តើចិនអាចវ៉ាអាមេរិកក្លាយជាមហាអំណាចនាំមុខពិភពលោកបានដែរឬទេ?
R
Reaksmey Seng
06 មីនា 2021 02:00 PM

សហរដ្ឋអាមេរិក  បានក្លាយជាមហាអំណាចពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់មកដោយវាបានកសាងសណ្តាប់ធ្នាប់អន្តរជាតិសេរីសកលរួមជាមួយនឹងប្រទេសមហាអំណាចដទៃទៀតដូចជា៖ សហភាពសូវៀត ចិន បារាំង និងចក្រភពអង់គ្លេសជាដើម។ សហរដ្ឋអាមេរិក ក៏បានឈានដល់កម្រិតកំពូលបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ ដោយបានក្លាយជាអនុត្តរភាពពិភពលោក ដែលមានន័យថាជាមេដឹកនាំកំពូលរបស់ពិភពលោកជាមួយនឹងឧត្តមភាពខាងនយោបាយ សេដ្ឋកិច្ច និងយោធាផងដែរ។ ទោះបីជាវាមានអាយុកាលខ្លី ដោយសារការកើនឡើងនៃមហាអំណាចថ្មីៗជាពិសេសគឺប្រទេសចិនជាដើម ការកើនឡើងនៃឥទ្ធិពលប្រទេសចិនបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក ខណៈដែលខ្លួនសង្ឃឹមថានឹងជំនួសសណ្តាប់ធ្នាប់អន្តរជាតិថ្មី។

ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ដូណាល់ ត្រា បានធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលអាមេរិកលើសង្វៀនពិភពលោក នាពេលនោះអាមេរិកបានដើរចេញ និងប្រឆាំងនឹងសម្ព័ន្ធអន្តរជាតិធំៗ តួយ៉ាងដូចជាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងអឺរ៉ុបជាដើម។ លើសពីនេះ លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តអាមេរិក ថាពួកគេកំពុងទទួលបានផលប្រយោជន៍ដោយងាយស្រួលទៅលើកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេជាដើម។ បើទោះបីជាមានការធានាពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលលោក ចូ បៃដិន បានថ្លែងទៅកាន់សហគមន៍​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិកថា “អាមេរិកត្រឡប់មកវិញហើយ” ក៏ដោយតែវានឹងមិនអាចធ្វើអ្វីបានច្រើនដើម្បីស្តារទំនាក់ទំនងដែលខូចខាតជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះទេ ស្របពេលដែលពួកគេនឹងសន្មត់ថា នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកអាចនឹងត្រូវផ្លាស់ប្តូរទៅមកដោយយោងទៅតាមតែប្រធានាធិបតីដែលជាប់ឆ្នោត។

ប្រភព៖ BBC
ប្រភព៖ BBC

គោលនយោបាយធ្វើបាបខ្លួនឯងដែលផ្តួចផ្តើមដោយរដ្ឋបាលលោក ត្រាំ អស់រយៈពេល៤ឆ្នាំបានផ្តល់ឱកាសឲ្យប្រទេសចិនធ្វើការពង្រឹងសេដ្ឋកិច្ច និងឥទ្ធិពលយោធារបស់ខ្លួននៅទូទាំងពិភពលោក។ ប្រទេសចិន បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប អាហ្វ្រិក រួមទាំងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាថែមទៀតផង តាមរយៈជំនួយពាណិជ្ជកម្ម និងជំនួយបរទេសផ្សេងៗ។ ឧទាហរណ៍ នៅក្នុងឆ្នាំ២០២០ ប្រទេសចិនបានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប។ កិច្ចការនេះអាចធ្វើទៅបានដោយសារតែការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគដែលបានចរចារយ៉ាងយូររវាងសហភាពអឺរ៉ុប និងចិន ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់វិនិយោគិនមកពីអឺរ៉ុបក្នុងការចូលទៅកាន់ទីផ្សារចិន។ មួយវិញទៀត មេរោគរាតត្បាត កូវីដ-១៩ ក៏បានជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនេះផងដែរ។ ការជាសះស្បើយឆាប់រហ័សពីរោគរាតត្បាត (នៅប្រទេសចិន) បានជំរុញឱ្យមានតម្រូវការផលិតផលអឺរ៉ុប ជាពិសេសទំនិញផ្នែករថយន្ត និងទំនិញប្រណិតៗ ស្របពេលដែលតម្រូវការសម្រាប់ឧបករណ៍វេជ្ជសាស្រ្ត និងគ្រឿងអេឡិចត្រូនិចរបស់ចិនបានកើនឡើងនៅអឺរ៉ុបផងដែរ។

កុបកម្មនៅវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២១ មុនពេលថ្ងៃឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន ក៏បានធ្វើឱ្យប៉ះពាល់ដល់អំណាចទន់របស់សហរដ្ឋអាមេរិកផងដែរ។ សហរដ្ឋអាមេរិក ធ្លាប់ត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដែលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមធ្យោបាយសម្រាប់ឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​ធ្លាប់ត្រូវបានប្រើជាហេតុផលសម្រាប់សហរដ្ឋអាមេរិកក្នុងការជ្រៀតជ្រែកផ្នែកយោធា និងនយោបាយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់កន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ការបង្រ្កាបថ្មីៗនេះនៅអាមេរិកបង្កប់ន័យថា សហរដ្ឋអាមេរិកមិនអាចដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួនបានទេ ហើយបែរជាតែងតែព្យាយាមជំរុញឱ្យមានការកែលម្អតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសដទៃទៀត ជាពិសេសនៅអាស៊ីតែម្តង។

ប្រភព៖ AsiaFundManagers.com
ប្រភព៖ AsiaFundManagers.com

ការធ្លាក់ចុះនៃអំណាចទន់របស់អាមេរិក រួមជាមួយនឹងការថយចុះសមត្ថភាពសេដ្ឋកិច្ច និងភាពជឿជាក់របស់សម្ព័ន្ធមិត្ត បានបើកផ្លូវសម្រាប់ប្រទេសចិនដើម្បីបំពេញចន្លោះនោះ។ មួយវិញទៀត បើទោះបីជាស្ថានភាពនៃបញ្ហានយោបាយ និងសេដ្ឋកិច្ចដែលមានស្រាប់របស់ប្រទេសចិន នៅតែនៅពីក្រោយសហរដ្ឋអាមេរិកក្នុងវិស័យសេដ្ឋកិច្ច និងសមត្ថភាពយោធាក៏ដោយ វាមានការសង្ស័យតិចតួចប៉ុណ្ណោះដែលថា តើប្រទេសចិននឹងអាចតាមទាន់សហរដ្ឋអាមេរិកដោយក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក និងអាចអភិវឌ្ឍអាវុធបច្ចេកវិទ្យាទំនើបនៅឆ្នាំ ២០៣០ បានដែរឬយ៉ាងណានោះ។

ទោះជាយ៉ាងណាក៏ដោយ វានៅតែមានចម្ងល់ថាតើប្រទេសចិននឹងអាចមានអំណាចពេញលេញ និងខ្លាំងក្លាដូចអាមេរិកបានធ្វើអស់ជាច្រើនទសវត្សមកហើយដែរឬក៏អត់។ ការមានអំណាចខាងយោធា និងសេដ្ឋកិច្ច គឺមិនគ្រប់គ្រាន់ទេសម្រាប់រដ្ឋមួយដើម្បីក្លាយជាអនុត្តរភាពពិភពលោកនោះ វាចាំបាច់ណាស់ក្នុងការមានអំណាចទន់ដើម្បីយកឈ្នះចិត្តប្រជាជន និងប្រទេសដទៃទៀតជាដើម ។ល។ ទោះជាយ៉ាងណា អំណាចទន់ជាបញ្ហាធំសម្រាប់រដ្ឋាភិបាលចិនទាំងក្នុង និងក្រៅប្រទេស ជាញឹកញាប់ វាតែងតែជ្រើសរើសយកឈើ ជាជាងការ៉ុត។ និយាយជាសកល ប្រទេសចិនក៏ត្រូវបានហ៊ុំព័ទ្ធដោយសត្រូវ ដូចជា ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងឥណ្ឌាជាដើម ដែលប្រទេសនេះតែងតែមានជម្លោះដែនដីជាមួយចិនរហូតមកដល់សព្វថ្ងៃនេះ។ ដោយឡែក ប្រទេសរុស្ស៊ីគឺជាសម្ព័ន្ធមិត្តចិនតែមួយគត់បន្ទាប់ពីសង្គ្រាមត្រជាក់ ហើយមេដឹកនាំទីក្រុងម៉ូស្គូបាន ពិពណ៌នាមិត្តភាពរបស់ពួកគេថាជា “មិត្តសំឡាញ់” និងនៅតែបន្តមិត្តភាពដូចដើម។

ខណៈចិនជាប្រទេសដឹកនាំដោយបក្សកុម្មុយនិស្ត វាបាននិងកំពុងប្រឈមនឹងការគំរាមកំហែងពីសំណាក់ប្រជាជននៅក្នុងប្រទេស ក៏ដូចជាជនជាតិភាគតិចដទៃទៀតផងដែរនៅស្ទើតែពាសពេញផ្ទៃប្រទេស ក្នុងការទាមទាតម្រូវការសេរីភាពបន្ថែមទៀត។ ភស្ដុតាងដែលបានមកពីកុបកម្មនៅទីលានធានអានមិននៅឆ្នាំ១៩៩១ និងនៅហុងកុងនៅឆ្នាំ២០១៩ បានបង្ហាញថា ការបង្រួបបង្រួមជាតិនៅតែជាបញ្ហានៅក្នុងប្រទេសចិន។ លើសពីនេះ ទោះបីមានការបង្រ្កាប និងបញ្ជូនជនជាតិភាគតិចទៅជំរុំអប់រំក៏ដោយ វាមិនបានធ្វើអ្វីច្រើនដើម្បីលើកកំពស់អត្តសញ្ញាណ និងអំណាចទន់របស់ចិនទេ។ តែវាគ្រាន់តែជាការបង្កើនការព្រួយបារម្ភបន្ថែមទៀតទៅលើបញ្ហាសិទ្ធិមនុស្ស រួមទាំងបញ្ហាប្រជាធិបតេយ្យតែប៉ុណ្ណោះ៕

ប្រភព៖ Freedom House
ប្រភព៖ Freedom House

បទវិភាគ៖ លោក រ៉ឹម សុខវី

ប្រភពរូបភាព៖ DW

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត