
ភ្នំពេញ៖ ត្រីតាពត ឬ ត្រីនាគ ដែលបងប្អូនប្រជាពលរដ្ឋនិយមទិញយកមកចិញ្ចឹមតាំងលម្អតាមគេហដ្ឋាន ឬភោជនីយដ្ឋានផ្សេងៗ អាចមានតម្លៃចាប់ពីខ្ទង់រយដុល្លារឡើងទៅ ខ្លះអាចដល់ខ្ទង់ពាន់ដុល្លារ ប៉ុន្តែត្រីមួយចំនួនដែលកម្រ ហើយមានពណ៌ប្លែកៗ អាចមានតម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះក្នុងមួយក្បាល។ ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួន គិតថានោះជាប្រភេទត្រីនាំចូល តែតាមពិតត្រីនេះក៏មានវត្តមាននៅកម្ពុជាយើងដែរ ជាពិសេសនៅតំបន់ទឹកជ្រោះ នៃតំបន់អារ៉ែង។

លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យ ដឹងតាមរយៈបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា ត្រីតាពត ដែលមានឈ្មោះវិទ្យាសាស្ត្រ Seleropages formosus និងឈ្មោះពាណិជ្ជកម្ម Asian bonytongue គឺជាប្រភេទត្រីទឹកសាប ដែលមានវត្តមាន និងពងកូននៅតាមបណ្តាជ្រោះមួយចំនួន នៃតំបន់ជួរភ្នំក្រវាញប៉ែកខាងត្បូងដល់កំពត នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្ត្រវិញ លោក ចាន់ សុខហេង បានបន្ថែមថា ត្រីតាពតជាពពួកដែលស៊ីត្រីផ្សេងៗ និងសត្វល្អិតក្នុងទឹកជាអាហារ ហើយអាចមានប្រវែងរហូតដល់ ១០០សង់ទីម៉ែត្រ។ វាមានអាយុរស់នៅរហូតដល់ ១៥ឆ្នាំ ហើយត្រីពេញវ័យអាចបន្តពូជបាននៅអាយុ ០៣ ទៅ ០៤ឆ្នាំ ដោយពងរបស់វា មិនលើសពី ២០ពង ទៅ ៥០ពង ចំពោះមេមួយក្បាល។ ត្រីតាពតមានលក្ខណៈពិសេសមួយគឺថា បន្ទាប់ពីត្រីញីពងកូនហើយ វានឹងបញ្ចេញពងមកខាងក្រៅ បន្ទាប់មកត្រីឈ្មោល នឹងពាំពងទាំងនោះដាក់ទៅក្នុងមាត់ ការធ្វើបែបនេះគឺដើម្បីការពារ និងថែរក្សាពង ពីសត្រូវផ្សេងៗផង និងភ្ញាស់ពងទាំងនោះផង។ ត្រីឈ្មោលនឹងថែរក្សាពងទាំងនោះរយៈពេលពី ៣០ថ្ងៃ ទៅ ៥០ថ្ងៃ ដោយពុំស៊ីចំណីអ្វីទាំងអស់ រហូតដល់ពងញាស់នៅក្នុងមាត់ ហើយអាចហែលដោយខ្លួនឯងបាន។

ត្រីតាពតមានពណ៌ខុសប្លែកពីគ្នាច្រើន ខ្លះមានពណ៌ក្រហម ទឹកមាស ក្រហមលាយទឹកមាស បៃតង ទឹកប្រាក់ និងភាគច្រើនគឺពណ៌ខ្មៅ ដោយឡែកកាលពីឆ្នាំ២០១៦ ត្រីតាពត ដែលមានពណ៌សមួយក្បាល បានបំបែកកំណត់ត្រា ដោយមានតម្លៃរហូតដល់ ៣០០ ០០០ដុល្លារអាមេរិក ឯណោះ។ ត្រីតាពត ត្រូវបានរកឃើញមានរស់នៅតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ គឺប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយអំបូរត្រីប្រភេទនេះ មានចំនួន ០៧ប្រភេទ។ គេអាចសម្គាល់ត្រីនេះបាន ដោយសារវាមានស្រកាធំៗ ខុសប្លែកពីស្រកាត្រីដទៃទៀត មានដុះព្រុយមាត់ និងព្រុយខ្នងដុះកៀកក្បែរគល់កន្ទុយ។ វាមានរាងមូលស្តួច និងកោងនៅខ្នង ផ្នែកណ្តាលផត ដែលប្រភេទដទៃទៀតមានដងខ្លួនសំប៉ែតរាបស្មើ និងមានក្បាលរាងទ្រវែង។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យដឹងផងដែរថា “ត្រីតាពត ឬត្រីនាគនេះ មានតម្លៃណាស់នៅប្រទេសចិន។ តាមរយៈការស្រាវជ្រាវរបស់លោក ត្រីតាពត ឬត្រីនាគនេះ ត្រូវបានគេគិតថាជាបដិមាករមួយដែលដំណាងឱ្យសំណាងល្អ និងសុភមង្គល។ ជំនឿបែបនេះបានកើតមានរហូតមកទល់សព្វថ្ងៃនេះ សម្រាប់ប្រជាជនចិន ដែលពួកគេបានជឿថា មានត្រីតាពតមួយ នឹងនាំសំណាងល្អដល់របររកស៊ីរបស់ពួកគេ។ ដោយសារមូលហេតុនេះហើយ ទើបត្រីតាពតបានក្លាយទៅជាត្រីដ៏មានតម្លៃបំផុត ក្នុងចំណោមត្រីចិញ្ចឹមដទៃទៀតនៅលើពិភពលោក។”

ដោយសារតែត្រីតាពតមានតម្លៃថ្លៃនេះហើយ ទើបធ្វើឱ្យត្រីប្រភេទនេះ កំពុងរងការគំរាមកំហែង តាមរយៈការនេសាទហួសកម្រិតសម្រាប់ធ្វើពាណិជ្ជកម្មខុសច្បាប់ទាំងនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកត្រីដែលធ្វើពាណិជ្ជកម្មស្របច្បាប់ គឺជាប្រភេទត្រីដែលត្រូវបានចិញ្ចឹម និងបង្កាត់ពូជ ហើយរាល់ប្រភេទត្រីចិញ្ចឹមទាំងនេះ ត្រូវបានសម្គាល់ដោយ Micro Chip ដែលត្រូវបានចាក់ចូលទៅក្នុងត្រីទាំងអស់ ហើយបន្ទាប់ពីការស្គេនរួច អ្នកទិញអាចដឹងពីសាវតាត្រីទាំងនោះ និងដឹងថាជាត្រីស្របច្បាប់ឬមិនស្របច្បាប់។
លោកស្រី ជូ ដែលដែលជាអ្នកលក់ត្រីចិញ្ចឹមនៅក្បែរសាលាវត្តកោះជាច្រើនឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា ត្រីតាពតនេះ ពុំសូវមានអ្នកហៅឈ្មោះបែបនេះទេ ភាគច្រើនអ្នកមកទិញ ហៅតែត្រីនាគៗរត់មាត់ទៅហើយ ហើយតម្លៃវាពិតជាថ្លៃមែន ដោយត្រីទំហំចាប់ពី០២ធ្នាប់ដៃ លោកស្រីអាចលក់បានក្នុងរង្វង់ ១៥ដុល្លារ ទៅ ២០ដុល្លារ ក្នុង១ក្បាល ហើយត្រីធំជាងនេះប្រហែល០៣ធ្នាប់ដៃ អាចលក់បានក្នុង១ក្បាលពី ៥០ដុល្លារ ទៅ ៦០ដុល្លារ ហើយតម្លៃត្រីប្រភេទនេះ គឺកាន់តែធំកាន់តែថ្លៃ។
លោក ចាន់ សុខហេង បានបញ្ជាក់ជាចុងក្រោយថា ៖ “ត្រីតាពតនេះ តាមខ្ញុំដឹងអ្នកដែលទិញ គឺសម្រាប់តែតាំងលម្អប៉ុណ្ណោះ មិនមែនសម្រាប់ញ៉ាំនោះទេ ហើយអ្នកនេសាទដែលនេសាទត្រីតាពតនេះបាន បើនៅរស់គឺអាចលក់បានតម្លៃថ្លៃ ប៉ុន្តែបើនេសាទបាន ហើយត្រីនេះស្លាប់វិញគឺលក់ពុំបានថ្លៃទេ ណាមួយអ្នកទិញក៏គេមិនទិញត្រីតាពតយកទៅពិសានោះដែរ។”
នៅកម្ពុជា ត្រីតាពត ត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជ និងត្រូវបានការពារដោយច្បាប់គ្រប់គ្រងវិស័យជលផល និងមាននៅក្នុងបញ្ជីឧបសម្ព័នI នៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់ (Cites) និងស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែង (Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN៕

ដោយ៖ ភូរៈ



