
សុខភាពផ្លូវភេទ គឺជារឿងដ៏ចាំបាច់ដែលមនុស្សគ្រប់គ្នាគួរយល់ដឹង។ ការខ្មាសអៀន លាក់បាំង និងមិនហ៊ានទៅពិនិត្យ ឬបង្ហាញអាការៈរបស់ខ្លួនប្រាប់ទៅគ្រូពេទ្យ គឺកាន់តែធ្វើឱ្យស្ថានភាពជំងឺធ្ងន់ធ្ងរពិបាកព្យាបាល។ ខណៈនេះ SBM News នឹងនាំចំណេះដឹងថ្មីទាក់ទងនឹងជំងឺប្រព័ន្ធបន្ដពូនជូនអស់លោកអ្នក នោះគឺជំងឺ កាមរោគ ដែលធ្វើការបកស្រាយដោយ វេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ ប្រធានគ្លីនិករ៉ាក់ សាខាខណ្ឌឬស្សីកែវ ដូចតទៅនេះ៖
១. តើអ្វីទៅជាជំងឺកាមរោគ?
បើនិយាយពីជំងឺកាមរោគ គេចង់សំដៅទៅលើជំងឺទាំងឡាយណាដែលមានការករោគនៅលើប្រដាប់ភេទ ទាំងបុរស ទាំងស្រ្តី។ វាជាជំងឺដែលអាចកើតឡើងដោយខ្លួនឯង ឬជាជំងឺដែលអាចកើតឡើងតាមរយៈការរួមភេទរវាងបុរសនិងស្រ្តី បុរសនិងបុរស ស្រ្តីនិងស្រ្តី។ ឲ្យតែថាមានការរួមភេទហើយឆ្លងជំងឺនេះ អញ្ចឹងជាទូទៅ គេឲ្យនិយមន័យថា ជំងឺកាមរោគ ឬការរោគនៅតាមផ្លូវបន្តពូជ។

២. តើអ្នកកើតជំងឺកាមរោគ មានន័យថាកើតជំងឺអេដស៍ដែរមែនទេ?
ធម្មតាជំងឺកាមរោគមានច្រើន ជាង២០មុខឯណោះ ឧទាហរណ៍ជាសាមញ្ញ ជំងឺប្រមេះទឹកបាយ ជំងឺប្រមេះទឹកថ្លា ឬក៏ជំងឺស្វាយ ជំងឺសិរមាន់ជាដើម។ ជំងឺអេដស៍ ក៏ចាត់ទុកថាជាជំងឺកាមរោគដែរ ពីព្រោះជំងឺនេះវាឆ្លងតាមការរួមភេទ ប៉ុន្តែមិនមែនមានន័យថា អ្នកដែលកើតជំងឺកាមរោគហើយ សុទ្ធតែឆ្លងជំងឺអេដស៍ទេ គ្រាន់តែថាបុគ្គលណាដែលមានការឆ្លងជំងឺកាមរោគ បុគ្គលនោះងាយនឹងប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ដែរ។ ដោយសារអ្វី គឺដោយសារតែជំងឺកាមរោគហ្នឹងមានការមុត ការដាច់របួស ឬមានដំបៅជាដើម ដែលជាឱកាសដ៏ល្អក្នុងការធ្វើឲ្យមេរោគឆ្លងចូលតាមរយៈដំបៅ ឬការដាច់រលាត់នោះ។

៣. តើជំងឺកាមរោគឆ្លងដោយរបៀបណាខ្លះ?
ជំងឺកាមរោគ ភាគច្រើនគឺឆ្លងតាមការរួមភេទ។ មានជំងឺផ្សេងៗទៀតអាចឆ្លងតាមរយៈក្រៅពីការរួមភេទដែរដូចជា ឆ្លងតាមឈាម ឬពីម្តាយទៅកូន។
៤. តើជំងឺកាមរោគមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅ រោគសញ្ញានៃជំងឺកាមរោគ វាអាចស្តែងចេញជាសញ្ញាដូចជា បើបុរសគាត់អាចចេញជាដំបៅនៅលើប្រដាប់ភេទ ឬមានហូរខ្ទុះ នោមក្រហាយ ដុះសាច់នៅលើប្រដាប់ភេទ។ ចំណែកឯស្រ្តី គឺភាគច្រើនធ្លាក់ស ឬរមាស់ជាដើម។ បើសិនជាអ្នកនិយមចូលចិត្តរួមភេទភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) ច្រើនមានរោគសញ្ញានៅតាមទ្វារក្រោយទៅវិញ។ ប៉ុន្តែភាគច្រើន អ្នកខ្លះកើតជំងឺកាមរោគដែរ ប៉ុន្តែមិនចេញរោគសញ្ញាឲ្យយើងដឹងទេ លុះត្រាតែមកពិនិត្យនៅគ្លីនិកដែលមានជំនាញខាងសុខភាពផ្លូវភេទ សុខភាពបន្តពូជហ្នឹង ដែលយកវត្ថុវិភាគទៅពិនិត្យមើលនៅមន្ទីរពិសោធន៍ ទើបអាចដឹងថាគាត់មានជំងឺកាមរោគ។

៥. តើអ្នកណាខ្លះដែលប្រឈមមុខនឹងជំងឺកាមរោគ?
ចំពោះអ្នកដែលប្រឈមមុខទៅនឹងជំងឺកាមរោគ ជាទូទៅ យើងបែងចែកចេញជា២។ ជួនកាលបុគ្គលខ្លួនគាត់ ជាអ្នកប្រឈមមុខផ្ទាល់ ឧទាហរណ៍ថា គាត់មានដៃគូច្រើន ហើយម្យ៉ាងទៀតគាត់មិនបានប្រើមធ្យោបាយការពារ ដូចជាស្រោមអនាម័យជាដើម ឬជួនកាលគាត់ចូលចិត្តសាក់ ប្រើគ្រឿងញៀន ជាពិសេសអ្នកដែលរួមភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) អ្នកទាំងនោះក៏ប្រឈមមុខដែរ។ តែជួនកាលបុគ្គលខ្លួនគាត់មិនអីទេ មិនមានដៃគូ មិនមានអ្វីទាំងអស់ ប៉ុន្តែដៃគូគាត់ ជាអ្នកមានដៃគូច្រើនទៅវិញ ដែលធ្វើឲ្យបុគ្គលគាត់ហ្នឹងក៏អាចប្រឈមមុខទៅនឹងការឆ្លងជំងឺកាមរោគដែរ។
៦. ដើម្បីអាចដឹងថា មនុស្សម្នាក់មានកើតជំងឺកាមរោគឬអត់ តើត្រូវធ្វើយ៉ាងណា?
បើសិនជាយើងសង្ស័យថាមានការប្រឈមមុខ ឬមានការឆ្លងជំងឺកាមរោគ យើងគួរតែមកពិនិត្យ ឬមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដូចជាគ្លីនិករ៉ាក់ជាដើម អញ្ចឹងខាងគ្រូពេទ្យគាត់នឹងសាកសួរ ពិនិត្យ ផ្តល់ការប្រឹក្សា និងផ្តល់វិធានការការពារឲ្យគាត់។ ហើយម្យ៉ាងទៀត គាត់(អ្នកជំងឺ)អាចចេះណែនាំដៃគូធ្វើម៉េចឲ្យដៃគូបានព្យាបាលទាំងអស់គ្នាទៅ នៅពេលនោះគឺ យើងជាទាំងអស់គ្នាហើយ។

៧. តើជំងឺកាមរោគអាចព្យាបាលជាដែរឬទេ?
បើសិនជាជំងឺកាមរោគណា ដែលឆ្លងដោយពពួកបាក់តេរី ដូចជាពពួកស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លាអីជាដើម អញ្ចឹងជំងឺដែលបង្កឡើងដោយពពួកបាក់តេរីហ្នឹង គឺយើងអាចប្រើថ្នាំផ្សះទៅ ហើយព្យាបាលដៃគូទាំងពីរនាក់ឲ្យបានដូចៗគ្នាទៅ ជំងឺហ្នឹងនឹងជាសះស្បើយ។ ប៉ុន្តែបើសិនជាជំងឺកាមរោគណាដែលឆ្លងដោយវីរុស ជាមេរោគដែរប៉ុន្តែជាប្រភេទវីរុស ដែលច្រើនជាពពួកជំងឺ Herpes ដែលចេញពងបែក នៅលើប្រដាប់ភេទ ឬនៅម្តុំៗប្រដាប់ភេទអីជាដើមហ្នឹង កើតឡើងហើយ ពេលយើងព្យាបាលជាទៅ ពេលណាមួយដែលយើងខ្សោយ យើងអស់កម្លាំងឬប្រព័ន្ធភាពស៊ាំចុះខ្សោយទៅ មេរោគវីរុសហ្នឹងវានឹងរើឡើងវិញ។
៨. បើសិនជាយើងមិនបានព្យាបាលទេ តើជំងឺកាមរោគនឹងបង្កផលប៉ះពាល់អ្វីខ្លះ?
ជំងឺកាមរោគខ្លះ បើយើងមិនបានព្យាបាលទេ វានឹងបាត់រោគសញ្ញា ប៉ុន្តែមិនមែនមានន័យថាជានោះទេ បានន័យថា មេរោគហ្នឹងវាក្រាបក្នុងខ្លួន ប៉ុន្តែអត់ចេញរោគសញ្ញាឲ្យសាមីខ្លួនដឹងទេ។ យ៉ាងណាក៏ដោយ ទោះជាចេញរោគសញ្ញាក៏ដោយ មិនចេញរោគសញ្ញាក៏ដោយ ជំងឺហ្នឹងបើសិនជាយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យមានផលវិបាកដូចជា ប៉ះពាល់ទៅដល់កូន បើសិនជាស្រ្តីហ្នឹងមានផ្ទៃពោះ អាចធ្វើឲ្យភ្នែកទារកខ្វាក់ មានការរលាកសួត ធ្វើឲ្យស្រ្តីរលូតកូន កូនកើតមកមិនគ្រប់ខែ ឬកូនកើតមកស្លាប់ជាដើម។ ហើយបើសិនជាស្រ្តីហ្នឹង កើតជំងឺកាមរោគរ៉ាំរ៉ៃទៅ ជួនកាលវាអាចធ្វើឲ្យគាត់លែងមានកូនតែម្តង។ ចំពោះបុរសវិញ វាអាចធ្វើឲ្យថ្ងៃក្រោយទៅលែងមានកូនរហូត បើសិនជារលាករ៉ាំរ៉ៃធ្វើឲ្យត្បៀតបង្ហួរនោម ធ្វើឲ្យគាត់មានការលំបាកក្នុងការនោម។

៩. ដើម្បីការពារកុំឲ្យកើតជំងឺកាមរោគ តើយើងត្រូវធ្វើយ៉ាងណា?
បើសិនជាយើងចង់កុំឲ្យកើតមានជំងឺកាមរោគ យើងត្រូវតែធ្វើយ៉ាងណាប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវ និងជាប់លាប់ ចៀសវាងកុំឲ្យប្រើស្រោមហើយវានៅតែឆ្លង៕
ប្រភព៖ អង្គការរ៉ាក់
ដោយ៖ភូមិន្ទ


