ្សេងៗទៀតផងដែរ។
ដូចនេះសារធាតុបំប៉នខូឡាជេនត្រូវបានប្រើប្រាស់ដើម្បី៖
- សុខភាពស្បែក
- ជួយឲ្យរបួសឆាប់ជា
- ប្រឆាំងនឹងភាពចាស់
- ជួយទប់ទល់នឹងបញ្ហាសន្លាក់
- ការពារឆ្អឹង
- ជួយបង្កើនម៉ាស់សាច់ដុំ
- ជួយសក់និងក្រចកឲ្យមានសុខភាពល្អ

តើការប្រើប្រាស់ ឬការទទួលសារធាតុខូឡាជេនកម្រិតណាទើបត្រឹមត្រូវ?
មិនទាន់មានភាពច្បាស់លាស់ណាមួយនៃកម្រិតការប្រើថ្នាំបំប៉នប្រភេទខូឡាជេននៅឡើយទេ អាស្រ័យហេតុនេះហើយទើបការប្រើរបស់វាគឺអាស្រ័យលើ ស្ថានភាព និងមូលហេតុជាក់ស្តែង។
តួយ៉ាងប្រភេទអ៊ីដ្រូលីន ខូឡាជេន (Hydrolyzed Collagen) ដែលជាប្រភេទខូឡាជេននិយមប្រើបំផុត និងស្រូបចូលរាងកាយឆាប់រហ័ស។ ការប្រើប្រាស់ដោយមានកម្រិតប្រមាណ ២,៥ក្រាម កម្រិតប៉ុណ្ណេះគឺអាចផ្តល់គុណប្រយោជន៍ ដល់សុខភាពស្បែក ឆ្អឹង ជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ឆ្អឹង និងជួយដល់ការបំពេញជាតិទឹកក្នុងខ្លួន។ ប្រសិនបើបង្កើនកម្រិតដល់៥ក្រាមក្នុងមួយថ្ងៃជួយបង្កើនម៉ាស់របស់ឆ្អឺង ការប្រើប្រាស់កម្រិត១៥ក្រាមជួយបង្កើនម៉ាស់សាច់ដុំ និងសមាសភាពរាងកាយ។
ការប្រើប្រាស់សារធាតុបំប៉នខូឡាជេនយើងអាចប្រើតាមការគួរស្ថិតលើស្ថានភាពជាក់ស្តែងនៃរាងកាយរបស់យើង ប៉ុន្តែត្រូវ ប្រាកដថាថ្នាំបំប៉ននោះជាយីហោដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើយការដែលមានរបបអាហារបានល្អក៏ជាការចាំបាច់ចំពោះសុខភាពរាងកាយផងដែរ៕
ប្រភព៖ Healthline
ដោយ៖ SBM News


