
សង្រ្គាមបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិន មានសភាពខ្លាំងក្លាខ្លាំងណាស់នៅអំឡុងពេលរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនយក្សចិនជាច្រើនរួមមានក្រុមហ៊ុន Huawei ដែលជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បំផុតមួយផងដែរ។ ក្នុងអំឡុងពេលថ្ងៃចុងក្រោយក្នុងការិយាល័យរបស់គាត់ លោក ត្រាំ ក៏បានដាក់ក្រុមហ៊ុនសហប្រតិបត្ដិការអន្ដរជាតិអេឡិចត្រូនិក (SMIC) ជាក្រុមហ៊ុនផលិតបន្ទះឈីបយក្សមួយរបស់ចិន និងក្រុមហ៊ុន Shenzhen DJI Sciences and Technologies Ltd (DJI) ជាក្រុមហ៊ុនផលិត drone កំពូលរបស់ចិនចូលក្នុងបញ្ជីខ្មៅបន្ថែមទៀត។
បើទោះបីជាលោក ចូ បៃដិន ត្រូវបានជ្រើសរើសជាប្រធានាធិបតីក៏ដោយ គោលនយោបាយការបរទេសរបស់អាមេរិកនឹងមិនទន់ជ្រាយចំពោះប្រទេសចិនឡើយ ជាពិសេសលើភាពតានតឹងរបស់ខ្លួនជាមួយប្រទេសចិនលើឧស្សាហកម្មបច្ចេកវិទ្យា។ សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលលោក បៃដិន នឹងបន្តដាក់សម្ពាធបន្ថែមទៀតលើឧស្សាហកម្មបច្ចេកវិទ្យាចិន តែវិធានការ និងការលើកទឹកចិត្តនានានឹងមានភាពខុសគ្នា ដែលរដ្ឋបាលរបស់បៃដិននឹងមានលក្ខណៈការទូតកាន់តែច្រើន និងអនុវត្តទៅតាមបទដ្ឋានអន្តរជាតិមុនពេលវាយប្រហារប្រទេសចិន។

អាមេរិក នឹងបន្តកំណត់ការនាំចេញផលិតផលបច្ចេកវិទ្យាឈានមុខគេទៅកាន់ប្រទេសចិន ដោយសារតែមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាចិនក្នុងការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដូចដែលលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសុន្ទរកថានៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃទី ៤ ខែមករា ថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគឺជាចំណុចស្នូលនៃរដ្ឋបាលរបស់គាត់។
សុន្ទរកថានោះបានរាប់បញ្ចូលសរសរគ្រឹះពីរនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ទី១លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសនៅអឺរ៉ុប និងអាស៊ីដើម្បីប្រឈមនឹងការកើនឡើងនៃរបបផ្តាច់ការដែលត្រូវបានគាំទ្រយ៉ាងខ្លាំងដោយរុស្ស៊ី និងចិន។ ទី២ រដ្ឋបាលលោក បៃដិន នឹងចូលរួមជាសកលដែលនឹងត្រូវចាក់ឬសយ៉ាងជ្រៅនូវគុណតម្លៃប្រជាធិបតេយ្យដែលគួរឱ្យគោរពស្រឡាញ់បំផុតរបស់អាមេរិក ដូចជាការការពារសេរីភាព ឱកាសជើងឯក ការលើកស្ទួយសិទ្ធិជាសកល ការគោរពនីតិរដ្ឋ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នា។ ផ្អែកលើសសរស្តម្ភទាំងនេះ អាមេរិកនឹងប្រើករណីរំលោភសិទ្ធិមនុស្សដើម្បីប្រឈមមុខជាមួយប្រទេសចិនជាពិសេសការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។
ជាប្រវត្តិសាស្ត្រ លោក បៃដិន បានដឹកនាំអន្តរាគមន៍របស់អាមេរិកនៅក្រៅប្រទេសរួមមានដូចជា ស៊ីរី លីប៊ី និងអ៊ីរ៉ាក់ជាដើមជុំវិញការរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលដែលគាត់ជាសមាជិកព្រឹទ្ធសភា និងជាអនុប្រធានាធិបតី។ ការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង នឹងជម្រុញឱ្យអាមេរិកបន្តរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ទៅកាន់ប្រទេសចិន។ សំខាន់ជាងនេះទៅទៀត ជំរុំអប់រំជនជាតិចិនសម្រាប់ជនជាតិភាគតិចនៅភាគពាយព្យស៊ីនជាំង ដែលរដ្ឋាភិបាលចិនបានឃុំខ្លួនជនជាតិភាគតិច ភាគច្រើន ជាជនជាតិអ៊ុយហ្គួរ។ឧស្សាហកម្មបច្ចេកវិទ្យាចិនភាគច្រើនត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការគាំទ្របច្ចេកទេសដល់រដ្ឋាភិបាល ដើម្បីគាបសង្កត់ជនជាតិភាគតិច។

យោងតាមកាសែត Washington Post នៅឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានបង្កើតកម្មវិធីជូនដំណឹង សំឡេងរោទិ៍អ៊ុយហ្គួរ (Uighur Alarm) ដែលជាការឃ្លាំមើលការស្កេនមុខដែលអាចជួយឱ្យរដ្ឋាភិបាលចិនក្នុងការកំណត់អត្តសញ្ញាណជនជាតិអ៊ុយហ្គួរ។ មួយវិញទៀត នៅក្នុងឆ្នាំ២០២០ យោងតាមកាសែត New York Times រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់បន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន ១១ ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់នៃឧស្សាហកម្មបច្ចេកវិទ្យាយក្សរបស់អាមេរិកដូចជា Apple, Google និង Ralph Lauren ផងដែរ ជុំវិញការចូលរួមយុទ្ធនាការប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីមនៅក្នុងតំបន់ស៊ីនជាំង។
ក្រុមហ៊ុនទាំងនេះភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្មរបស់ជនជាតិអ៊ុយហ្គួរដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួន។ ក្រុមហ៊ុនពីរក្នុងចំណោមក្រុមហ៊ុនទាំងនេះគឺ Xinjiang Silk Rod BGI និងក្រុមហ៊ុនBeijing Liuhe BGIត្រូវបានចោទប្រកាន់ពីបទបង្កើតការវិភាគហ្សែនក្នុងគោលបំណងបង្ក្រាបជនជាតិភាគតិចនៅស៊ីនជាំង។
ថ្មីៗនេះ ទំនាក់ទំនងកាន់តែស្មុគស្មាញឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្ការវាងទីក្រុងប៉េកាំង និងរដ្ឋបាលលោក បៃដិន។ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកគឺលោក Antony Blinken បានព្រមានចិនថា អាមេរិកនឹងមិនឈរឱ្យដៃមើលនៅក្នុងបញ្ហារំលោភសិទ្ធិមនុស្សនៅចិននោះទេ ជាពិសេសលើជនជាតិអ៊ុយហ្គួរ និងនៅហុងកុង។ លោកក៏បានបន្ថែមទៀតថា បញ្ហាបែបនេះមិនមែនជាបញ្ហាផ្ទៃក្នុងទេ ខណៈដែលវាបានគំរាមកំហែងដល់សណ្តាប់ធ្នាប់ផ្អែកលើច្បាប់ដែលរក្សាស្ថេរភាពពិភពលោក។ ហេតុដូច្នេះ ហើយ បញ្ហាទាំងនោះមិនមែនគ្រាន់តែជាបញ្ហាផ្ទៃក្នុងប៉ុណ្ណោះទេ។

ភាពតានតឹងនេះត្រូវបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកបៃដិន នឹងកាត់បន្ថយចិនក្នុងការចូលប្រើប្រាស់បច្ចេកវិទ្យាឈានមុខរបស់អាមេរិកបន្តទៀត។ទោះបីជាអាមេរិកមានជំហរខ្ពស់លើប្រទេសចិនជុំវិញបច្ចេកវិទ្យាជឿនលឿន ខណៈដែលប្រទេសចិនពឹងផ្អែកលើផលិតផលបច្ចេកវិទ្យារបស់អាមេរិកដូចជាឧបករណ៍អេឡិចត្រូនិកមួយចំនួន ការអប់រំ និងធនធានមនុស្សក៏ដោយ ទោះជាយ៉ាងណាក៏ដោយ វាក៏មានគ្រោះថ្នាក់សម្រាប់អាមេរិកផងដែរ ខណៈដែលអាមេរិកនាំចូលប្រហែល ៨០ ភាគរយនៃលោហៈធាតុកម្រពីប្រទេសចិន។
ទាក់ទងនឹងករណីនេះដែរ អាមេរិកត្រូវការធ្វើពិពិធកម្មការផ្គត់ផ្គង់ធនធានកម្ររបស់ខ្លួន បើមិនដូច្នេះ វាអាចនឹងរងទុក្ខនៅពេលដែលរដ្ឋាភិបាលចិនសម្រេចដាក់កម្រិតលើផលិតកម្មរ៉ែកម្ររបស់ខ្លួន។ នៅក្នុងឆ្នាំ២០១៩ អាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអូស្ត្រាលី ដើម្បីសាងសង់កន្លែងផលិតរ៉ែកម្រនៅរដ្ឋកាលីហ្វ័រញ៉ា។ ទោះបីជាយ៉ាងណា វាត្រូវការពេលជាច្រើនឆ្នាំសម្រាប់អាមេរិកដែលអាចពឹងផ្អែកលើខ្លួនឯងចំពោះផលិតកម្មលហៈធាតុកម្រនេះបាន៕

បទវិភាគ ដោយ៖ រ៉ឹម សុខវី
ប្រភពរូបភាព៖ Global Village Space


