ថ្ងៃទី១៧ ខែមេសា! លន់ នល់ នៅរដ្ឋហាវ៉ៃ ស្លុតចិត្ត, ខៀវ សំផន និងសុន សេន សប្បាយរីករាយ
S
Sereyphuon Chhim
18 មេសា 2021 08:49 AM

ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន

(SBM News)​៖ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ឯណោះវិញ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មានស្ដីពីសភាពការណ៍នៅទីក្រុងភ្នំពេញ ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះដែរ។

ឆាំង សុង បានជម្រាបសេនាប្រមុខលន់ នល់ ពីករណីដែលឡុង បូរ៉េត និងសក់ ស៊ុតសាខន សម្រេចរំលាយរដ្ឋាភិបាលចោល ហើយបង្កើតគណៈកម្មការកំពូលនៅថ្ងៃទី១៤​ខែមេសា​ ដើម្បីត្រៀមប្រគល់អំណាចថ្វាយសម្ដេចសីហនុ និងបានជម្រាបពីរឿង លន់ ណុន លួចបង្កើតចលនាបដិវត្តន៍មួយនៅអមលាំងខេត្តកំពង់ស្ពឺ ពីមុនមក ហើយក៏បានជម្រាបពីរឿង លន់ ណុន បានបញ្ជាឱ្យឈ្មោះហែម កេតដារ៉ា  ដឹកកម្លាំងសម្ងាត់មួយក្រុមទៀតដែលមានឈ្មោះថាចលនាអ្នកជាតិនិយម ដែលហៅជាភាសាបារាំងថា ចលនាម៉ូណាស្យូ (MONATIO)មានសញ្ញាជើងក្អែកនោះថា ខ្លួនជាអ្នករួមចំណែកវាយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧មេសា ក្នុងបំណងឱ្យពួកខ្មែរក្រហម ចែករំលែកអំណាចមកឱ្យខ្លួនផងដែរ។

សេនាប្រមុខលន់ នល់
សេនាប្រមុខលន់ នល់

សេនាប្រមុខលន់ នល់ បានបញ្ជាក់ប្រាប់ ឆាំង សុង ថា គាត់មិនដែលអនុញ្ញាត ឬក៏បានបញ្ជា ហើយក៏មិនដែលបានដឹងឮពីរឿងនេះ​សូម្បីបន្តិចទាល់តែសោះ។ តែបើប្អូនប្រុសរបស់គាត់(លន់ ណុន) បង្កើតកម្លាំងសម្ងាត់ដូច្នេះមែននោះ គាត់ជឿថា ប្អូនប្រុសគាត់គ្មានគំនិតអាក្រក់អ្វី ក្រៅពីខ្នះខ្នែងការពារគាត់ពីក្រោយខ្នងតែប៉ុណ្ណោះ គឺមិនមែនដណ្ដើមអំណាចគឺគាត់ដូចពាក្យចចាមអារ៉ាមចោទប្រកាន់របស់បុគ្គលមួយចំនួននោះឡើយ។

 បន្ទាប់មក ឆាំង សុង បានជម្រាបសេនាប្រមុខលន់ នល់ ពីដំណឹងដែលថា ពួកខ្មែរក្រហមបានសម្លាប់ប្អូនប្រុសរបស់គាត់(លន់ ណុន) ហើយបានក្បាលយកទៅដោតបង្ហាញប្រជាជននៅកណ្ដាលផ្លូវមួយក្បែរផ្សារថ្មី នោះផងដែរ។

ឮដូច្នេះ  សេនាប្រមុខលន់ នល់ រក្សាទឹកមុខជាធម្មតា និងស្ងប់ស្ងៀមបន្តិច ទើបតបទៅឆាំង សុង វិញថា៖ ប្អូនខ្ញុំនេះវាស្លាប់ក្នុងន័យការពារខ្ញុំ  ការពាររបស់សាធារណរដ្ឋខ្មែរ។  ខ្ញុំមិនជឿថាវាប្រឆាំងនឹងខ្ញុំទេ។ កាណុន(លន់ ណុន)នេះ វាមិនគ្រាន់តែជាប្អូនរបស់ខ្ញុំទេ គឺវាដូចជាកូនខ្ញុំអញ្ចឹង។ តាំងពីវាកើតចេញពីផ្ទៃម្ដាយមក ខ្ញុំមកវានៅជាមួយខ្ញុំរហូត។ ខ្ញុំចិញ្ចឹមវាដូចកូន។

លន់ ណុន ធ្លាប់ជាមិត្តភក្កិជិតស្និទ្ធជាមួយមេខ្មែរក្រហម ប៉ុលពត, ខៀវ សំផន និងកុយ ធួន កាលរៀននៅវិទ្យាល័យកំពង់ចាម កាលពីចុងទសវត្សរ៍ឆ្នាំ១៩៤០ហើយនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ គាត់បានជួយឧបត្ថម្ភលុយកាក់ដល់វិទ្យាល័យឯកជនមួយឈ្មោះកម្ពុជបុត្រ ដែលពួកសាស្ត្រាចារ្យនៅទីនោះសុទ្ធសឹងតែជាពួកខ្មែរក្រហមប្រឆាំងនឹងសម្ដេចសីហនុ ទាំងអស់ផងដែរ។

ចំណែក ខៀវសំផន ត្រូវអង្គការថ្នាក់លើចាត់តាំងឱ្យមកឈរជើងនៅទីបញ្ជាការបើកយុទ្ធនាការវាយរំដោះទីក្រុងភ្នំពេញ របស់កងទ័ពខ្មែរក្រហម ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំស្រែអណ្ដូង ខាងលិចទីប្រជុំជនស្រុកឧដុង្គ តាំងពីប្រហែលមួយខែមុនមកនោះ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ គាត់ឮមេបញ្ជាការកងពលនៅសមរភូមិមុខ និយាយឆ្លើយឆ្លងគ្នាតាមរយៈវិទ្យុទាក់ទងថា ពួកគេបានសម្រុកចូលដល់កណ្ដាលទីក្រុងភ្នំពេញហើយ គាត់មានការរំភើបរីករាយជាទីបំផុត។

លុះដល់វេលារសៀលថ្ងៃដដែល ពេលគាត់កំពុងសម្រាកនៅក្នុងខ្ទមការពារកំដៅថ្ងៃមួយ គាត់ឮសូរសំឡេងពួកយោធាដែលនៅកន្លែងវិទ្យុទាក់ទង ចុះចែកគ្នាអ៊ូអរខ្លាំងពេក គាត់ក៏ដើរទៅមើល ឃើញពួកយោធាមួយក្រុមទើបនឹងជិះរថយន្តត្រឡប់មកពីសមរភូមិភ្នំពេញ និយាយថា នៅទីក្រុងភ្នំពេញ មនុស្សម្នាដើរពាសពេញផ្លូវ ធ្វើឲ្យរថយន្តរបស់ពួកគេនៅជាប់គាំង ទៅមុខមិនរួចអស់ជាច្រើនម៉ោង ហើយថា ក្រដាសប្រាក់របបសាធារណរដ្ឋខ្មែរ ត្រូវកងទ័ពបដិវត្តន៍បាចចោលរាយប៉ាយពេញផ្លូវ។ពេលនោះ ទើបគាត់ដឹងច្បាស់ថា ទីក្រុងភ្នំពេញ ត្រូវរំដោះបានទាំងស្រុងហើយអង្គការក៏បានបញ្ជាឲ្យជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ នោះដែរ។

ខៀវ សំផន និងសម្ដេចសីហនុ
ខៀវ សំផន និងសម្ដេចសីហនុ

មួយថ្ងៃក្រោយមក គឺប្រហែលម៉ោង១ រសៀលនៅថ្ងៃទី១៨ ខែមេសា សុន សេន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ បានធ្វើដំណើរតាមក្បួនរថយន្តមួយដែលមានរថយន្តម៉ាកប៉ឺហ្សូ៤០៤ ចំនួន២គ្រឿង និងរថយន្តម៉ែកសឺដេស ១គ្រឿង ចូលមកក្រុងភ្នំពេញ ដោយធ្វើដំណើរកាត់តាមផ្លូវខាងមុខព្រលានយន្តហោះពោធិ៍ចិនតុង ។ ពីក្នុងរថយន្ត សុន សេន សម្លឹងមើលមុខពួកអ្នកជម្លៀសចេញពីទីក្រុងភ្នំពេញ ដោយទុកមុខញញឹម តែក្នុងន័យចំអក៕

សុន សេន
សុន សេន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត