គ្រឿងញៀនគ្មានអនាគតទេ! បែកថ្នាំដើរស្រែកជេរគេឯងតាមផ្លូវ យកដុំថ្មគប់ក្បាលសមត្ថកិច្ច
S
Sereyphuon Chhim
05 មីនា 2021 03:43 AM

ភ្នំពេញ៖ ជនសង្ស័យម្នាក់បែកថ្នាំដើរស្រែក និងយកដុំថ្មគប់ទៅលើអ្នកធ្វើដំណើរនៅតាមផ្លូវ ខណៈសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ ក៏យកដុំថ្មគប់ត្រូវចំក្បាលសមត្ថកិច្ច   ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបាន ក៏ឃាត់ខ្លួនយកមកអធិការដ្ឋានខណ្ឌ៧មករា តែម្ដង។

 ​ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅមុខផ្សារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

 ជនសង្ស័យមានវ័យប្រហែល៣០ឆ្នាំ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

មុនពេលកើតហេតុ ជនសង្ស័យទំនងសេពគ្រឿងញៀនច្រើនពេក រហូតឈានដល់ទប់ស្មារតីខ្លួនឯងមិនបាន(បែកថ្នាំ) មិនដឹងដើរមកពីទីណានោះទេ ពេលមកដល់មុខផ្សារអូឡាំព្យា ក៏បានស្រែកឡូឡា ដើរកាន់ដុំថ្មគប់អ្នកធ្វើដំណើរនៅតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ ហើយត្រូវជននោះយកដុំថ្មគប់ចំក្បាលសមត្ថកិច្ច ប៉ុន្តែរងរបួសស្រាល ធ្វើឱ្យសមត្ថកិច្ចទ្រាំមិនបាន ក៏នាំគ្នាឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

 ទាក់ទងករណីនេះដែរ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនយុវតីទាំងឡាយ សូមមេត្តាជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអំពើខុសច្បាប់ និងធ្វើឱ្យយើងបាត់បង់ស្មារតីលែងស្គាល់អ្វីទាំងអស់ បង្កទុក្ខភ័យដល់ក្រុមគ្រួសារបងប្អូន ខាតបង់ការសិក្សា និងទ្រព្យសម្បត្តិ គ្មានអនាគតទេ មើលគំរូជនម្នាក់នេះទៅ ប្រាកដជាដឹងហើយ ៕ (ដោយ៖ ឈ.សេរី)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត