
ប្រុស ឡា មាននាមដើមថា ផល ដារ៉ា គឺជាតារាចម្រៀងរ៉េបបែប Hip Hop ល្បីឈ្មោះក្នុងស្រទាប់យុវវ័យតាមរយៈបទ “ជិះស៊ីក្លូ” និងបទ “នារីសក់ខ្លី” ។ តើក្នុងដំណើរជីវិតឆ្លងដែនពីទឹកដីសហរដ្ឋអាមេរិកតាមរកក្ដីស្រមៃលើទឹកដីកំណើតរហូតមានការទទួលស្គាល់ពីមហាជន អ្នកម្រៀង Hip Hop រូបនេះឆ្លងកាត់នូវរឿងរ៉ាវក៏ដូចជាការតាំងចិត្តអ្វីខ្លះ?

ជួបជាមួយ SBM News កាលពីពេលថ្មីៗនេះ ប្រុស ឡា បានបង្ហើបពីខ្សែជីវិតក៏ដូចជាការតស៊ូក្នុងវិស័យសិល្បៈឱ្យដឹងថា លោកមានទីកន្លែងកំណើតលើទឹកដីខេត្តបាត់ដំបង និងក្រោយមកមានឱកាសចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារកាលពីឆ្នាំ ២០១៣ ។ ប៉ុន្តែដោយហេតុថាមាននិស្ស័យសិល្បៈពីកំណើត និងតែងតែមានក្ដីស្រមៃថាខ្លួនបានឈរលើឆាកតន្រ្តីនោះ ទើបលោកស្វះស្វែងរកឱកាសបញ្ចេញនូវទេពកោសល្យមួយនេះដើម្បីទទួលបានការផ្ដល់តម្លៃពីមហាជន។
ការចាប់យកវិស័យចម្រៀងបែប Hip Hop ជាសិល្បៈមួយដែលមិនសូវមានការទទួលស្គាល់ទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគឺមិនមែនជារឿងងាយស្រួលនោះឡើយក្នុងការទទួលភាពជោគជ័យ។ នេះបើតាមអ្នកចម្រៀងរូបនេះបានបញ្ជាក់។ លោកបន្ដថា ដោយសារតែភាពច្នៃប្រឌិតដោយរួមបញ្ចូលនូវអត្តសញ្ញាណខ្លះៗនៃសិល្បៈខ្មែរបុរាណ ទើបធ្វើឱ្យបទបែប Hip Hopមួយចំនួនរបស់លោកទទួលបានការគាំទ្រ និងកាន់តែទទួលការចាប់អារម្មណ៍ពីមួយពេលទៅមួយពេល។ បន្ថែមពីលើនេះក្នុងនាមជាអ្នកចម្រៀងរ៉េបម្នាក់លោកយល់ថា ចម្រៀងរ៉េបបែប Hip Hopគឺជាសិល្បៈទំនើបនិយមទាន់សម័យបែបច្នៃប្រឌិតមួយបែប ដែលអាចបញ្ជ្រាបនូវអារម្មណ៍ មនោសញ្ចេតនា និងបទពិសោន៍ជីវិតរស់នៅប្រចាំថ្ងៃទៅកាន់ពិភពលោកទាំងមូល។

បច្ចុប្បន្ន ក្រៅពីជាអ្នកច្រៀងរ៉េបល្បីឈ្មោះហើយនោះ លោកក៏មានផលិតកម្មមួយផ្ទាល់ខ្លួនឈ្មោះថា CG Movement ដែលប្រមូលផ្ដុំនូវអ្នកមានទេពកោសល្យសិល្បៈជាច្រើននាក់ផងដែរ។ ក្នុងវិស័យសិល្បៈ ក្រៅពីប្រឹងប្រែងផលិតបទចម្រៀងបម្រើអារម្មណ៍មហាជនហើយនោះ លោកក៏ជាប្រធានក្រុមនិងអ្នកចម្រៀងមួយរូបដែលមានចក្ខុវិស័យខ្ពស់ក្នុងការច្នៃប្រឌិតស្នាដៃថ្មីៗមិនចម្លងពីបរទេសនិងមានឧត្ដមគតិគោលគឺធ្វើយ៉ាងណាឱ្យសិល្បៈវប្បធម៌ខ្មែរទាំងបុរាណនិងសម័យសាយភាយភាពល្បីល្បាយជាសាកលលើពិភពលោកផងដែរ៕ (ដោយ៖ ភូមិន្ទ)



