កូរ៉េខាងជើង ជាអាទិភាពកំពូលនៃគោលនយោបាយសន្តិសុខជាតិអាមេរិក
R
Reaksmey Seng
24 មេសា 2021 12:35 PM

ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបានកំណត់ដោយការប្រឈមមុខគ្នា ការដាក់ទណ្ឌកម្ម និងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរជាដើម ខណៈពេលដែលប្រទេសកូរ៉េខាងជើងបានអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីទសវត្សឆ្នាំ១៩៩០ មកម្ល៉េះ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានទទួលភាពប្រសើរឡើងក្នុងអំឡុងពេលរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយមានជំនួបកំពូលនៅប្រទេសសិង្ហបុរី វៀតណាម និងកិច្ចប្រជុំក្រៅផ្លូវការនៅតំបន់គ្មានយោធា (DMZ) ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាប់គាំងនៅតែមានដដែល ដោយសារតែការខ្វែងគំនិតគ្នានៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មជាដើម។ នៅថ្ងៃទី ២៥ ខែមីនា កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រក្នុងមូលដ្ឋានចំនួន ២ ដែលត្រូវបានគេចាត់ទុកថា ជាការជម្រុញសមត្ថភាពយោធារបស់ខ្លួន។ តែទោះជាយ៉ាងណា ការសាកល្បងនេះត្រូវបានចាត់ទុកជាធម្មតាដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ស្របពេលដែលកូរ៉េខាងជើង តែងសាកល្បងអាវុធជាញឹកញាប់ដើម្បីស្វាគមន៍ប្រធានាធិបតីអាមេរិកថ្មី។ បច្ចុប្បន្ននេះ កូរ៉េខាងជើងគឺជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិកដែលការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺជារឿងចាំបាច់។

កូរ៉េខាងជើងត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិរបស់អាមេរិក ដូចដែលវាបានបន្តបង្កើត និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពលជាងមុន។ អាវុធនុយក្លេអ៊ែរត្រូវបានគេដឹងថាមានកម្លាំងខ្លាំងជាងមុន ហើយអាចជួយឱ្យកូរ៉េខាងជើងរារាំងសត្រូវរបស់ខ្លួន ជាពិសេសអាមេរិកពីការបំផ្លិចបំផ្លាញ ព្រោះថានុយក្លេអ៊ែរ និងមីស៊ីលគឺជាអាវុធបំផ្លាញ និងគ្រោះថ្នាក់បំផុត។ មេដឹកនាំកូរ៉េខាងជើងចាត់ទុកអាវុធនុយក្លេអ៊ែរ និងមីស៊ីលជារឿងចាំបាច់សម្រាប់ការរស់រានរបស់របបខ្លួន ថាបើគ្មានពួកវាទេ អាមេរិក និងកូរ៉េខាងត្បូងអាចនឹងវាយប្រហារកូរ៉េខាងជើង និងផ្តួលរំលំរបបបច្ចុប្បន្ននេះនៅពេលណាមួយជាមិនខាន។

ប្រភពរូបភាព៖ Council on Foreign Relations
ប្រភពរូបភាព៖ Council on Foreign Relations

បច្ចុប្បន្ននេះដែរ កូរ៉េខាងជើងបានបង្កើតមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយជោគជ័យ ដែលអាចបង្កគ្រោះថ្នាក់ដល់មូលដ្ឋានទ័ពអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក និងអាចទៅដល់ទ្វីបអាមេរិក ហើយអាចបំផ្លាញអាមេរិកបាន។ ទោះជាយ៉ាងណា កូរ៉េខាងជើងក៏មានអារម្មណ៍មិនមានសុវត្ថិភាពចំពោះសន្តិសុខជាតិរបស់ខ្លួនផងដែរ ព្រោះថា ទីក្រុងវ៉ាស៊ីនតោនមានគោលនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាង ដោយអាមេរិកតែងធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ជាមួយកូរ៉េខាងត្បូង និងជប៉ុន និងគំរាមប្រទេសកូរ៉េខាងជើងជាមួយអន្តរាគមន៍យោធាផងដែរ។

វិធានការណ៍ផ្សេងៗតែងត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកដើម្បីនាំកូរ៉េខាងជើងឱ្យលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ កាលពីស្ថិតក្រោមរដ្ឋបាលលោក ត្រាំ បានឈានទៅមុខជំហ៊ានដោយមានការចរចាដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី និងវៀតណាម និងការប្រជុំនៅតំបន់គ្មានយោធា (DMZ) ជាដើម។ នៅក្នុងរដ្ឋបាលរបស់លោកចូ បៃដិន អាមេរិកប្តេជ្ញាធ្វើការជាមួយសម្ព័ន្ធមិត្តនានា និងប្រទេសចិនផងដែរ ដើម្បីដាក់សម្ពាធបន្ថែមទៀតលើប្រទេសកូរ៉េខាងជើងដើម្បីឱ្យលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ បន្ទាប់ពីលោក បៃដិន បានចូលកាន់ដំណែង ការប្រឹងប្រែងដំបូងមួយត្រូវបានធ្វើឡើងដើម្បីទាក់ទងជាមួយកូរ៉េខាងជើងនៅខាងក្រោយឆាក។ តែទោះជាយ៉ាងណា ការប្រឹងប្រែងនោះត្រូវបានបដិសេធ ដោយកូរ៉េខាងជើងនឹងយល់ព្រមបន្តជជែក លុះត្រាតែអាមេរិកបញ្ឈប់ការអនុវត្តនយោបាយការបរទេសដែលមានអរិភាពចំពោះកូរ៉េខាងជើងជាមុនសិន។ យោធាអាមេរិកមានមូលដ្ឋាននៅកូរ៉េខាងត្បូង ជប៉ុន និងសមយុទ្ធយោធានៅឧបទ្វីបកូរ៉េជារៀងរាល់ឆ្នាំ ត្រូវបានគេមើលឃើញថាជាការរៀបចំសម្រាប់ការលុកលុយទៅកាន់កូរ៉េខាងជើង។

ប្រភពរូបភាព៖ Council on Foreign Relations
ប្រភពរូបភាព៖ Council on Foreign Relations

មួយវិញទៀត អាមេរិកនៅក្នុងរដ្ឋបាលលោក បៃដិន ក៏ពឹងផ្អែកលើប្រទេសចិន និងសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងការជួយដោះស្រាយវិបត្តិនៅកូរ៉េខាងជើងដោយគេជឿជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការជំរុញកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោងជាដើម។ យោងតាមលោក Frank Aum អ្នកជំនាញខាងកូរ៉េខាងជើងនៅវិទ្យាស្ថានសន្តិភាពអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា វាសមហេតុផលក្នុងការព្យាយាម និងជ្រើសរើសការគាំទ្រពីប្រទេសចិន ព្រោះចិនបានផ្តល់នូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសកូរ៉េខាងជើង និងជាទូទៅនៅក្នុងតំបន់។ នៅក្នុងន័យនេះ ប្រទេសចិននឹងមានតួនាទីសំខាន់ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ខណៈដែលចិនក៏មានការព្រួយបារម្ភជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។ នេះជាការលើកឡើងរបស់លោក  Antony Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិក។

សរុបមក ភាគរយតិចណាស់ដែលអាចយល់បានថា កូរ៉េខាងជើងយល់ព្រមរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលវាបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានភាពសកម្មជាងមុន ហើយកុំរង់ចាំឱ្យប្រទេសកូរ៉េខាងជើងធ្វើសម្បទានជាមុនសិនឱ្យសោះ ពីព្រោះថា កូរ៉េខាងជើងនឹងធ្វើសម្បទាន លុះត្រាតែនៅពេលដែលអាមេរិកបានអនុវត្តនូវសកម្មភាពនៃជំហានដំបូងរបស់ខ្លួនជាមុនសិនតែប៉ុណ្ណោះ៕

ប្រភពរូបភាព៖ CBS News
ប្រភពរូបភាព៖ CBS News

អត្ថបទដោយ៖ រ៉ឹម សុខវី 

ប្រភពរូបភាព៖ UMUBAVU.com

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត