
សុខភាព៖ នៅពេលលោកអ្នកនាងចេញពីធ្វើការ អស់កម្លាំង ហេវហត់ មិនមែនជារឿងចម្លែកទេ ចុះពេលព្រឹកទើបក្រោកពីគេងសោះ ហេតុអីមានអារម្មណ៍ហត់នឿយ ទៅធ្វើការគ្មានកម្លាំងអីបន្តិចសោះអ៊ីចឹង..? បញ្ហាទាំងនេះ អាចដោះស្រាយបាន ដោយគ្រាន់តែសាកល្បងធ្វើវិធីទាំង៦យ៉ាង ដែលមានដូចខាងក្រោម គឺអាចជួយអាចជួយលោកអ្នកនាងបានភ្លាមៗ...។

១.ពិសាទឹកឱ្យបានគ្រប់គ្រាន់៖ បើសិនជាយើងពិសាទឹកតិច អុកស៊ីហ្សែន រត់ក្នុងសរសៃឈាមក៏តិច ធ្វើឱ្យឆាប់ហត់ ព្រោះមកពីខ្សោះជាតិទឹក។ ដូចនេះ ការទទួលទានទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ ឬទទួលទានទឹករ៉ែមួយកែវ គ្រប់ពេលមានអារម្មណ៍អស់កម្លាំង។២.បង្កើតសកម្មភាព៖ ក្រោកដើរទៅនេះបន្តិច ទៅនោះបន្តិច ២ ឬ៣នាទី អាចនឹងជួយបង្កើនថាមពល និងមានអារម្មណ៍ថា ស្រឡះខ្លួន។ លើសពីនេះ គួរតែទៅលុបមុខនៅបន្ទប់ទឹក បន្ទាប់មកដើរចេញទៅក្រៅ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធវែងៗឱ្យបាន១០នាទី នោះនឹងល្អសម្រាប់ចរន្តឈាម ជួយឱ្យស្រស់ស្រាយ និងសម្រេចការងារដោយប្រសិទ្ធភាព។ ៣.ធ្វើសមាធិ៖ ចំណាយពេល៥នាទីរាល់ពេលព្រឹក ផ្តោតសំខាន់លើការដកដង្ហើម មិនថា ការទ្រេតខ្លួន ឬអង្គុយ ព្រោះការសមាធិ អាចជួយយើងបន្ធូរបន្ថយសម្ពាធ និងប្រឆាំងភាពអស់កម្លាំង។ ពេលធ្វើសមាធិ អាចយល់ច្បាស់ពីដង្ហើមយើង និងកាន់តែធ្វើឱ្យសុខភាពផ្លូវចិត្តល្អជាងមុន នាំឱ្យដំណើរការងាររលូន និងមិនមានអារម្មណ៍អស់កម្លាំង។

៤.សម្រាកមួយភ្លែតៗតែច្រើនដង៖ ការស្រាវជ្រាវនៃសកលវិទ្យាល័យ រដ្ឋ Louisiana នៅអាម៉េរិក អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន ហើយមិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្ដង ឬពីរដងក្នុងមួយថ្ងៃ។មួយវិញទៀត ការស្ងាប ក៏ជួយដល់រាងកាយឱ្យសម្រួលខួរក្បាល និងដាស់ខួរក្បាល វិលមកសភាពធម្មតាវិញ។៥.ទាញថាមពលចេញពីក្នុងខ្លួន៖ សាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឱ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់៣០វិនាទី ជាការស្រេច។ វិធីនេះ វាអាចបន្ថយភាពតានតឹង ប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ឆេវឆាវ បានធូរស្បើយជាងមុន។

៦.ស្រូបក្លិនក្រអូប៖ នៅពេលដែលលោកអ្នកមានអារម្មណ៍ហត់អស់កម្លាំង យកល្អគួរស្រូបយកក្លិនក្រអូបខ្លះៗ ដោយសារវាអាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ ក្នុងនោះ មានដូចជា ក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើមួម៉ៅនឹងអ្វីមួយ អាចយកស្លឹកជីអង្កាមមកហិត ឬផឹកតែជីអង្កាមមួយកែវ នឹងអាចផ្តល់កម្លាំងប្រាជ្ញាមកវិញ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ




