ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន លើធនធានកម្រ!
R
Reaksmey Seng
21 មីនា 2021 05:30 AM

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចកំពូលនៃនយោបាយអន្តរជាតិក្នុងឆ្នាំ២០១១ នៅពេលដែលអាមេរិកផ្លាស់ប្តូរការផ្តោតអារម្មណ៍លើគោលនយោបាយការបរទេសរបស់ខ្លួននៅអាស៊ីដែលត្រូវបានគេស្គាល់ថាជា “Pivot to Asia” ។ គោលនយោបាយនេះត្រូវបានផ្តួចផ្តើមធ្វើឱ្យមានតុល្យភាពប្រឆាំងនឹងការកើនឡើងនៃប្រទេសចិននៅពេលដែលវាវ៉ាដាច់ជប៉ុនដើម្បីក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងឆ្នាំ២០១០។ ខាងផ្នែកពាណិជ្ជកម្មក៏មានលក្ខណៈកាន់តែតានតឹងខ្លាំងឡើង ជាពិសេសក្នុងអំឡុងពេលនៃរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ​ ដែលបានមើលឃើញថាឋអាមេរិករងនូវឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយឱនភាពពាណិជ្ជកម្មអាមេរិកបានកើនឡើងពី ១០៣.១ ពាន់លានដុល្លារក្នុងឆ្នាំ២០១២ និងបង្កើនបន្ថែមទៀតដល់ ៣៧៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។

ការព្រួយបារម្ភនេះបានក្លាយជាយុទ្ធនាការប្រធានាធិបតីដែលអនុញ្ញាតឱ្យលោក ត្រាំ បានជាប់ឆ្នោតនៅឆ្នាំ ២០១៦។ រដ្ឋបាលលោក ត្រាំ បានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក្នុងឆ្នាំ២០១៨ ដែលនាំឱ្យមានការសងសឹកគ្នាទៅវិញទៅមក និងធ្វើឱ្យភាគីទាំងពីរខាតបង់ខាងសេដ្ឋកិច្ចពីភាពតានតឹងនេះ។ រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន គឺមិនខុសគ្នានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសយកវិធីសាស្រ្តប្រឈមមុខបន្ថែមទៀត គឺជាហានិភ័យខ្លាំងមួយ ខណៈដែលសហរដ្ឋអាមេរិកនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលធនធាននានាពីប្រទេសចិន ជាពិសេសគឺលោហធាតុកម្រ។

ប្រភព៖ Forbes
ប្រភព៖ Forbes

ឥទ្ធិពលភូមិសាស្ត្រនយោបាយទៅលើសក្តានុពលនៃការផ្គត់ផ្គង់លោហធាតុកម្រ

លោហធាតុកម្រ ឬរ៉ែកម្រ ហៅម្យ៉ាងទៀតថាធនធានកម្រ គឺជាសមាសធាតុនៃលោហធាតុផ្សេងៗផ្សំពីធាតុគីមី yttrium ធាតុគីមី scandium និងធាតុគីមី lanthanides ប្រហែល ១៥ប្រភេទទៀត ដែលត្រូវបានកំណត់លក្ខណៈដោយសារធាតុគីមីផ្សេងៗគ្នា។ វាជាធាតុចាំបាច់ដើម្បីអភិវឌ្ឍផលិតផលបច្ចេកវិទ្យាខ្ពស់ទំនើបដូចជាស្មាតហ្វូន រហាត់ខ្យល់ រថយន្តអគ្គិសនី និងរោងចក្រចម្រាញ់ប្រេងជាដើម។ វាក៏សំខាន់ផងដែរនៅក្នុងបច្ចេកវិទ្យាយោធាទំនើប។ ការរីកចម្រើននៃអាវុធបច្ចេកវិទ្យាខ្ពស់រួមមានទាំង យន្តហោះ​ចម្បាំង ប្រព័ន្ធណែនាំមីស៊ីល ប្រព័ន្ធប្រឆាំងមីស៊ីល និងឡាស៊ែរ ក៏ដូចជាផ្កាយរណបជាដើម គឺសុទ្ធតែអាស្រ័យលើ ប្រភេទផ្សេងៗគ្នានៃធនធានកម្រខាងលើនេះ។ ធនធានកម្រ ​មិនមែនកម្រដូចជាឈ្មោះរបស់វានោះទេ គឺដំណើរការយកវាទេដែលពិបាកជាង ហើយត្រូវការចំណាយជាច្រើនទៀត។

បច្ចុប្បន្ននេះ ប្រទេសចិនមានឥទ្ធិពលលើដំណើរការនៃការផលិតយកធនធានកម្រ ដែលគ្រប់គ្រង ៨៥ ភាគរយនៃការផ្គត់ផ្គង់វា។ ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានពឹងផ្អែកលើធនធានដ៏កម្ររបស់ចិន ខណៈនៅក្នុងឆ្នាំ២០១៩ លោហធាតុម្ររបស់ចិនត្រូវបានផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនប៉ុណ្ណោះ។ ក្នុងនោះប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយសហរដ្ឋអាមេរិកនៅពីក្រោយ ពួកគេបាននាំចូល ៣៦ ភាគរយនិង ៣៣,៤ ភាគរយ នូវការផ្គត់ផ្គង់ធនធានកម្ររបស់ចិនរៀងៗខ្លួន។ នៅក្នុងឆ្នាំ២០២១ ប្រទេសចិនក៏បង្កើនផលិតកម្មរបស់ខ្លួនជិត ៣០ ភាគរយ ដោយសារតម្រូវការកើនឡើង ទោះជាយ៉ាងណា ​វាត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ (BIR)  ដែលចិនសង្ឃឹមថានឹងផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួននៅទូទាំងពិភពលោក។

ប្រភព៖ Asia Times
ប្រភព៖ Asia Times

ការពឹងផ្អែកច្រើនទៅលើការផ្គត់ផ្គង់លោហធាតុកម្ររបស់ចិន នឹងផ្តល់នូវគុណសម្បត្តិភូមិសាស្ត្រនយោបាយរបស់ចិនលើអាមេរិក និងសម្ព័ន្ធមិត្តរបស់វា។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ២០១០ ចិនបានកាត់បន្ថយការផ្គត់ផ្គង់រ៉ែកម្រដល់ប្រទេសជប៉ុនជុំវិញជម្លោះនៅកោះសេនកាគូ​ (Senkaku)។ នៅក្នុងឆ្នាំ២០២០ ប្រទេសចិនក៏បានគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនចុះកិច្ចសន្យាការពារជាតិអាមេរិកដែលបាននាំចេញអាវុធទៅកោះតៃវ៉ាន់ រួមបញ្ចូលទាំងក្រុមហ៊ុន Lockheed Martin Corp ក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Boeing ផងដែរ។ ក្នុងន័យនេះ ប្រទេសចិនអាចប្រើធនធាន លោហៈ និងរ៉ែផ្សេងៗប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងពេលមានជម្លោះណាមួយ។

ក្នុងពេលថ្មីៗនេះ មានការព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះភាពអាស្រ័យលើធនធានរ៉ែរបស់ចិន។ បើយោងតាមលោក Nathan Picarsic ស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សា Horizon Advisory លោកមើលឃើញថា ប្រទេសចិនកំពុងគ្រប់គ្រងឧស្សាហកម្មកែច្នៃសម្រាប់ការមានអំណាចចរចា ជាជាងការទទួលត្រឡប់មកវិញខាងសេដ្ឋកិច្ច។ ធនធានកម្រក៏មាននៅអាមេរិក អូស្ត្រាលី ម៉ាឡេស៊ី ប្រេហ្ស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌាផងដែរ ក៏ប៉ុន្តែការកែច្នៃគឺជាបញ្ហាប្រឈម និងចំណាយកាន់តែច្រើនដែលមានតែប្រទេសចិនទេដែលផលិតស្ទើរតែបួនភាគប្រាំនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ តែយ៉ាងណា ម្ចាស់ទីតាំងធនធានកម្រអាមេរិកមួយ ក៏ធ្វើការនាំចេញធនធានពីច្រកភ្នំកាលីហ្វ័រញ៉ាទៅប្រទេសចិនផងដែរ ដែលមានប្រមាណជា ៥ ម៉ឺនតោននៃធនធានកម្រជារៀងរាល់ឆ្នាំ។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន មន្ទីរបញ្ចកោណបានចុះកិច្ចសន្យាជាមួយអ្នករុករករ៉ែអូស្ត្រាលី និងអាមេរិកដើម្បីបង្កើតការចម្រាញ់ ហើយប្រតិបត្តិការរបស់ខ្លួនត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២២ខាងមុខនេះ។ ប្រទេសចិនអាចផលិតបានធនធានកម្រចំនួន ២០ ម៉ឺនតោន ដែលជាកន្លែងកែច្នៃធនធានកម្រដ៏ធំបំផុតនៅលើពិភពលោក។ ដូច្នេះវាត្រូវការពេលជាច្រើនឆ្នាំសម្រាប់សហរដ្ឋអាមេរិកក្នុងការតាមឱ្យទាន់ប្រទេសចិន៕

ប្រភព៖ NEXT IAS - Current Affairs Blog
ប្រភព៖ NEXT IAS - Current Affairs Blog

អត្ថបទដោយ៖ រ៉ឹម សុខវី

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត