ដើមហេតុទាំង៥នេះ បង្កឱ្យមានក្លិនក្លៀក បើទោះបីជាងូតទឹកសម្អាតរួចក៏ដោយ
S
Sreyleak Yith
•
18 ម៉ោងមុន

សុខភាព៖ ជាធម្មតាការងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ នឹងធ្វើ​រាងកាយ​​​គ្រប់​ផ្នែក​ស្អាត និង​មាន​ក្លិន​ក្រអូប តែផ្ទុយ​ទៅ​វិញបើនៅតែមាន​ក្លិន​ក្លៀក​មិន​ល្អ គឺអាចមកពី​មូល​ហេតុ៥យ៉ាង ដែលមានដូចខាងក្រោមនេះ…។

១.ឆ្លង​មេរោគ៖ នៅពេលមាន​មុន ឬ​មាន​ខ្ទុះ​នៅ​ក្រោម​ក្លៀក ​អាច​ជា​មូល​ហេតុ​មួយ ​​បង្ក​ឱ្យមាន​ក្លិន​ក្លៀក​​ ទោះបាន​​ងូត​ទឹក​សម្អាតហើយក៏ដោយ។ មួយវិញទៀត នៅពេល​កោរ ឬ​បក​រោម​ក្លៀករួច ​មិន​សម្អាត​បាន​ត្រឹម​ត្រូវ​ ​វាក៏ជាឱកាស​ល្អ​មួយ​សម្រាប់​បាក់តេរី​មិន​ល្អ ​ចូល​ទៅ​បង្ក​រោគ​តាម​រន្ធញើស ឬ​រន្ធ​រោម​។ ២.ក្លៀក​មាន​បាក់តេរី​មិន​ល្អ៖ នៅគ្រប់​ផ្នែក​លើ​រាងកាយ រួម​ទាំង​ក្លៀក​ សុទ្ធតែមានបាក់តេរីកល្អ និង​អាក្រក់។ បាក់តេរី​ទាំង​នេះ ​ស្ថិត​ក្នុង​ស្ថាន​ភាព​តុល្យភាព ឬ​មាន​កម្រិត​ស្មើ​គ្នា ប៉ុន្តែបើ​យើង​មិន​ចេះ​តិចនិក​សម្អាត​ត្រឹម​ត្រូវ​ទេ វា​អាច​បណ្ដាល​ឱ្យបាក់តេរី​អាក្រក់​កើន​ឡើង ហើយ​ធ្វើឱ្យ​មាន​ក្លិន​ក្លៀក​។៣.ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ខុស៖ មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក បន្ទាប់​ពី​ងូត​ទឹក​រួច​ពេល​ព្រឹក ពោល​គឺ​ពេល​រៀប​ចេញ​ទៅ​ធ្វើ​ការ ។ល។ ប៉ុន្តែតាម​ពិត​ទៅ ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក​មិន​ល្អ​ពេល​ព្រឹក ​គឺមិន​ត្រឹម​ត្រូវ​ទេ។

ពពួក​ផលិតផល​បំបាត់​ក្លិន​ក្លៀក មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​យើង​ប្រើ​វា​ពេល​យប់ ពេល​រៀប​ចូល​គេង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​វេជ្ជបណ្ឌិតម៉ារីហ្សា ហ្កាស៊ីគ (Marisa Garshick) ជំនួយ​កាយ​សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺ​សើ​ស្បែក ​នៅ​មន្ទីរពេទ្យ Cornell-New York Presbyterian Medical Center។ ៤.រោមក្លៀក៖ រោមក្លៀក ធ្វើ​ឱ្យ​ញើស​ផ្អាប់​ក្នុង​ក្លៀក​ខ្លាំង​ ជាង​ស្បែក​ទទេ​ទៅ​ទៀត ដូច​នេះ ​​ពេល​យើង​បែក​ញើស​ច្រើន វា​អាច​បណ្ដាលឱ្យ​ផ្អាប់​ជាមួយ​បាក់តេរី​ ​បង្ក​ជា​ក្លិន​ស្អុយ។ ម៉្យាង​វិញ​ទៀត ​ក៏​ពិបាក​នឹង​សម្អាត​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ដែរ បើ​សិន​ក្លៀក​យើង​មាន​រោម​ក្រាស់។ ៥.ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន៖ ​បើ​យើង​សង្កេត​ឃើញ​ថា ក្រោយ​ពេល​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ថ្មីៗ ហើយ​ខ្លួន​មាន​ក្លិន​មិន​ល្អ​ ខុស​ធម្មតា វា​ប្រហែល​ជា​មក​ពី​ថ្នាំ​ដែល​យើង​ប្រើ​នឹង​ហើយ។ ថ្នាំ​មួយ​ចំនួន​ដូច​ជា ​ថ្នាំ​សម្រាប់​ប្រើ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ឬ​ជំងឺ​វង្វេងវង្វាន់ អាច​បណ្ដាលឱ្យ​យើង​បែក​ញើស​ខ្លាំង បង្ក​ក្លិន​ខ្លួន ឬ​ក្លិន​ក្លៀក​។

ដោយទ្បែក បើនិយាយពីរូបមន្តធម្មជាតិ បំបាត់ក្លិនក្លៀកមានដូចជា ប្រេងដូង៖ជ្រើសរើសយកប្រេងដូងប្រភេទស្ងួត ហើយលោកអ្នកឆ្កឹះវាតាមបរិមាណក្លៀក យកមកលាប ក្រោយពីងូតទឹកសម្អាតខ្លួនរួច។ បើនិយាយឱ្យងាយស្ដាប់ អាចប្រើប្រាស់ជំនួស ផលិតផលលុញក្លៀក បំបាត់ក្លិនបាន។ លោកអ្នក អាចធ្វើបែបនេះបាន២ទៅ៣ដងជារៀងរាល់ថ្ងៃ ព្រោះប្រេងដូងអាចកម្ចាត់បាក់តេរី យ៉ាងរហ័ស និងធ្វើឱ្យកោសិកាងាប់លើក្លៀកជ្រុះ យ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ម្សៅសូដា Baking Soda៖ លោកអ្នកអាចរកបាននៅតាមផ្សារទំនើបនានា នៅក្នុងប្រទេសកម្ពុជា។ ការលាយល្បាយម្សៅសូដា ដើម្បីបំបាត់ក្លិនក្លៀក មានភាពងាយស្រួលមែនទែន ដោយគ្រាន់តែដួសម្សៅសូដាមួយស្លាបព្រាបាយ ទឹកក្រូចឆ្មារមួយស្លាបព្រា កូរចូលគ្នាឱ្យក្លាយទៅជាល្បាយតែមួយ។ បន្ទាប់មកយកល្បាយនេះ មកលាបលើក្លៀក ទុកចោលប្រមាណ២ទៅ៣នាទី រួចលាងទឹកចេញ។

អាចអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ នោះនឹងឃើញលទ្ធផល ក្លៀករបស់លោកអ្នកនឹងស្បើយក្លិនបន្តិចម្ដងៗ។ ចំពោះ បន្ទាលកន្ទុយក្រពើ៖ ចិតសំបកចេញឆ្កឹះយកជែលបន្ទាលកន្ទុយក្រពើ មកលាបលើក្លៀកទាំងសងខាង ផ្អាប់ទុកចោលមួយយប់ រួចលាងចេញជាមួយទឹកនៅពេលព្រឹក។ អាចអនុវត្តបានជាប្រចាំថ្ងៃ ព្រោះថា វាមានសារធាតុអែនឌីអុកស៊ីឌែន ជួយបំបាត់ការបែកញើស ដែលបណ្ដាលឱ្យមានក្លិន៕ ដកស្រង់ពី៖ ហេទ្បូ គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត